ខ្មែរប៉ុស្ដិ៍ Close

    គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបត្រូវបានបែងចែកជាបួនប្រភេទ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1228
    គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបត្រូវបានបែងចែកជាបួនប្រភេទគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាបត្រូវបានបែងចែកជាបួនប្រភេទ

    ផ្លូវថ្នល់ចំនួន៣៨ខ្សែ ដែលកំពុងដំណើរការស្ថាបនានៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បើតាមគម្រោង ត្រូវបែងចែកជាបួនប្រភេទ
    ដោយសារគម្រោងនេះផ្ដោតសំខាន់លើគុណភាព និងប្រសិទ្ធភាព ។

    លោក អ៉ឹម វិបុល ប្រធាននាយកដ្ឋានប្រព័ន្ធលូទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ គឺប្រភេទទី១ ចាក់បេតុងកម្រាស់២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC)ពីលើទេ ។ ប្រភេទទី២ ចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរណ៍និងការដឹកជញ្ជូន ។ ប្រភេទទី៣ ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ដោយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤ អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រពីលើតែម្ដង ដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ ស្របតាមទំហំចរាចរណ៍និងការដឹកទំនិញធ្ងន់ឬស្រាល ។

    លោកបន្តថា ផ្លូវទាំង៣៨ខ្សែនឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី, ផ្លូវថ្មើរជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, សួនច្បារនិងការដាំដើមឈើលម្អតាមដងផ្លូវជាដើម ។

    លោកបានបន្ថែមទៀតថា អង្គភាពដែលទទួលបានសិទ្ធស្ថាបនាផ្លូវរួមមាន ៖ ១. កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ២. កងវិស្វកម្ម១០៨ , ៣. នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ , ៤. នាយកដ្ឋានជួសជុលនិងថែទាំផ្លូវ , ៥. អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និង៦. មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបផងដែរ ។

    សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកាសន្សំប្រមាណពី ១០០លានដុល្លារអាមេរិកទៅ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ហើយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ក៍បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ ៕

    អត្ថបទទាក់ទង