ខ្មែរប៉ុស្ដិ៍ Close

ប្រទះឃើញហ្វូងសត្វដំរីព្រៃចុះផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1659
ប្រទះឃើញហ្វូងសត្វដំរីព្រៃចុះផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ាប្រទះឃើញហ្វូងសត្វដំរីព្រៃចុះផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា

ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង១០ ក្បាល បានចុះផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារ និងអភិរក្ស ខណៈបច្ចុប្បន្ន សត្វដំរីព្រៃនៅប្រទេសកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ ការពារធម្មជាតិនៃភូមិភាគឦសានដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរី។

លោកបានឱ្យដឹងថា នៅអំឡុងខែកុម្ភៈនេះជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃតែងតែមកទីតាំងខាងលើនេះ ដើម្បីរកចំណីស៊ី និងផឹកទឹក។

បើតាមការអះអាងរបស់លោកនេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ យកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺស្ទើរតែគ្មាន ដោយសារតែការអនុវត្តច្បាប់តឹងរុឹង ប៉ុន្តែមានការកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។

ដំរីអាស៊ី កំពុងតែទទួលរងការគំរាម កំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បើយោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ចំណែកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ចំនួន៨ក្បាល ក្នុងនោះមានទាំងកូនដំរី និងដំរីធំ ដែលករណីដំរីធំស្លាប់ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការបរបាញ់៕

អត្ថបទទាក់ទង