ខ្មែរប៉ុស្ដិ៍ Close

    កសិករដាំម្រេចក្នុងខេត្តមណ្ឌលគិរី អនុវត្តប្រើជន្លង់ឈើរស់ ជំនួសឈើកាប់ពីព្រៃធម្មជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1852
    កសិករដាំម្រេចក្នុងខេត្តមណ្ឌលគិរី អនុវត្តប្រើជន្លង់ឈើរស់ ជំនួសឈើកាប់ពីព្រៃធម្មជាតិកសិករដាំម្រេចក្នុងខេត្តមណ្ឌលគិរី អនុវត្តប្រើជន្លង់ឈើរស់ ជំនួសឈើកាប់ពីព្រៃធម្មជាតិ

    វិធីសាស្ត្រដាំដើមច្រេសដើម្បីឱ្យវល្លិម្រេចវារតោង ត្រូវបានកសិករប្រមាណជិត១០០គ្រួសារនៅក្នុងខេត្តមណ្ឌលគិរី ចាប់អនុវត្តសាកល្បង ក្នុងគោលបំណងជំនួសឈើកាប់ពីព្រៃធម្មជាតិ។

    លោក ឆាយ ឈុនអេង កសិករដាំម្រេចនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាតា ខេត្តមណ្ឌលគិរី កំពុងអនុវត្តការដាំកូន ដើមច្រេស ទន្ទឹមគ្នានឹងជន្លង់ឈើក្រាក់ ដើម្បីឱ្យវល្លិម្រេចវារតោងឡើង នៅក្នុងទំហំដី១ហិកតា បន្ទាប់ពីទទួលការបណ្តុះបណ្តាល និងបច្ចេកទេសពីអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ក្នុងបំណងកាត់បន្ថយសម្ពាធ ទៅលើការប្រើប្រាស់ឈើដែលទាញពីព្រៃធម្មជាតិ។

    កសិកររូបនេះបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨មក នៅក្នុងចម្ការម្រេចរបស់លោកៗបានអនុវត្តសាកល្បងនូវការដាំកូនដើមច្រេស​ធ្វើជាជន្លង់ចំនួន៥០០ដើមរួចមកហើយ។ លោកថា ការដាំជន្លង់រស់នេះ ដើម្បីកាត់បន្ថយការកាប់ព្រៃឈើ មកធ្វើជាជន្លង់ និងម្យ៉ាងទៀត ស្លឹក ឬម្លប់របស់វា ក៏អាចជាគម្រមសម្រាប់រក្សាសំណើមដី និងពន្លឺព្រះអាទិត្យ ជំនួសដោយការបាំងស្បៃ ព្រមទាំងអាចយកធ្វើជីកំប៉ុស ដែលជួយឱ្យម្រេចទទួលបានទិន្នផលខ្ពស់ផងដែរ។ លោក ឆាយ ឈុនអេង បន្តថា បើសិនជាដាំជន្លង់ដោយប្រើឈើក្រាក់ លោកត្រូវចំណាយថវិកាក្នុងការទិញពីផ្សារក្នុងមួយដើម ១២.០០០រៀល ហើយរៀងរាល់៥ឆ្នាំម្តង ត្រូវផ្លាស់ប្តូរចេញ ដោយសារវាពុកផុយ ប៉ុន្តែនៅពេលប្រើបច្ចេកទេសដោយដាំដើមច្រេសធ្វើជាជន្លង់ជំនួសវិញ ទទួលបានទាំងតម្លៃថោក និងមានអាយុកាលយូរអង្វែង។

    លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ កម្មវិធីរបស់អង្គការ WWF បានជួយសហគមន៍ដាំម្រេចចំនួន៧០គ្រួសារ ដើម្បីឱ្យពួកគាត់យល់ដឹង និងចេះពីបច្ចេកទេសដាំដើមច្រេសធ្វើជាជន្លង់ជំនួសប្រើឈើក្រាក់ ដែលចូលទៅកាប់ពីព្រៃឈើធម្មជាតិ។ លោកបន្តថា ក្នុងឆ្នាំ២០២១នេះ គម្រោងនឹងពង្រីកការអនុវត្តបច្ចេកទេសដាំដុះនេះបន្ថែម៦០គ្រួសារទៀត។ លោកបញ្ជាក់ថា ការជំរុញឱ្យកសិករចម្ការម្រេចប្រើបច្ចេកទេសនេះ បន្ទាប់ពីការសិក្សាបានបង្ហាញថា ឈើជន្លង់ម្រេចជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ព្រៃល្បោះ ដោយនៅក្នុងនោះ ចម្ការម្រេច១ហិកតា ត្រូវការជន្លង់ឈើប្រហែល១.៧០០ដើម ហើយបើធៀបនឹងឈើដែលត្រូវចូលទៅកាប់ក្នុងព្រៃធម្មជាតិ គឺអស់ប្រហែល៧ហិកតា។

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន គាំទ្រចំពោះការអនុវត្តនូវបច្ចេកទេសដាំដុះនេះ និងបានលើកទឹកចិត្តដល់ម្ចាស់ចម្ការម្រេចដទៃទៀតអនុវត្តនូវវិធីសាស្ត្រដែលជួយកាត់បន្ថយសម្ពាធទៅលើការប្រើឈើធម្មជាតិ។

    ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មាន បំពេញទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ បាននិងកំពុងជំរុញ និងគាំទ្រឱ្យមានដំណោះស្រាយទៅលើការកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ ដូចជា ការអនុវត្តដាំដើមច្រេសធ្វើជាជន្លង់ជំនួសប្រើឈើក្រាក់ និងការដាំចម្ការឈើដាំ ដែលអាចដកហូតយកទៅប្រើប្រាស់បាន ដោយមិនចាំបាច់ចូលទៅកាប់ឈើធម្មជាតិ។

    បច្ចុប្បន្ន ការដាំម្រេចនៅទូទាំងប្រទេសកម្ពុជា មាននៅខេត្តកំពត កែប ត្បួងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ខេត្តពោធិ៍សាត់ ជាដើម ដោយដំណាំនេះ ត្រូវបានកសិករ ឬ ម្ចាស់ចម្ការប្រើប្រាស់ឈើជន្លង់ជាប្រភេទឈើក្រាក់រាប់ម៉ឺនដើម សម្រាប់ឱ្យម្រេចវារតោងឡើង ដែលកត្តានេះ ត្រូវបានអ្នកជំនាញលើកឡើងថា ជាផ្នែកមួយដែលធ្វើឱ្យកម្ពុជាបាត់បង់ព្រៃឈើធម្មជាតិ និងទាមទារឱ្យមានវិធានការដោះស្រាយជាបន្ទាន់៕

    អត្ថបទទាក់ទង