ខ្មែរប៉ុស្ដិ៍ Close

    កត្តាចម្បងចំនួន ៣ ជំរុញដល់ការស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1294
    កត្តាចម្បងចំនួន ៣ ជំរុញដល់ការស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោកកត្តាចម្បងចំនួន ៣ ជំរុញដល់ការស្នើដាក់តំបន់ភ្នំត្បែង ក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោក

    លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែង ត្រូវបានរៀបចំស្នើដាក់ក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ (UNESCO) បន្ទាប់ពីតំបន់ទេសភាពមួយនេះ មានលក្ខណៈសម្បត្តិទាំងផ្នែកប្រព័ន្ធអេកូឡូស៊ី និងជំនឿបែបសាសនា។

    ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះសិក្សាស្វែងយល់ពីសក្តានុពលនៃតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែង កាលពីចុងសប្តាហ៍នេះ លោកបានបញ្ជាក់ថា ការស្នើសុំដាក់តំបន់ការពារធម្មជាតិនេះ ទៅក្នុងបញ្ជីត្រៀមនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺដោយសារកត្តាចម្បងចំនួន៣ដូចជា៖ ទី១) ជាកន្លែងទីសក្ការៈបូជា និងជំនឿដ៏សក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន, ទី២) មានសក្តានុពលទៅលើធនធានធម្មជាតិ និងជីវចម្រុះ ដូចជាប្រភេទសត្វកម្រ មានសត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ និងសត្វផ្សេងៗទៀតដែលជាប្រភេទសត្វកម្រ, និងទី៣) ជាទីតាំងទេសចរណ៍ដ៏មានសក្កានុពល។

    អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា តំបន់បេតិកភណ្ឌវប្បធម៌នេះ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានការផ្សារភ្ជាប់នូវប្រវត្តិសា្រស្ត វប្បធម៌ និងសាសនា និងមានសក្តានុពល ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងៗទៀតមានដូចជា៖ ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ។

    រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានជំរុញកិច្ចការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីនៅតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំត្បែងនេះ សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ដោយសារវាមានគុណតម្លៃ ផ្នែកធម្មជាតិ ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ វប្បធម៌ និងជំនឿ។

    តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួន៥ នៃខេត្តព្រះវិហារ គឺស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិ ជាមួយទឹកជ្រោះចំនួន៣ដំណាក់ តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចម្ការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដោយអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ ១,៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែង គឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជាតាមជំនឿ ដោយសារមានថ្មចំនួន៣ដុំនៅលើនោះ។

    បើតាមការបញ្ជាក់របស់លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្នតំបន់បេតិកភណ្ឌធម្មជាតិនេះ បានក្លាយជាទីចាប់អារម្មណ៍នៃទេសចរជាតិ និងអន្តរជាតិ សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និងការបោះតង់ជាក្រុម។ ភ្ញៀវទេសចរទៅកាន់តំបន់នេះ ត្រូវបានសម្រួល ទាំងការធ្វើដំណើរឡើងចុះ ការការពារសុវត្ថិភាពក្នុងពេលស្នាក់នៅជាដើម។

    លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងដែលបានប្រកាសជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ នៅខែកញ្ញា ឆ្នាំ២០១៦កន្លងមក គឺមានការបោះបង្គោលសម្គាល់ ជាតំបន់ការពារមិនឱ្យពលរដ្ឋចូលកាន់កាប់បានជាង៤០បង្គោលរួចហើយ និងត្រៀមបោះឱ្យបានចំនួន ១៣បង្គោលបន្ថែមទៀត ក្រោមការជួយជ្រោមជ្រែងពីគម្រោងព្រៃឡង់បៃតងរបស់ភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និងនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ធម្មជាតិ នៃក្រសួងបរិស្ថាន។ លោកបានបន្ថែមថា នៅតំបន់ភ្នំត្បែងនេះ មានសហគមន៍ធម្មជាតិចំនួន៣ គឺសហគមន៍ធម្មជាតិចាក់អង្រែ សហគមន៍ធម្មជាតិតាំងយូរ និងសហគមន៍ធម្មជាតិដាតាវឹក ដែលសហគមន៍ទាំងនេះ គឺជាក្រុមបង្គោលដ៏សំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅទីនោះ ជាមួួយនឹងមន្ត្រីឧទ្យានុរក្សចំនួន ១០នាក់ទៀត៕

    អត្ថបទទាក់ទង