ខ្មែរប៉ុស្ដិ៍ Close

    បទ​យកការណ៍​៖ ទឹកធ្លាក់​លែង​អង និង​លែង​ឃិន ជាទី​កន្លែង​ដែល​អ្នកទេសចរ​អាច​ភ្លក់​រសជាតិ​ម្ហូប​ជនជាតិភាគតិច​នៅ​ខេត្តមណ្ឌលគិរី​

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1602
    បទ​យកការណ៍​៖ ទឹកធ្លាក់​លែង​អង និង​លែង​ឃិន ជាទី​កន្លែង​ដែល​អ្នកទេសចរ​អាច​ភ្លក់​រសជាតិ​ម្ហូប​ជនជាតិភាគតិច​នៅ​ខេត្តមណ្ឌលគិរី​បទ​យកការណ៍​៖ ទឹកធ្លាក់​លែង​អង និង​លែង​ឃិន ជាទី​កន្លែង​ដែល​អ្នកទេសចរ​អាច​ភ្លក់​រសជាតិ​ម្ហូប​ជនជាតិភាគតិច​នៅ​ខេត្តមណ្ឌលគិរី​

    ​នៅពេល​អ្នកទេសចរ​ទៅលេង​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន អ្នកទេសចរ​តែង​ស្រមៃ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ជនជាតិភាគតិច​ដែល​ចម្អិន​ក្នុង​បំពង់​ឫស្សី ជាពិសេស​សម្ល​ព្រោង​របស់​ជនជាតិ​ព្នង​។ ម្ហូប​ទាំងនេះ ទោះបី​ទៅដល់​ខេត្តមណ្ឌលគិរី​ក៏ដោយ អាច​ពិបាក​រក​បន្តិច បើ​មិន​ស្គាល់​កន្លែង​ទេសចរណ៍​ណាមួយ​ដែល​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ជនជាតិដើម​ទេនោះ​។ បច្ចុប្បន្ន អ្នកទេសចរ​អាច​កុម្ម៉ង​ម្ហូប​នេះ​បាន​នៅ​ទឹកជ្រោះ​លែង​អង និង​លែង​ឃិន ស្ថិតនៅ​ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ សម្រាប់​ទីកន្លែង​នោះ​ហើយ​ដែល​ភ្ញៀវទេសចរ​មិន​ត្រឹមតែ​អាច​រំសាយ​អារម្មណ៍ បំបាត់​កង្វល់​នឹង​សម្រស់​ធម្មជាតិ ទឹកជ្រោះ ព្រៃព្រឹក្សា ល​តាវ​ល្លិ៍ ប៉ុណ្ណោះ​ទេ គេ​អាច​នឹង​ស្គាល់​រសជាតិ​ម្ហូប​មិន​ធ្លាប់​ជួប​របស់​ជនជាតិ​ព្នង​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ថែម​ទៀតផង​។​

    ​ពេលធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ហួស​សាលាស្រុក​អូររាំង ប្រមាណ​១០០​ម៉ែត្រ នៅ​ខាងឆ្វេង​ដៃ​មាន​ផ្លូវលំ​ដីក្រហម​មួយ​ចម្ងាយ​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ ឆ្ពោះទៅ​ទឹកធ្លាក់​លែង​អង និង លែង​ឃិន​។ មុន​ទៅដល់​ទឹកធ្លាក់​លែង​អង និង​លែង​ឃិន អ្នកទេសចរ​ប្រាកដជា​ឃើញ​ទេស ភាព​ព្រៃភ្នំ​ធំ​ល្វឹងល្វើយ អម​សងខាង​ផ្លូវដី​ពណ៌​ក្រហម​លើ​ខ្នងភ្នំ និង​ជម្រាលភ្នំ ដែល​ទាក់ទាញ​ធ្វើឱ្យ​ភ្ញៀវទេសចរ អាច​ឈប់​រថយន្ត ឬ​ម៉ូតូ​ចុះ​ផ្តិត​យក​រូបភាព​វាលស្មៅ​ពណ៌​បៃតងខ្ចី ព្រម ទាំង រំលេច​ពណ៌ ខៀវស្រងាត់​នៃ​ព្រៃព្រឹក្សា​មើល​ពី​ចម្ងាយ​។​

    ​ដោយ​ធ្វើដំណើរ​ឆ្លង​វាល​កាត់​ភ្នំ កាត់​ព្រៃ កាត់​ទី​ខ្ពស់ ទី​ទាប និង​ទំនាប មិនយូរប៉ុន្មាន​គេ​នឹង​ទៅដល់​តំបន់​ទឹកធ្លាក់ លែង​អង និង​លែង​ឃិន មាន​ជនជាតិភាគតិច​ព្នង​រំលេច​ដោយ​សម្លៀកបំពាក់​បែប​ប្រពៃណី​ជនជាតិភាគតិច​ចេញមក​ស្វាគមន៍ មើលទៅ​ស្រស់ស្អាត​ប្លែក​ភ្នែក ដូច បទ​ចម្រៀង​ថា បុប្ផា​ព្រៃភ្នំ ស្រស់បំព្រង​ពិតប្រាកដ​មែន​។​
    ​ទឹកមុខ​ប៉ប្រិម​ញញឹម​ពព្រាយ​លាយ​ដោយ​ទឹកដប​សំនៀង​ជនជាតិភាគតិច លោក តែ​ប ខ្វើ​ត ប្រធាន​សហគមន៍​ភូមិ​ពូ​ហ្យា​ម និង​មាន​តួនាទី​មើល​ខុសត្រូវ​សហគមន៍​ទឹកធ្លាក់​លែង​អង​និង​លែង​ឃិន​ផង​បានឱ្យដឹងថា លោក​រីករាយ​ណាស់​នៅពេល​ឃើញ​ភ្ញៀវទេសចរ​មកលេង​សហគមន៍​របស់លោក​ច្រើន​។ លោក​ថា ភ្ញៀវ​មក​សហគមន៍​នេះ​ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនា​ដោយ​ភ្ញៀវ​ខ្មែរ​ម្នាក់​១​ពាន់​រៀល ចំណែកឯ​ភ្ញៀវ​បរទេស​ម្នាក់​៥​ពាន់​រៀល ហើយ​បើ​ចង់​ភ្លក់​ម្ហូប​ជនជាតិភាគតិច​ទៀត​ទាល់តែ​កា​ម្ម៉​ង់​ទុក​មុន​ទើប​អាច​បាន​ហូប​។

    ​ប្រធាន​សហគមន៍​រូប​នោះបាន​បញ្ជាក់ថា «​ភ្ញៀវ​អាច​កា​ម្ម៉​ង់​មុន​ទើប​អាច​រៀបចំ​ម្ហូប​ឱ្យបាន ព្រោះ​ម្ហូប​នេះ​មិន​អាចធ្វើ​ទុក​ផ្តេសផ្តាស​បានទេ ព្រោះ​បើ​ធ្វើ​ទុក​មុនពេល​អត់​ភ្ញៀវ​មក​នាំឱ្យ​ខាត ខណៈ​សហគមន៍​រកចំណូលបាន​កម្រិត​ទាប​នៅឡើយ​»​។
    ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ជនជាតិភាគតិច​ព្នង​លោកស្រី ស្រឿ​ន សែន សមាជិក​សហគមន៍​បានឱ្យដឹងថា ពេល​មាន​បុណ្យទាន​ភ្ញៀវ​មក​ច្រើន តែ​ថ្ងៃ​ធម្មតា​អាចមាន​ពីរ​ទៅ​បី​ក្រុម​ដោយ​មួយក្រុមៗ​មាន​គ្នា​ដប់​ទៅ​ម្ភៃ​នាក់ មក​មើល​ទឹកធ្លាក់ ទស្សនា​ដើមឈើ​ធំៗ ស្តាប់​សំនៀង​រៃ​យំ លាន់​ទ្រហឹង​អ៊ឺ​ង​កងរំពង​ពេញ​ព្រៃ​។ លោកស្រី​បានឱ្យដឹង​បន្ថែមថា នៅទីនេះ​មាន​សម្ល ជនជាតិ​ពិសេសៗ​ដូចជា​សម្ល​ព្រោង ចម្អិន​ក្នុង​បំពង់​ឫស្សី បុក​ខ្ទឹម​ដាក់​បំពង់​ឫស្សី និង​ស្ល​បុក​ដាក់​ឆ្នាំង​។ សម្ល​ព្រោង​មាន​គ្រឿងផ្សំ​ពី​បន្លែ​ព្រៃ​ដូច​ត្រួយ​ផ្តៅ និង​បន្លែ​ស្រុក​មាន​ត្រប់ស្រួយ ល្ពៅ សណ្តែកកួរ​ជាដើម បូក​នឹង​សាច់ជ្រូក​ព្រៃ ប៉ុន្ដែ​បច្ចុប្បន្ន​ប្រើ​សាច់គោ​ជំនួស​វិញ​ដើម្បី​ចូលរួម​អភិរក្ស​សត្វព្រៃ​។​
    ​ចំពោះ​តម្លៃ​វិញ សម្ល​មួយ​បំពង់​តូច​បូក​នឹង​បាយ​មួយកញ្ចប់​ពីរម៉ឺន​រៀល សម្ល​បំពង់​ធំ​បូក​នឹង​បាយ​មួយកញ្ចប់​បួន​ម៉ឺន​រៀល​។ ចំពោះ​អ្នក​បាន​ភ្លក់​រសជាតិ​សម្ល​ជនជាតិ​ហើយ​និយាយថា តម្លៃ​និង​រសជាតិ​អាច​ទទួលយកបាន ព្រោះ​គ្រឿងផ្សំ​ទម្រាំ​ធ្វើបាន​មិន​ងាយ​ប៉ុន្មាន​ទេ ត្រូវ​ចូល​ព្រៃ​ស្វែងរក​ឆ្ងាយ​ទម្រាំ​នឹង​បាន​។

    ​លោក យ៉ង សុភា អ្នកសារព័ត៌មាន​ប្រចាំ​ទូរទស្សន៍​CNC​ដែល​បាន​ភ្លក់​រសជាតិ​សម្ល ព្រោង និង​បុក​ខ្ទី​ម​ហើយ​បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ស្គាល់​រសជាតិ​ម្ហូប​នឹងធ្វើ​ឱ្យ​លោក​ចងចាំ​នឹក​ដល់​ជនជាតិភាគតិច​។ លោក​សង្ឃឹមថា នឹង​បាន​ហូប​សម្ល​របស់​ជនជាតិ​ភាគតិច​នៅ​ថ្ងៃ​ណាមួយ​ម្តងទៀត​។ «​ខ្ញុំ​ពិតជា​អាច​ញ៉ាំ​ម្ហូប​បែបនេះ​បាន យូរៗ​ញ៉ាំ​ម្តង​ឆ្ងាញ់​ហើយ​ចងចាំ​ជានិច្ច​ដល់​បងប្អូន​ជនជាតិភាគតិច​នៅទីនេះ​»​។ លោក យ៉ង សុភា បានបញ្ជាក់​បន្ថែម​។​
    ​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា នៅ​ទូទាំង​ខេត្តមណ្ឌលគិរី មាន​ធនធាន និង​តំបន់​ទាក់ទាញ​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ អាច​ទៅដល់​មាន​ចំនួន ៣៦ កន្លែង ក្នុងនោះ មាន​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ តំបន់​រមណីយដ្ឋាន​វ​ប្ប​ធម៌​ជនជាតិដើម​ភាគ តិច តំបន់ភ្នំ តំបន់​ទេសភាព ភូមិ​ជនជាតិ សមុទ្រ​ឈើ សហគមន៍​ទេសចរណ៍ ដែនជម្រកសត្វព្រៃ និង​មាន​អាកាសធាតុ​ត្រជាក់​។​ល​៕