ខ្មែរប៉ុស្ដិ៍ Close

    ស្វែង​យល់​អំពីជីវភាពអ្នកភូមិលើដងទន្លេសាប ប្រទេសកម្ពុជា

    ដោយ៖ សន បទុម ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ មុខរបរ 3270

    ដោយសារតែអំណោយផលនៃទេសភាពធម្មជាតិ គួបផ្សំនឹងជាប្រភពបណ្តុំនៃសត្វស្លាប ភូមិមួយក្នុងចំណោមភូមិទាំង៥ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានក្លាយតំបន់ផ្ទះអណ្តែតទឹកមួយដ៏ជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នោះគឺ ភូមិព្រែកទាល់!

    អ្នក​ខ្លះប្រហែលជាធ្លាប់តែឃើញប្រជាពលរដ្ឋ​រស់នៅលើគោកដែលពួកគាត់ប្រកបរបររកស៊ី ធ្វើស្រែចម្ការ លក់ដូរតាមផ្សារ មានសាលារៀន អាគារគ្រប់សណ្ឋាន ដែលភាគច្រើនពឹងផ្អែកលើការធ្វើដំណើរតាមផ្លូវជាតិ តូច ធំ។ ចុះអ្នកដែលឆ្ងល់ទេថា តើប្រជាជនដែលរស់នៅលើដងទន្លេសាប ជាពិសេសអ្នកភូមិព្រែកទាល់តែម្តង ពួកគាត់មានជីវភាពដូចដែលយើងនៅលើគោកដែរ រឺយ៉ាងណា?

    ជាក់ស្តែង ជីវភាពរស់នៅតំបន់ទាំងពីរនេះ គឺមិនមានអ្វីខុសគ្នាធំដុំនោះទេ។ នៅតំបន់ព្រែកទាល់ក៏មានជាសាលារៀន សាលាឃុំ កន្លែងលក់ដូរ ផ្ទះរស់នៅរបស់អ្នកភូមិជាច្រើនតម្រៀបគ្នា។ ប៉ុន្តែអ្វីដែលដោយឡែកពីគ្នានោះ គឺត្រង់ថា សកម្មភាពភាគច្រើនប្រព្រឹត្តិទៅឡើងនៅលើផ្លូវទឹក ពោល គឺតាមដៃទន្លេសាបតែម្តង។ បានសេចក្តីថា ផ្ទះនីមួយៗត្រូវបានសង់ឡើងដោយមានលក្ខណៈអណ្តែត មានធុងសាំង ក៏ដូចជាឈើផ្សេងៗដើម្បីទ្រទ្រង់ផ្ទះទាំងមូលបាន។ សង្កេតឃើញថាផ្ទះបណ្តែតទឹកនីមួយៗពុំសូវជាតូចពេក រឺក៏ធំពេកទេ តែផ្តល់ជាបរិយាកាសល្អក្នុងការរស់នៅ។

    យានជំនិះដ៏សំខាន់បំផុតសម្រាប់ប្រជាជននៅតំបន់ទន្លេសាបនោះ គឺទូក។ មិនថាជាប្រភេទទូកឈើ ទូកស្មាច់ កាណូតប្រើម៉ាស៊ីន រឺអុំដោយកម្លាំងដៃនោះទេ ចាំបាច់ត្រូវមានយ៉ាងហោចណាស់មួយក្នុងមួយផ្ទះ។ បន្ថែមទៅលើនេះទៀតផងដែរ ទូកមិនត្រឹមតែជាយានជំនិះមួយមុខប៉ុណ្ណោះទេ វាអាចជាកន្លែងលក់ដូរសម្រាប់ប្រជាជនខ្លះ ដែលពួកគាត់អាចឆ្លៀតឳកាសរកចំណូលបន្ថែម ស្របពេលដែលចេញទូកទៅក្រៅម្តងៗ។

    បើនិយាយពីរបរចិញ្ចឹមជីវិត អ្នកនៅទីនោះភាគច្រើន ប្រកបរបរពាក់ព័ន្ធជាមួយនឹងត្រីទឹកសាបផ្ទាល់។ ខ្លះអាចជាអ្នកនេសាទ រឺអ្នកធ្វើត្រី ប្រហុក ងៀតហាល​ជាដើម។ យ៉ាងណាមិញ រដូវកាលដែលសំបូរត្រីមានតែនៅអំឡុងខែភ្ជំប៉ុណ្ណោះដែលជាហេតុជម្រុញឲ្យពួកគាត់ត្រូវស្វះស្វែងរករបរផ្សេងបន្ទាប់បន្សំ។ ក្នុងនោះផ្ទះខ្លះក៏បានចុះឈ្មោះធ្វើជាកន្លែងស្នាក់នៅ ដែលគេហៅថា Home Stay សម្រាប់រាល់អ្នកដែលមានបំណងទៅស្នាក់អាស្រ័យនៅតំបន់នោះ អាចជាលំហែកាយ រឺធ្វើកម្មសិក្សានានា។ វាអាចនឹងជាទីតាំងដ៏ល្អមួយបើសិនជាលោកអ្នកមានចង់ដកពិសោធន៍ថ្មី ជាពិសេសស្វែងយល់ឲ្យកាន់តែច្បាស់ពីជីវិតប្រចាំថ្ងៃរបស់អ្នកភូមិព្រែកទាល់។