ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជានឹងអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកល្មើសច្បាប់ នៅដើមឆ្នាំក្រោយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1286
    កម្ពុជានឹងអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកល្មើសច្បាប់ នៅដើមឆ្នាំក្រោយកម្ពុជានឹងអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកល្មើសច្បាប់ នៅដើមឆ្នាំក្រោយ

    ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល អ្នកបើកបរយានយន្តល្មើសច្បាប់នឹងត្រូវកាត់ពិន្ទុបណ្ណបើកបរ ក្រោយប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (IT) របស់ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំរួចរាល់។

    លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងរៀបំប្រព័ន្ធ ITមួយថ្មីទៀត ក្នុងការចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ មានកម្មវិធី Scanលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។

    ថ្លែងក្នុងបើកពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញការងាររៀបចំប្រព័ន្ធនេះឱ្យបានចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដើម្បីយកទៅធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែងនៅថ្ងៃ១ ខែមករា ឆ្នាំ២០២២។

    លោកទេសរដ្ឋមន្ត្រី បានពន្យល់ពីទិដ្ឋភាពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថា ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន គឺនឹងមានការកាត់ពិន្ទុលើបណ្ណបើកបរចំពោះអ្នកបើកបរយានយន្តខុសច្បាប់ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរល្មើសភ្លើងសញ្ញា បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ជាដើម ហើយបើកាលណាដកពិន្ទុអស់ហើយ គឺអ្នកបើកបរនោះមិនត្រូវបានអនុញ្ញាតឱ្យបើកបរទៀតនោះទេ ដោយត្រូវព្យួរទុក រយៈពេល៦ខែ ឬអាចដល់១ឆ្នាំ ទៅតាមច្បាប់កំណត់។

    ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុ ក្នុងករណីប្រព្រឹត្តបទល្មើសម្តង។

    ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ ហើយបើអ្នកបើកបរចង់បានបណ្ណ បើកបរថ្មី ត្រូវរៀន និងប្រឡងយក បណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

    អត្ថបទទាក់ទង