ខ្មែរប៉ុស្ដិ៍ Close

    សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទៅឱ្យហ្វីលីពីន បើទោះបីជាមិនមានការកែទម្រង់នៅក្នុងបញ្ហាសិទ្ធិមនុស្សក៏ដោយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1450
    សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទៅឱ្យហ្វីលីពីន បើទោះបីជាមិនមានការកែទម្រង់នៅក្នុងបញ្ហាសិទ្ធិមនុស្សក៏ដោយសហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទៅឱ្យហ្វីលីពីន បើទោះបីជាមិនមានការកែទម្រង់នៅក្នុងបញ្ហាសិទ្ធិមនុស្សក៏ដោយ

    នៅក្នុងកិច្ចចរចារវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ដើម្បីបន្តកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីថា «មិនមានការរឹតត្បិតលើការលក់អាវុធទៅឱ្យហ្វីលីពីននោះទេ» នៅប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងម៉ានីលបានអំពាវនាវរកជំនួយយោធាបន្ថែមទៀត។

    អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក Mike Howard បាន និយាយថា៖

    «យើងនឹងបន្តស្វែងរកមធ្យោបាយដើម្បីពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀត ដើម្បីពង្រឹងការប្រកួតប្រជែងផ្នែកសន្តិសុខ និងការគោរពសិទ្ធិមនុស្ស» ។

    សម្ព័ន្ធភាពសន្តិសុខ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនបានបង្ហាញអំពីការសាកល្បងមួយសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតីលោកបៃឌិន ។

    ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកទីក្រុងម៉ានីលជាទីតាំងយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រឆាំងនឹងការពង្រីកសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

    ប៉ុន្តែកំណត់ត្រាសិទិ្ធមនុស្សដ៏អាក្រក់របស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បូករួមទាំងការចូលរួមនៅក្នុងការសម្លាប់នៅក្រៅប្រព័ន្ធតុលាការទៅលើសកម្មជនបរិស្ថាន និងសកម្មជនដីធ្លីបានធ្វើឱ្យសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក បៃឌិន ស្នើឱ្យបញ្ឈប់រាល់ជំនួយសន្តិសុខ ដល់ប្រទេសនេះនៅក្នុងសេចក្តីព្រាងច្បាប់មួយរបស់សភាតំណាងអាមេរិកកាលពីឆ្នាំមុន។

    ប្រធានាធិបតី Rodrigo Duterte បាននិយាយនៅថ្ងៃទី ១១ ខែកុម្ភៈថា៖

    «សហរដ្ឋអាមេរិកត្រូវតែធ្វើការលះបង់មួយចំនួនដើម្បីអាចបន្តកិច្ចព្រមព្រៀង Visiting Forces Agreement (VFA) ដែលអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅក្នុងទឹកដីរបស់ហ្វីលីពីននិងដែលមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិករបស់យោធាអាមេរិក»។

    នៅក្នុងការសម្តែងមតិជាបន្តបន្ទាប់នៅក្នុងសារព័ត៌មាន Philippine Star ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បាន និយាយថា៖

    «យោធារបស់ប្រទេសខ្លួននឹងបំពាក់ទៅដោយយន្តហោះចំបាំងថ្មីៗ និងគ្រឿងបរិក្ខារយោធាដទៃផ្សេងទៀតដើម្បីធ្វើឱ្យសម្ព័ន្ធភាពរបស់ខ្លួនជាមួយអាមេរិកមានការរីកចម្រើនទៅមុខ»។

    នៅដើមខែនេះ ប្រទេសហ្វីលីពីនបានបង្ហាញអំពីគោលបំណងរបស់ខ្លួនក្នុងការទិញឧទ្ធម្ភាគចក្រ S-70i Black Hawk ប្រមាណជា ១៥គ្រឿង ដែលផលិតដោយក្រុមហ៊ុន PZL Mielec ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធប៉ូឡូញនៃក្រុមហ៊ុនការពារ Lockheed Martin របស់សហរដ្ឋអាមេរិក។

    នៅខែមេសា ឆ្នាំ ២០២០ ក្រសួងការបរទេសឋអាមេរិក បានជូនដំណឹងដល់សភាអំពីការលក់ឧទ្ធម្ភាគចក្រប្រយុទ្ធនិងមីស៊ីល ចំនួន ២ ទៅឱ្យប្រទេសហ្វីលីពីន ដែលមានតម្លៃសរុបចំនួន ២ ពាន់លានដុល្លារ។

    ដោយលើកឡើងអំពីគោលនយោបាយរបស់រដ្ឋាភិបាល លោក Howard បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបាននិយាយថា៖

    «រដ្ឋមន្រ្តីក្រសួងការពារជាតិ គឺលោក Lloyd Austin បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចព្រមព្រៀងយោធាជាមួយប្រទេសហ្វីលីពីន នៅក្នុងអំឡុងពេលនៃការហៅទូរស័ព្ទមួយជាមួយលោក Delfin Lorenzana ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន»។

    តាមរយៈការលក់ សព្វាវុធទៅឱ្យប្រទេសហ្វីលីពីន រដ្ឋបាលលោក បៃឌិន កំពុងប្រឆាំងនឹងសម្ព័ន្ធភាពមួយនៅក្នុងគណបក្សរបស់លោក ដែលទាមទារឱ្យមានការត្រួតពិនិត្យឡើងវិញនូវជំនួយសន្តិសុខ ដែលផ្តល់ដល់ទីក្រុងម៉ានីល ដោយសារតែរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សពីសំណាក់ប៉ូលីស និងយោធា។

    កាលពីខែមុន លោក បៃឌិន បានបញ្ឈប់ការលក់អាវុធទៅឱ្យប្រទេស អារ៉ាប់ប៊ី សាអូឌីត និង អារ៉ាប់រួម ដោយសារការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ដែលនេះក៏ដើម្បីបំពេញតាមការសន្យារបស់លោកផងដែរ ដែលបានធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

    កាលពីខែកញ្ញា ក្រុមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យមួយក្រុមបានលើកឡើងអំពីសេចក្តីព្រាងច្បាប់មួយទៅកាន់សភាតំណាងរាស្ត្រដើម្បីបញ្ឈប់រាល់ជំនួយទាំងអស់ដែលផ្តល់ទៅដល់យោធា និងប៉ូលីស ហ្វីលីពីន ប្រសិនបើរដ្ឋបាលរបស់លោក Duterte មិនព្រមធ្វើកំណែទម្រង់សិទ្ធិមនុស្ស។

    ក្រុមអ្នកវិភាគយល់ថា៖

    «សហរដ្ឋអាមេរិកទំនងជានឹងមិនដកជំនួយសន្តិសុខពីសម្ព័ន្ធមិត្តដ៏សំខាន់មួយនេះរបស់ខ្លួនឡើយ ដែលនេះក៏ដោយសារការចង់ទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិន និងបញ្ហាភេរវកម្មនៅក្នុងតំបន់ ហើយប្រការនេះនឹងធ្វើឱ្យទីក្រុងម៉ានីលនៅតែអាចបន្តទទួលបានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក»។

    លោក Duterte បានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀង VFA នៅ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីអាមេរិកបានលុបចោលទិដ្ឋការរបស់សម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន។ ក៏ប៉ុន្តែកាលពីខែកក្កដា លោកបានដកការសម្រេចចិត្តនេះចេញវីញជាបណ្តោះអាសន្ន។

    លោក Derek Grossman ដែលជាអ្នកវិភាគជាន់ខ្ពស់នៃ សាជីវកម្ម RAND បាននិយាយថា៖

    «ក្រុងវ៉ាស៊ីនតោនទំនងជាបានលឺពីទីក្រុងម៉ានីលថា កិច្ចព្រមព្រៀង VFA ថ្មី អាចមានជាប់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់ប្រទេសហ្វីលីពីនទាំងមូល បូករួមទាំងការឈ្លានពានរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងនិងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេស» ។

    លោកបានបន្តថា៖

    «បំណងប្រាថ្នារបស់ហ្វីលីពីនក្នុងការចង់បានសម្ភារៈការពារជាតិថ្មី គឺជាបញ្ហាប្រឈមមួយទៀតដែលចាំបាច់ត្រូវតែដោះស្រាយដើម្បីអាចឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀង VFA ថ្មី»៕

    Nikkei Asia