ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះពិនិត្យទីតាំងប្រវត្តិសាស្រ្ត ស្វារអិល-ចិនយំ និងជំរុញដល់កងកម្លាំងទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានរឹងមាំ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1680
    លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះពិនិត្យទីតាំងប្រវត្តិសាស្រ្ត ស្វារអិល-ចិនយំ និងជំរុញដល់កងកម្លាំងទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានរឹងមាំលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះពិនិត្យទីតាំងប្រវត្តិសាស្រ្ត ស្វារអិល-ចិនយំ និងជំរុញដល់កងកម្លាំងទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានរឹងមាំ

    តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្វារអិល (១៥០០) ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ និងតំបន់ប្រវត្តិសាស្ត្រតេជោ ចិនយំ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាទីចុងក្រោយក្នុងដំណើរចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្ត្រយោធា ក្នុងទិសយោធភូមិភាគទី៥ និងការចុះសាកសួរសុខទុក្ខកងទ័ពក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

    សូមបញ្ជាក់ថា៖ បន្ទាប់ពីបានចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ២០៣ សំឡូត និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោច្រកចង្អៀត ក្រពើពីរ វាលវែង ក្នុងខេត្តពោធិ៍សាត់ រួចមក នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ អ៊ី ឈាន, នាយឧត្តមសេនីយ៍ ភួង ស៊ីផាន, នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ព្រមទាំងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោកជាច្រើនរូបទៀត មន្រ្តីក្រសួងបរិស្ថាន ទេសចរណ៍ ព្រមទាំងអភិបាល មន្ត្រីរាជការខេត្តពោធិសាត់ បានអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្វារអិល (១៥០០) ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់បន្តទៀត។

    ស្វារអិល គឺជាទីតាំង ដែលមានសារៈសំខាន់ ដោយមានទីតាំងនៅជាប់នឹង គឺផ្លូវចាស់ដែលមានប្រវែង១២ គឺឡូម៉ែត្រ បានបន្សល់នៅដានផ្លូវចាស់ អាចធ្វើដំណើរបានពាក់កណ្តាល ហើយផ្លូវចាស់មានសារៈសំខាន់បំផុតសម្រាប់បង្ហាញនូវតឹកតាងស្វារអិលនេះ ពីព្រោះផ្លូវថ្មីដែលបានធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ បានធ្វើមានរាងជាអន្ទង់អាំង។ ចំណែកផ្លូវចាស់ធ្វើផ្សេង ដោយមានការខិតខំរក្សាទីនោះ គឺមានសារៈប្រយោជន៍សំខាន់ទាំងអស់ គឺការចូលរួមជាមួយបរិស្ថានការពារ បន្ថែមទៀតទៅលើការធ្វើទេសចរណ៍ ក៏ដូចជាផ្នែកយុទ្ធសាស្រ្តសម្រាប់ទៅដល់ព្រំដែន ឬឯផ្លូវចាស់ដែលនៅ ១១គីឡូម៉ែត្រ យើងអាចធ្វើទៅជាផ្លូវទេសចរណ៍ ផ្លូវសិក្សាស្រាវជ្រាវ ដែលនៅមានធាតុដើមស្ទើរទាំងស្រុង គ្រាន់តែមួយកំណាត់ មិនទាន់បានរៀបចំនៅឡើយ។

    អ្វីដែលជាការអភិរក្សគឺផ្លូវនេះ គឺដូចគ្នាទៅនិងតំបន់ ចិនយំ ប៉ុន្តែចិនយំនៅសល់ផ្លូវតែ ២គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលជាផ្លូវដើម ហើយដែលមានទីសក្ការៈនៅទីនោះផងដែរ។ បន្ទាប់ពីបានពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្វារអិល (១៥០០) រួចមក លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ក៏បានបន្តចុះត្រួតពិនិត្យនូវតឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពីអតីកាលនៅក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ ចិនយំ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលនៅទីនោះបានបន្សល់ទុកនៅផ្លូវលេខ ៥៦ចាស់ នៅជាប់ជាមួយនឹងផ្លូវអភិវឌ្ឍថ្មី គឺផ្លូវជាតិលេខ៥៥ ដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    បើរំលឹកឡើងវិញពីប្រវត្តិផ្លូវលេខ ៥៦ចាស់ ដែលកាលពីមុន ក្នុងកំឡុងទស្សសវត្សទី៨០ ផ្លូវនេះមានចំណោតខ្ពស់ ធ្វើអោយមានការលំបាកក្នុងការធ្វើដំណើរទៅមក។ នៅលើតួផ្លូវមានសុទ្ធតែដុំ ថ្ម តូច ធំ និងចំណោតខ្ពស់ ដែលបានធ្វើអោយការធ្វើដំណើរតាមផ្លូវលេខ៥៦ ឆ្លងកាត់ត្រង់ចំណុច ចិនយំនេះ ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្ពស់បំផុត។

    តាមរយៈការចុះត្រួតពិនិត្យតំបន់ប្រវត្តសាស្រយោធា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ បានកត់សម្គាល់ឃើញថា៖

    ទីតាំងប្រវត្តិសាស្ត្រយោធា ពិតជាមានសារសំខាន់នៅក្នុងការសិក្សា ដើម្បីលម្អិតខ្លឹមសារ នៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយមានតឹកតាង ប្រវត្តិការណ៍សំខាន់ៗ ជាពិសេសភូមិសាស្ត្រនៃទីតាំងនីមួយៗ គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ដែលជាទីកន្លែង ដែលមានអត្ថន័យជាប្រវត្តិសាស្រ្ត និងយុទ្ធសាស្ត្រ សម្រាប់ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

    ឆ្លៀតក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនគោកលេខ៥០១ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទិសយោធភូមិភាគទី៥។

    លោកឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៤ យោធភូមិភាគទី៥ ក៏បានជំរាបជូនអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ ដែលជាខេត្ត សំបូរទៅដោយធនធានសម្បត្តិធម្មជាតិ និងមានសក្តានុពល លើវិស័យទេសចរណ៍ផងដែរ។ ខេត្តពោធិ៍សាត់ ក៏ជាទីតាំងសមរភូមិក្តៅមួយកាលពីអតីតកាល ហើយត្រូវបានបញ្ចប់សង្រ្គាម ទាំងស្រុងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ហើយប្រជាពលរដ្ឋ និងគ្រួសារកងទ័ពក្នុងខេត្តពោធិ៍សាត់ ត្រូវបានទទួលការយកចិត្តទុកដាក់ជាប្រចាំពីប្រមុខរាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន គ្រប់ទីកន្លែង ដោយបានតភ្ជាប់តំបន់ដាច់ស្រយ៉ាល មកកាន់ទីប្រជុំជន និងទីក្រុង ដែលបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។

    ក្នុងនោះ លោក ទៀ បាញ់ ក៏បានសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មេបញ្ជាការ មេបញ្ជាការរង ប្រចាំទិសទី ៤ យោធភូមិភាគទី ៥ និងនាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនគោកលេខ ៥០១ លើការបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការកសាងអង្គភាពអោយបានរឹងមាំ។ លើសពីនោះ លោក ទៀ បាញ់ ក៏បានប្រគល់ថវិកាដល់បណ្តាអង្គភាព ដែលឈរជើងនៅទិសទី៤ ខេត្តពោធិ៍សាត់ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីផងដែរ៕

    អត្ថបទទាក់ទង