ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋាភិបាលហ្វីលីពីន បានសន្យាជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1525
    រដ្ឋាភិបាលហ្វីលីពីន បានសន្យាជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិរដ្ឋាភិបាលហ្វីលីពីន បានសន្យាជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ

    ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ លោកជំទាវ ម៉ារៀ អ៊ែមើលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ហ្វីលីពីននឹងជំរុញឱ្យមានការផ្ដល់អាហារូបករណ៍បន្ថែមទៀត ដល់និសិ្សតកម្ពុជាទៅសិក្សាវិស័យវិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀតនៅប្រទេសហ្វីលីពីន ពិសេសរៀបចំវគ្គបណ្តុះបណ្តាលតាមរយៈស្ថាប័នអប់រំនៅកម្ពុជាផងដែរ។

    ជាមួយគ្នានោះ លោកជំទាវនឹងខិតខំប្រឹងប្រែងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យវិនិយោគ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

    ជាការឆ្លើយតបសម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ចំពោះការផ្តល់អាហារូបករណ៍ដល់និសិ្សត និងមន្រ្តីរាជការកម្ពុជាឱ្យបានទៅសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅតាមសកលវិទ្យាល័យនានានៅប្រទេសហ្វីលីពីន។ សម្តេចក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការបង្កើតសភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។

    សម្តេចវិបុលសេនាភក្តី ក៏បានថ្លែងអំណរគុណដល់ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានជួយរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់គ្រូបង្រៀនបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងពេលកន្លងទៅនេះ។សម្តេចសង្ឃឹមថាស្ថានទូតហ្វីលីពីននឹងបន្តគាំទ្រលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញនានាៗ ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាពេលខាងមុខបន្ថែមទៀត។

    សម្តេចវិបុលសេនាភក្តីមាន ជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូតនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត៕

    អត្ថបទទាក់ទង