ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ទីម័រខាងកើត បន្ដជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1552
កម្ពុជា-ទីម័រខាងកើត បន្ដជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀតកម្ពុជា-ទីម័រខាងកើត បន្ដជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា និងទីម័រខាងកើត បន្ដជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អថែមទៀត ដើម្បីបង្កើនចំណូល សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី២៦កុម្ភៈនេះ ស្តីពីជំនួបតាមប្រព័ន្ធវីដេអូរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់ សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរ ពិនិត្យលទ្ធភាព បង្កើនសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលមានស្រាប់។ លោក ប្រាក់ សុខុន បានជម្រាបជូនសមភាគីថាកម្ពុជានៅតែបើកចំហ សម្រាប់ការពិភាក្សា លើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថា អង្ករកម្ពុជា ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាអង្ករមានគុណភាពខ្ពស់។

នៅក្នុងជំនួបនោះដែរ លោកជំទាវ អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ម៉ាកណូ ក៏បានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសេដ្ឋកិច្ចដ៏លេចធ្លោ និងមានបំណងចង់សិក្សាបទពិសោធន៍ និងការអនុវត្តល្អៗ ពីប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ប្រាក់ សុខុន សម្តែងសេចក្តីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូរបស់ទីម័រខាងកើត មកកាន់ ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចសិក្សា ភ្ជាប់ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវរដ្ឋមន្ត្រី នៅពេល វេលាសមស្រប។ចំពោះវិស័យអប់រំ លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តគាំទ្រដល់ទីម័រខាងកើតក្នុងការ អភិវឌ្ឍធនធានមនុស្ស។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរបានជំរុញឱ្យបញ្ចប់ការចរចាលើឯកសារចំនួនពីររវាងប្រទេសទំាង២គឺ (១.) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឧត្តមសិក្សា និងវិទ្យាសាស្ត្រ រវាងក្រសួងអប់រំ យុវជន និង កីឡាកម្ពុជា និង ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ ទីម័រខាងកើត និង (២.) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងសកលវិទ្យាល័យកម្ពុជានិងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ទីម័រខាងកើត។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានអបអរសាទរចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗជាច្រើនទៀត និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនបីផ្សេង ទៀត ដូចជា៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី (១.) កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ (២.) កិច្ចសហប្រតិបត្តិការទូទៅវិស័យពាណិជ្ជកម្ម និង (៣.) កិច្ចសហការបច្ចេកទេសនៃមជ្ឈមណ្ឌលដឹកជញ្ជូនជាតិ៕

អត្ថបទទាក់ទង