ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលដាក់តំបន់សត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 2968

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់តំបន់ទួលព័ន្ធតាឡីបឹងស្នេហ៍ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង បន្ទាប់ពីតំបន់នោះ សម្បូរទៅដោយសត្វស្លាបចម្រុះ ដែលមានភាពទាក់ទាញដល់វិស័យទេសចរណ៍។

អនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍របស់រាជរដ្ឋាភិបាល បានកំណត់ទំហំដីតំបន់ ប្រើប្រាស់ច្រើនយ៉ាងនេះចំនួន៣.៥៥៧ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និង ស្រុកបាភ្នំ ខេត្តព្រៃវែង។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ បានបញ្ជាក់ថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ មានគោលបំណងធានាការថែរក្សា និងការការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និង វប្បធម៌ ក៏ដូចជាផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ក៏ក្នុង បំណងរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់ បង្កើន និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ ព្រមទាំងលើកកម្ពស់ ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្ស ជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា តំបន់ការពារធម្មជាតិនេះ នឹងប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា និងនាំមក នូវប្រភពចំណូលដល់ពលរដ្ឋក្នុងសហគមន៍ និងការចូលរួមបញ្ឈប់បរបាញ់សត្វនៅទីនោះ ខណៈជាទីសំចតរបស់ប្រភេទ សត្វស្លាបទេសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេ ទី២នៅប្រទេសកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់។

បើតាមការឱ្យដឹងពីក្រុមអ្នកឃ្លាំមើល និងការពារសត្វស្លាបនៅទីនោះ បានបញ្ជាក់ថា ពពួកសត្វស្លាបនៅតំបន់នោះ មានដូចជា៖ ស្មោញ ទុងប្រផេះ រនាល ត្រយងខ្លួនស ត្រដក់តូច ចង្កៀលខ្យង កុក ទាព្រៃ ក្អែកទឹក ក្អែកគោក និងសត្វស្លាប ដទៃទៀត ដោយពួកវាបានទៅប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីរកចំណី និងធ្វើសំបុកពងកូននៅតាមព្រៃលិចទឹក ព្រៃល្បោះ ដោយសារនៅទីនោះជាតំបន់ដីសើម។

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាង សម្បូរបែប ដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា៖ ជាបឹងមានទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំង និង រដូវវស្សា ដែលផ្តល់នូវប្រភពទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងក៏ជាអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ។ ជាមួយគ្នានេះ ក៏ជាកន្លែងនេសាទ ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់ និងជាកន្លែងសម្រាកកម្សាន្ត និងជាបឹងប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ជំនឿ មានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី»៕

AKP

អត្ថបទទាក់ទង