ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ កុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 942
ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ កុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវប្រជាពលរដ្ឋ កុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី

លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមើលស្រាលវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី ខណៈដែលវីរុសកូវីដ-១៩បំប្លែងថ្មី វាមានភាពសាហាវ និងធ្ងន់ធ្ងរជាងមុននិងអាចស្លាប់បាន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែស ហើយមិនត្រូវមើលស្រាលវីរុសកូវីដ-១៩ នោះឡើយ ខណដែលវីរុសនេះអាចសម្លាប់អ្នកជំងឺបាន បើគ្មានការព្យាបាលត្រឹមត្រូវ ពីក្រុមគ្រូពេទ្យជំនាញនោះទេ ។

លោកស្រី ឱ វណ្ណឌីន  ៖ «សូមបងប្អូនកុំគិតថា ឥឡូវនេះកម្ពុជាអត់មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ផង ទៅភ័យធ្វើអី្វ? កុំមើលស្រាល លទ្ធភាពនៃការវ៉ៃលុក របស់ជំងឺកូវីដ-១៩ឱ្យសោះ ជាពិសេសនោះគឺវីរុសបំប្លែងថ្មី វានឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តទៅរកសេចក្តីស្លាប់ បាន ប្រសិនបើបុគ្គលនោះ មិនទទួលបាននូវការពិនិត្យព្យាបាល បានទាន់ពេលវេលា និងមានការថែទាំត្រឹមត្រូវពីក្រុមគ្រូពេទ្យ របស់យើងទេនោះ» ។

លោកស្រី ឱ វណ្ណឌីន បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអំពាវនាវហើយអំពាវនាវទៀតដោយបានដាក់នូវអភិក្រម ៣ការពារ រួមមាន៖ ពាក់ម៉ាស់ លាងដៃ រក្សា គម្លាតសង្គម និងគម្លាតបុគ្គល ពី១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមាន៖ កុំទៅកន្លែងដែលបិទជិទឈឹងគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និង កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤៤នាក់ទៀត ក្នុងនោះមានចំនួន៤០នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធនឹង « ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» ។ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន២៦២នាក់ ៕

អត្ថបទទាក់ទង