ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដើម្បីស្វែងរកការគាំទ្រការអភិរក្សធនធានធម្មជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1339
    កម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដើម្បីស្វែងរកការគាំទ្រការអភិរក្សធនធានធម្មជាតិកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដើម្បីស្វែងរកការគាំទ្រការអភិរក្សធនធានធម្មជាតិ

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងនឹងរៀបចំកម្មវិធីបោះជំរំក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្តក្រចេះដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់»។

    លោកមានប្រសាសន៍ថា នេះគឺជាលើកទី២ហើយ ដែលក្រសួងបរិស្ថាន ដឹកនាំកម្មវិធីបោះជំរំនេះ ដើម្បីសម្តែងនូវក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាននៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។ កម្មវិធីបោះជំរំនេះ ក៏ជាផ្នែកមួយដើម្បីផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាបំផុសគំនិត និងស្មារតីដល់ប្រជាជន ជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ ព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។

    មន្ត្រីនាំពាក្យរូបនេះ បន្តថា កម្មវិធីនេះបើកទូលាយឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល បណ្តាញសហគមន៍ថ្នាក់តំបន់ និងប្រជាសហគមន៍មូលដ្ឋាន ដែលតាមការប៉ាន់ស្មាននឹងមានអ្នកចូលរួមប្រមាណ៣០០នាក់។

    សូមបញ្ជាក់ថា ព្រៃឡង់ មានផ្ទៃដីសរុបជាង៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន ៤ គឺស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងក្រចេះ ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។

    កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រក សត្វព្រៃដ៏មានសារសំខាន់មួយនេះ។

    តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២០កន្លងទៅ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ ដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន១.៧២៨លើក ដោយបង្ក្រាបបទល្មើសបានជាង១ពាន់ករណី ក្នុងនោះបាន បញ្ជូនសំណុំរឿងទៅតុលាការចំនួន៤៧ករណី រឹបអូសរណារ យន្តបានចំនួន៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន១១៦គ្រឿង រឹបអូសម៉ូតូចំនួន៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន២៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន១១៧ដើម ដកហូតឈើបានចំនួន២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី៕

    អត្ថបទទាក់ទង