ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍៖ ក្នុងរយៈពេល១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1258

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្នុងរយៈពេល១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងបន្តការពារសុខភាពសាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មិនត្រូវចាកចេញពីផ្ទះ ឬកន្លែងធ្វើចត្តាឡីស័កជាកំហិត ក្នុងអំឡុងពេល ១៤ថ្ងៃ។ តាមរយៈទិន្នន័យប្រព័ន្ធ QR Code បានបង្ហាញថា ក្នុងចំណោមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ មានបុគ្គលខ្លះ បានចាកចេញពីផ្ទះដោយចូលទីតាំងជាច្រើនកន្លែង ដែលជាការល្មើសនឹងវិធាននៃការធ្វើចត្តាឡីស័ក។ យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អ្នកគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យពី ១លានដល់៥លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ជាធរមាន។

ក្រសួងក៏បានសង្កត់ធ្ងន់ថា ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នកអាចនៅដំណើរការបានជាធម្មតាតាមបែបគន្លងថ្មី។ សម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code សូមទាក់ទងទៅលេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 ឬ 012 979 079៕

អត្ថបទទាក់ទង