ខ្មែរប៉ុស្ដិ៍ Close

ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ត្រូវបាន តភ្ជាប់ មុខតំណលូញី-ឈ្មោល បញ្ចូលគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1002

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០២១ នេះ បានដឹកនាំកិច្ចប្រជុំ បច្ចេកទេសស្ដីពីការតភ្ជាប់មុខតំណលូ និងបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប។

ក្រសួងសារធារណការបានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងគោលបំណង ស្ដាប់មន្ត្រីជំនាញ ធ្វើបទបង្ហាញ ពីបច្ចេកទេស តភ្ជាប់ មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងក៏ជាវេទិកា សួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេស តភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណងលូ ធ្វើឡើងត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ប្រកប ដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់ នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវ តាម បទដ្ឋានបច្ចេកទេស និងការប្រើប្រាស់សម្ភារប្រកបដោយគុណភាពខ្ពស់ ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។

រដ្ឋមន្ត្រី បានសម្តែង នូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារប្រកប ដោយទំនួលខុសត្រូវខ្ពស់ របស់អង្គភាពសាងសង់នីមួយៗ និងបានផ្ដាំផ្ញើឱ្យក្រុមការងារ ទទួលបន្ទុក និងមន្ត្រីបច្ចេកទេស ទាំងអស់បន្តសហការគ្នាឱ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេស រួមគ្នាពិភាក្សា ស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។

សូមជម្រាបជូនថា៖ នៅថ្ងៃស្អែកទី២៨ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីនឹងដឹកនាំក្រុមការងារ ដើម្បីអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវឌ្ឍន ភាព ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង៣៨ខ្សែនេះ៕ SRP

អត្ថបទទាក់ទង