ខ្មែរប៉ុស្ដិ៍ Close

    ព័ត៌មានផ្លូវការក្រសួងសុខាភិបាល៖ បុរសជនជាតិចិនកើតកូវីដ-១៩ ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារតែជំងឺកូវីដ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1989

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។

    បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។

    បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា។

    លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញតាមរយៈការពិនិត្យទឹកនោម បានបង្ហាញថា បុរសជនជាតិចិនរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់។ ក្រុមមន្ត្រីជំនាញសន្និដ្ឋានថា បុរសរូបនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។

    លោករដ្ឋមន្ត្រី បានបន្ថែមថា សេចក្តីសន្និដ្ឋានរបស់មន្ត្រីជំនាញ ការស្លាប់របស់បុរសជនជាតិចិនរូបនេះ ដោយសារសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។

    មរណភាពរបស់បុរសជនជាតិចិនរូបនេះ គឺជាការស្លាប់របស់ជនកើតជំងឺកូវីដ-១៩ លើកដំបូងហើយនៅក្នុងប្រទេសកម្ពុជាគិតចាប់ពីថ្ងៃឆ្លងដំបូង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩សរុប ៩០៩នាក់, ព្យាបាលជា ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ៤២៥នាក់។

    កម្ពុជា ត្រូវបានកត់ត្រាមានអត្រាឆ្លងខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ មានអ្នកឆ្លងសរុបរហូតដល់ទៅ ៤០២នាក់ ដែលភាគច្រើនជាជនជាតិចិន៕

    អត្ថបទទាក់ទង