ខ្មែរប៉ុស្ដិ៍ Close

    តើរដ្ឋប្រហារនៅមីយ៉ាន់ម៉ានឹងប្រែជាយ៉ាងណា?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1226
    តើរដ្ឋប្រហារនៅមីយ៉ាន់ម៉ានឹងប្រែជាយ៉ាងណា?តើរដ្ឋប្រហារនៅមីយ៉ាន់ម៉ានឹងប្រែជាយ៉ាងណា?

    នៅថ្ងៃទី ១ ខែកុម្ភៈ កាសែតចិន Xinhua បានរាយការណ៍ថា គេទើបប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា។ នោះជារបៀបនិយាយសម្រាលនូវអ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ានៅព្រឹកថ្ងៃនោះ។ ពាក្យផ្សេងមួយទៀតនោះគឺរដ្ឋប្រហារយោធា។

    lok Melissa Crouch បានសរសេរថា ការប្រើអំណាចគ្រាអាសន្នពីសំណាក់យោធានោះគឺគ្រាន់តែជាការបិទបាំងដើម្បីធ្វើរដ្ឋប្រហារប៉ុណ្ណោះ។ មនុស្សជាច្រើនត្រូវបានឃុំខ្លួននៅក្នុងអ្វីដែលជាការនឹកឃើញដល់ការឃុំខ្លួនស្រេចតែចិត្ត ការធ្វើទារុណកម្ម និងការបាត់ខ្លួននៅពេលមានរដ្ឋប្រហារនៅអតីតកាល។ អ្នកគាំទ្របក្សរដ្ឋាភិបាលរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យកំពុងឆ្លើយតបលើរដ្ឋប្រហារនោះដោយការធ្វើបាតុកម្មនិងកូដកម្មពីមន្ត្រីរាជការ ពោលជារឿងក្លាហាន ទោះបីពួកគេដឹងច្បាស់ថា យោធានឹងប្រើហិង្សាលើពលរដ្ឋផ្ទាល់ខ្លួនក្តី។

    ការស្វែងយល់ពីហេតុផលនយោបាយរបស់យោធាមីយ៉ាន់ម៉ា ដែលជាស្ថាប័នសម្ងាត់និងគួរឱ្យខ្លាចនោះ មានការលំបាកខ្លាំងណាស់។ នៅចំពេលមានកូវីដ-១៩ និងការផ្តាច់បណ្តាញទំនាក់ទំនងនៅក្រោយរដ្ឋប្រហារ ការវិភាគកាន់តែមិនប្រាកដប្រជានិងផ្អែកតាមការប៉ាន់ស្មានប៉ុណ្ណោះ។

    អ្វីដែលគេមើលឃើញច្បាស់នោះគឺថា រដ្ឋប្រហារមួយគឺជាមហន្តរាយមិនត្រឹមតែសម្រាប់អ្នកនយោបាយស៊ីវិល និងអ្នកគាំទ្រពួកគេប៉ុណ្ណោះទេ ប៉ុន្តែដល់ការខិតខំប្រឹងប្រែងអស់ច្រើនទសវត្សរ៍របស់យោធាក្នុងការរក្សាអំណាចសេដ្ឋកិច្ច និងនយោបាយយ៉ាងធំរបស់ខ្លួននៅក្នុងបរិបទនៃប្រព័ន្ធកាន់តែប្រជាធិបតេយ្យថែមទៀតផង។ ដូចលោក Crouch បានសរសេរអ៊ីចឹងថា យោធាហាក់ដូចជាមិនចង់បាននូវរបៀបដែលរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាបានចែងនោះទេ។

    លោក Mary Callahan បានសរសេរថា រដ្ឋប្រហារនោះបានបង្ហាញពីទំនាក់ទំនងមិនចុះសម្រុងគ្នារវាងយោធានិងរដ្ឋាភិបាល ស៊ូជី ដោយនឹងមានវិបត្តិខ្លះដែលមិនអាចគេចផុតបាន។ គេមើលទៅដូចជា អ៊ុងសាន ស៊ូជី និងយោធាសាមគ្គីគ្នានៅពេលតែ អ៊ុងសាន ស៊ូជី បានការពារពួកទាហានលើការចោទប្រកាន់ពីបទល្មើសប្រឆាំងមនុស្សជាតិនៅចំពេលមានការបោសសម្អាតពូជសាសន៍នៅរដ្ឋរ៉ាក់ឃីនប៉ុណ្ណោះ។ ប៉ុន្តែនៅពីក្រោយឆាក អ៊ុងសាន ស៊ូជី និងយោធាមានមហិច្ឆតាប្រជែងគ្នា ដែលនាំឱ្យស្រមោលរដ្ឋប្រហារពីអតីតកាលងើបឡើងវិញ។

    ចំណុចខ្ទាស់គ្នាខ្លាំងនោះគឺជ័យជំនះរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលើការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០ ដែលយោធាទទូចថា ជាលទ្ធផលបានមកពីការលួចបន្លំដែលធ្វើឱ្យបក្សកូនជឹងរបស់ខ្លួនចាញ់។ អ្នកសង្កេតការណ៍ឯករាជ្យបាននិយាយថា ការបោះឆ្នោតនោះបានបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោតទោះបីជាមានបញ្ហារដ្ឋបាលនិងការរៀបចំបន្តិចក្តី។

    រដ្ឋប្រហារនោះត្រូវបានថ្កោលទោសពីបណ្តារដ្ឋាភិបាលលោកខាងលិច។ ការដាក់ទណ្ឌកម្មបន្ថែមកំពុងស្ថិតនៅក្នុងបញ្ជី។ តើការរឹតត្បិតនិងការនៅឯកាពីលោកខាងលិចនឹងនាំឱ្យមីយ៉ាន់ម៉ាចូលកាន់តែកៀកចិនដែរឬទេ?

    តាមពិត ចិននឹងពេញចិត្តបង្កើនឥទ្ធិពលដែលលោកខាងលិចទុកចោល ប្រសិនបើអាចធ្វើទៅបាន។ ចិនស្ទើតែមិនខ្វល់អំពីគុណភាពលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ានោះទេ នោះជាហេតុនាំឱ្យខ្លួនមិនហៅរដ្ឋប្រហារនោះថា ជារដ្ឋប្រហារ។ ខណៈដែលចិនមានទំនាក់ទំនងច្រើនជាមួយយោធាមីយ៉ាន់ម៉ាក្តី ក៏ពីមុន ខ្លួនបានស្វាគមន៍ដំណើរទៅកាន់ប្រជាធិបតេយ្យនិងបានវិនិយោគខ្លាំងនៅក្នុងរដ្ឋាភិបាល ស៊ូជី ដែរ។

    ប៉េកាំងអាចមានការប្រយ័ត្នប្រយែងក្នុងការស្ទុះលឿនពេកទៅការពារយោធានៅក្នុងវិបត្តិក្នុងស្រុកមួយដែល នៅទីបំផុត អាចវិលមកកាន់រដ្ឋាភិបាលស៊ីវិលវិញបន្ទាប់ពីមានការចរចាគ្នា។ ជាក់ស្តែង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចឱ្យចិននិងរុស្ស៊ីយល់ស្របមកចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំស៊ីវិល គោរពសិទ្ធិមនុស្ស និងការបន្តដំណើរការប្រជាធិបតេយ្យ។

    អ្វីដែលគេត្រូវការនោះគឺការមូលមតិពីអន្តរជាតិដើម្បីឱ្យមានការចរចាជាមួយយោធាក្នុងការវិលមកដឹកនាំដោយអ្នកនយោបាយស៊ីវិលនិងកំណែទម្រង់នយោបាយវិញ។ អាស៊ានអាចជាតួអង្គសំខាន់ ប៉ុន្តែដូចដែល លោក Mathew Davies លើកឡើងអញ្ចឹងថា បើគ្មានអំពើហិង្សារីករាលដាលទេ អាស៊ាននឹងគ្មានអ្វីក្រៅតែពីសម្រុះសម្រួលនោះទេ។ ឥណ្ឌា ដែលមានផលប្រយោជន៍សន្តិសុខផ្ទាល់នៅមីយ៉ាន់ម៉ានោះមានការប្រយ័ត្នប្រយែងក្នុងការទម្លាក់ចោលឥទ្ធិពលណាមួយរបស់ខ្លួនទៅឱ្យចិន តាមរយៈការរិះគន់ពួកឧត្តមសេនីយ៍ខ្លាំងពេកដែរ។ ជប៉ុនទំនងជាមានការប្រុងប្រយ័ត្នក្រោមមូលហេតុស្រដៀងគ្នានោះដែរ។

    គេរាល់គ្នាបានខាតបង់ពីការធ្វើរដ្ឋប្រហារនេះ ពោលគឺ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ពលរដ្ឋមីយ៉ាន់ម៉ា ហើយសូម្បីតែយោធា ដែលពេលនេះ បានកំទេចដំណើរការកំណែទម្រង់ដែលបានផ្តល់ឱកាសល្អដល់ខ្លួនក្នុងការការពារតួនាទីនយោបាយនៅមីយ៉ាន់ម៉ានោះ។ ប៉ុន្តែ ការអន្ទះសារយកប្រៀបនយោបាយបុគ្គលនិងយោធា ទោះបីជាធ្វើឱ្យខូចប្រយោជន៍ការទូតនិងសេដ្ឋកិច្ចក្តីនោះ គឺមានសភាពខ្លាំងក្លានៅថ្នាក់កំពូលជាងមនុស្សជាច្រើនគិតដល់ទៅទៀត៕

    អត្ថបទទាក់ទង