ខ្មែរប៉ុស្ដិ៍ Close

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជួបប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមប្រព័ន្ធវីដេអូ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1074
    នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជួបប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមប្រព័ន្ធវីដេអូនាយឧត្ដមសេនីយ៍ វង្ស ពិសេន ជួបប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមប្រព័ន្ធវីដេអូ

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមរយៈប្រព័ន្ធវីដេអូ។

    នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ជំនួបទ្វេភាគីនេះបានបង្ហាញពីការតាំងចិត្ត និងអនុលោមទៅតាមស្មារតីនៃកិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៤ ដែលបានឯកភាពគ្នា ក្នុងការបង្កើតឲ្យមានជំនួបប្រចាំឆ្នាំ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ អគ្គមេបញ្ជាការ បញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើន ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

    លោក វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃ ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍន៍សមត្ថភាពយោធិន នៃកងយោធលខេមរភូមិន្ទ តាមរយៈការជួយបណ្តុះបណ្ដាល រួមនឹងកិច្ចសហការដោះមីន និងការទប់ស្កាត់បទល្មើសនានា តាមព្រំដែនជាដើម។ លោកក៏បានថ្លែងអំណរគុណដល់ភាភីថៃ ដែលក្នុងស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ ថៃនៅបានជួយសម្រួលដល់ពលរដ្ឋកម្ពុជាឆ្លងដែនចូលទៅព្យាបាលជំងឺ និងការទទួលយកពលករស្របច្បាប់កម្ពុជា ឲ្យទៅបំពេញការងារនៅប្រទេសថៃវិញ។

    លោក សង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរពត៌មានចារកិច្ច និង ពង្រីកនូវកិច្ចសហប្រតិបត្តិការ និងធ្វើលំហាត់សមយុទ្ធរួមគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត ពិសេស លំហាត់ទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសង្រ្គោះគ្រោះមហន្តរាយ។

    ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានគូសបញ្ជាក់ថា៖ ក្នុងស្ថានភាពបច្ចុប្បន្នដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩ ប្រទេសថៃបានកត់សម្គាល់ដល់ការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃបានជួយសម្រួលឲ្យពលរដ្ឋកម្ពុជាចូលមកព្យាបាលជំងឺ បើទោះជាមានការបិទព្រំដែនក៏ដោយ។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានបន្តថា មកដល់ពេលនេះប្រទេសថៃមានវិធានការតឹងរ៉ឹងទប់ស្កាត់មិនឲ្យមានឆ្លងទៅដល់ពលករកម្ពុជា និងសូមឲ្យកម្ពុជាមានការជឿជាក់លើចំណាត់ការនេះ ក្នុងករណីមានអ្នកឆ្លងជំងឺកូវីដ-១៩ ភាគីថែនឹងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីការពារសុវត្ថិភាពក្នុងប្រទេសថៃ។ នាឱកាសនោះដែរ ក្នុងនាមអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមថៃ ដើម្បីសិក្សាភាសាខ្មែរជារៀងរាល់ឆ្នាំ។

    លើបញ្ហារួមនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នាយឧត្ដមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាត បានលើកឡើងពីបញ្ហាគ្រាប់មីន ដែលភាគីថៃមានគម្រោងកំចាត់មីនតាមព្រំដែនឲ្យអស់នៅឆ្នាំ២០២០ ប៉ុន្តែដោយមានការស្នើសុំពីភាគីកម្ពុជាលើមូលហេតុនៅតំបន់មួយចំនួនពុំទាន់បានដោះស្រាយបោះបង្គោលព្រំដែនរួចរាល់នោះ គម្រោងនេះក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូច្នេះភាគីថៃបានស្នើសុំឲ្យមានកិច្ចសហការពីភាគីកម្ពុជាឡើងវិញ ដោយភាគីថៃចាត់ទុកបញ្ហានេះជាកិច្ចការមនុស្សធម៌ និងដើម្បីរក្សាសុខសុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរផងដែរ៕

    អត្ថបទទាក់ទង