ខ្មែរប៉ុស្ដិ៍ Close

    ឆ្នេរនេសាទខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និង ឆ្នេរខ្សាច់សក្បុសដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 4460
    ឆ្នេរនេសាទខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និង ឆ្នេរខ្សាច់សក្បុសដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យឆ្នេរនេសាទខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និង ឆ្នេរខ្សាច់សក្បុសដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរគ្រប់វ័យ

    ឆ្នេរនេសាទក្នុងខេត្តកោះកុងមានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។

    លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រាប់ឱ្យដឹងថា ឆ្នេរនេសាទនេះសម្បូរទៅដោយដើមដូងខ្ពស់ៗដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យ រៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំងដូចពណ៌មាស ដែលស័ក្ដិសមជាទីកន្លែងដ៏ល្អ សម្រាប់ ភ្ញៀវទេសចរមករំសាយរាល់ទុក្ខកង្វល់ទាំងឡាយនាថ្ងៃឈប់សម្រាក ។ លោកបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនោះ ភាគច្រើនជាភ្ញៀវមកពីរាជធានីភ្នំពេញ ដោយសារតំបន់ឆ្នេរនេះមានចម្ងាយជិតជាងគេពីរាជធានីភ្នំពេញ ។ ក្រៅពីនេះ ឆ្នេរនេសាទ ក៏មានកន្លែងកុម្មង់ម្ហូបអាហារនិងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ថែមទៀតផង ។

    «ឆ្នេរនេសាទកំពុងតែទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ភាគច្រើនគឺភ្ញៀវទេសចរពីភ្នំពេញមក គឺគាត់បុកមកឆ្នេរ ច្រើនមែនទែន ហើយសម្រាប់សក្តានុពលឆ្នេរនេះ បើសិនជាតំបន់ឆ្នេរយើងគិតពីភ្នំពេញមកវិញ សម្រាប់តំបន់ឆ្នេរនេះ គឺជិតជាងគេគឺមកដល់ឆ្នេរមុនគេទើបមកដល់ខេត្ត អញ្ចឹងនៅខេត្តកណ្តាលផ្លូវជាតិពីខេត្តកោះកុង ប្រហែលជាពីភ្នំពេញមក គឺប្រហែល១៧០គីឡូម៉ែត្រ ឬ ១៧៥គីឡូម៉ែត្រតែប៉ុណ្ណោះដល់កន្លែងឆ្នេរនេះតែម្ដង ទីនេះបានមានកន្លែងស្នាក់នៅ មានផ្ទះ សំណាក់ មានអាហារដ្ឋាន ដោយកាលពីមុនគឺមានភ្ញៀវគាត់រអ៊ូច្រើនដែរ ដោយសារអត់មានកន្លែងគេង ប៉ុន្តែក្រោយមកឥឡូវ នេះ គឺសម្បូរកន្លែងញ៉ាំនិងសម្បូរកន្លែងគេង» ។

    លោក គីម បូណា រស់នៅរាជធានីភ្នំពេញដែលបានទៅកម្សាន្តនៅឆ្នេរនេសាទ បានឱ្យដឹងថា ឆ្នេរនេសាទមានភាពស្រស់ស្អាត មិនចាញ់ឆ្នេរដទៃនោះឡើយ ដែលធ្វើឱ្យលោកទៅលេងកម្សាន្តម្តងហើយចង់ទៅម្តងទៀតមិនចេះជិនណាយ ហើយអ្វីដែល ពិសេសនោះ គឺមានដើមដូងដុះជាជួរយ៉ាងច្រើនដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ។

    « ឆ្នេរនេសាទនេះគឺខ្ញុំចូលចិត្តទៅ ហើយខ្ញុំក៏ឧស្សាហ៍ទៅដែរ ដោយសារតែពីធ្លាវាស្អាត ស្រឡះ ខ្សាច់សស្អាត ទេសភាពវានិយាយទៅ ពេលល្ងាចថ្ងៃរៀបលិចនោះគឺល្អមែនទែន ហើយចំពោះអាហារហូបចុកនៅទីនោះគឺស្រួលរកមែនទែន នៅទីនោះគេមានលក់គ្រឿងសមុទ្រស្រស់ៗនៅរស់តែម្ដង ហើយនៅពេលស្មុគពីការងារអីគឺឧស្សាហ៍ទៅលេង ចូលចិត្តទៅលេង យើងចង់បោះតង់លេងក៏បានចង់វិលល្ងាចក៏បាន ណាមួយជិតភ្នំពេញផង យើងអាចទៅមកពេលល្ងាចបាន យ៉ាងងាយស្រួល» ។

    សូមបញ្ជាក់ថា ឆ្នេរនេសាទមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ប្រហែល ២៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិលតាមផ្លូវក្រួសក្រហម និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ ៕

    អត្ថបទទាក់ទង