ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត នៅតាមគ្រឹះស្ថានសិក្សា ទាំងអស់នាពេលខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1244
ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត នៅតាមគ្រឹះស្ថានសិក្សា ទាំងអស់នាពេលខាងមុខក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត នៅតាមគ្រឹះស្ថានសិក្សា ទាំងអស់នាពេលខាងមុខ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព នៅពេលខាងមុខ ដើម្បីលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាទាំងអស់ យកចិត្តទុកដាក់រៀបចំបរិស្ថានសាលាឱ្យបានស្អាត ។

លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែនាពេលខាងមុខ ដោយបានផ្តល់ ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ទូទាំងប្រទេសចាប់ពីកម្រិតមត្តេយ្យ សិក្សា ដល់ថ្នាក់ទី១២ ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។

លោក រស់ សុវាចា

លោកបានបញ្ជាក់ថា កម្មវិធីនេះ ក៏ជាការលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់រៀបចំបរិស្ថាន អនាម័យ ដើម្បីជាចំណែកមួយក្នុងការលើកកម្ពស់ គុណភាពលើវិស័យអប់រំនៅកម្ពុជា។

«ការផ្ដួចផ្តើមបង្កើតកម្មវិធីនេះឡើង ក្នុងគោលដៅលើកទឹកចិត្តគ្រឹះស្ថានសិក្សា ទាំងអស់ ឱ្យយកចិត្តទុកដាក់ រៀបចំបរិស្ថានសាលាឱ្យបានស្អាត មានអនាម័យ មានខ្យល់ អាកាសល្អបរិសុទ្ធ អំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ដែលជាចំណែកមួយក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»

លោកបានបន្ថែមថា ជ័យលាភីនឹងប្រកាសជារៀងរាល់ខែ សម្រាប់សាលាដែលមានបរិស្ថានស្អាតជាងគេ ហើយនឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡា។

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ ក៏បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាសាធារណៈនានាទូទាំងប្រទេស ត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងខាងលើ ដោយព័ត៌មានលម្អិត និងលក្ខខណ្ឌនៃកម្មវិធីប្រកួត នឹងជម្រាបជូននៅពេលក្រោយ៕