ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីប្រវត្តិនៃ «ទីផ្សារមូលបត្រ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 3449
ស្វែងយល់ពីប្រវត្តិនៃ «ទីផ្សារមូលបត្រ» ស្វែងយល់ពីប្រវត្តិនៃ «ទីផ្សារមូលបត្រ»

នាពេលបច្ចុប្បន្ន ទីផ្សារមូលបត្រកំពុងមានការពេញនិយមយ៉ាងខ្លាំងនៅតាមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ខណៈនៅកម្ពុជាក៏មានការចូលរួមគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែតើអ្នកដឹងទេថា ទីផ្សារមូលបត្រនេះមានប្រវត្តិកកើតឡើងតាំងពីពេលណា ហើយនៅឯណា?

ទីផ្សារភាគហ៊ុនមានប្រវត្តិកើតឡើងដំបូងនៅលើទឹកដីអឺរ៉ុប ចាប់តាំងពីដើមសតវត្សរ៍ទី១៧ ដោយនៅគ្រិស្ដសករាជ ១៦០២ មានអ្នកជំនួញពាណិជ្ជកម្មជាច្រើននៅទីក្រុងអាំស្ទែដាំ សាធាណរដ្ឋហូឡង់ បានចាប់ផ្តើមចេះបង្កើតសហគ្រាសធំៗ និងប្រកបអាជីវកម្មខ្នាតធំដែលត្រូវការដើមទុនច្រើន ប៉ុន្តែពួកគេបែរជាជួបនូវបញ្ហាខ្វះទុនពង្រីកសហគ្រាស និងអាជីវកម្មរបស់ខ្លួន។ ពួកគេក៏ចាប់ផ្តើមមានគំនិតបើកឱ្យមានការសន្សំដើមទុនរួម ហើយអ្នកជំនួញទាំងអស់ក៏បានប្រមូលយកប្រាក់សន្សំទាំងនោះទៅធ្វើវិនិយោគទុនរួម ដើម្បីសហការធ្វើជាដៃគូពាណិជ្ជកម្មជាមួយគ្នា ដែលមានចំណែកភាគហ៊ុនរៀងៗខ្លួននៅក្នុងអាជីវកម្មខ្នាតធំនោះ។

ចំណែកឯក្រុមហ៊ុនវិនិយោគទុនរួមដំបូងគេបង្អស់ គឺមានដើមកំណើតនៅប្រទេសនែតដឺរលែន (ហូឡង់) ដោយក្រុមហ៊ុននេះបានចូលរួមដោះស្រាយនូវវិបត្តិហិរញ្ញាវត្ថុជូនដល់ម្ចាស់ជីវកម្មទាំងអស់។

បន្ទាប់មក ក្រុមហ៊ុនហូឡង់ឥណ្ឌាបូព៌ា (The Dutch East India) បានចាប់ផ្ដើមបោះផ្សាយក្រដាសដែលតំណាងឱ្យភាគហ៊ុនជាលើកដំបូង ដើម្បីជួញដូរទិញលក់ជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ហើយវាបានរីករាលដាលទៅដល់ប្រទេសព័រទុយហ្កាល់ អេស្ប៉ាញ បារាំង ចក្រភពអង់គ្លេសជាដើម។ ពួកគេបានចាប់ផ្តើមបង្កើតឱ្យមានការលក់ភាគហ៊ុន ដើម្បីជាឧបករណ៍ក្នុងការប្រមូលដើមទុនយកទៅពង្រីកមុខជំនួញរបស់គេ រហូតធ្វើឱ្យមានចរន្តនៃបដិវដ្តឧស្សាហកម្មលើកដំបូង នាសតវត្សរ៍ទី១៨។

រហូតដល់គ្រិស្ដសករាជ ១៧៧៣ ការជួញដូរភាគហ៊ុនកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ អ្នកជំនួញមកពីគ្រប់ទីកន្លែងក៏បានមកជួបជុំគ្នាក្នុងហាងកាហ្វេក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយពួកគេបានសម្រេចចិត្តប្រែឈ្មោះហាងកាហ្វេនោះទៅជាទីផ្សារភាគហ៊ុន ដែលមានឈ្មោះថា The London Stock Exchange ដោយបានរៀបចំឱ្យមានការគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ។

រហូតដល់គ្រិស្ដសករាជ ១៧៩០ គំនិតនៃការបង្កើតទីផ្សារមូលបត្រនេះ ក៏បានរីករាលដាលដល់សហរដ្ឋអាមេរិក ហើយបន្តសាយភាយទៅដល់ប្រទេសផ្សេងៗនៅលើពិភពលោករហូតដល់បច្ចុប្បន្ន៕ Fresh News

អត្ថបទទាក់ទង