ខ្មែរប៉ុស្ដិ៍ Close

លោក វ៉ាត់ ចំរើន អំពាវនាវឱ្យក្រុមជម្រើសជាតិ បន្តការហ្វឹកហាត់បច្ចេកទេស មូលដ្ឋាន​នៅតាមផ្ទះ និងកន្លែងសុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1227
លោក វ៉ាត់ ចំរើន អំពាវនាវឱ្យក្រុមជម្រើសជាតិ បន្តការហ្វឹកហាត់បច្ចេកទេស មូលដ្ឋាន​នៅតាមផ្ទះ និងកន្លែងសុវត្ថិភាពលោក វ៉ាត់ ចំរើន អំពាវនាវឱ្យក្រុមជម្រើសជាតិ បន្តការហ្វឹកហាត់បច្ចេកទេស មូលដ្ឋាន​នៅតាមផ្ទះ និងកន្លែងសុវត្ថិភាព

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជា​អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក​ក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាជាតិនានាបន្តការរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ក្នុងពេលសម្រាកក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ គប្បីត្រូវបន្តការហ្វឹកហាត់បច្ចេកទេសមូលដ្ឋាន ដើម្បីកុំឱ្យប៉ះពាល់​ខ្លាំង​ដល់ការប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេស​វៀតណាម។

លោកអគ្គលេខាធិការគូសបញ្ជាក់ថា ឆ្លៀតយកឱកាសនេះ សូមសហព័ន្ធ និងគ្រូ​បង្វឹក​ក្រុមជម្រើសជាតិទាំងអស់ប្រុងប្រយ័ត្ន និងមិនត្រូវឱ្យកីឡាករ កីឡាការិនីសម្រាក​អសកម្ម ដោយគ្មានលំហាត់កម្លាំងកាយ និងហ្វឹកហាត់បច្ចេកទេសមូលដ្ឋាននោះទេ ពោល​គឺត្រូវរកមធ្យោបាយផ្សេងៗ ដើម្បីឱ្យការហ្វឹកហាត់មានភាពសកមម្ម ដូចជាការហ្វឹកហាត់​នៅ​តាមផ្ទះរៀងៗខ្លួន ឬនៅទីកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះដែរ គណៈកម្មាធិការអូឡាំពិកអន្តរ​ជាតិក៏បានសំណូមពរឱ្យកីឡាករ កីឡាការិនីនៃបណ្តាប្រទេសនានាបន្តការ​ហ្វឹកហាត់នៅតាម​ផ្ទះ ឬនៅតាមទីតាំងមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ដើម្បីថែរក្សាកម្លាំងកាយ​សម្បទាកុំឱ្យធ្លាក់​ចុះខ្លាំងពេក។

លោក វ៉ាត់ ចំរើន បង្ហាញក្តីបារម្ភថា ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា​​សម្រាក​អសកម្ម ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ គឺយើងនឹងជួបបញ្ហាប្រឈមខ្លាំង ក្នុងពេលចូល​ហាត់​​វិញ ដោយត្រូវស្តារកម្លាំងបច្ចេកទេសយូរណាស់យ៉ាងតិច៦ខែឯណោះ ហើយពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះនឹងជួបបញ្ហាធំ ក្នុងការប្រកួតប្រជែង​មេដាយ។ ឯកឧត្តមស្នើសុំឱ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹករៀបចំកម្មវិធីរត់ ហ្វឹកហាត់ឱ្យបាន​រៀងរាល់ថ្ងៃ ដោយមិនត្រូវផ្តេកផ្តួលតាមបរិបទកូវីដ-១៩ និងអសកម្មនោះឡើយ។

លោកបានបន្ថែមថា៖

«ខ្ញុំមានក្តីបារម្ភខ្លាំង ដោយសារប្រទេសជិតខាង និងក្នុងតំបន់​កំពុងបន្តការហ្វឹកហាត់​នៅ​​​ក្នុងកន្លែងប្រមូលផ្តុំបិទទ្វារ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ា​ង​សកម្ម និងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេហាត់កាន់តែខ្លាំងក្លាថែមទៀត»៕​