ខ្មែរប៉ុស្ដិ៍ Close

    ស្ពានឈើចំនួន ២កន្លែងនៅក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងត្រូវសាងសង់ជាលូប្រអប់ថ្មីជំនួសវិញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1229
    ស្ពានឈើចំនួន ២កន្លែងនៅក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងត្រូវសាងសង់ជាលូប្រអប់ថ្មីជំនួសវិញស្ពានឈើចំនួន ២កន្លែងនៅក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងត្រូវសាងសង់ជាលូប្រអប់ថ្មីជំនួសវិញ

    ស្ពានធ្វើពីឈើចំនួន២កន្លែងនៅតាមដងផ្លូវជួរ មាត់ទន្លេក្នុងភូមិថ្មីសង្កាត់សាមគ្គីដែលរងផលប៉ះពាល់ពីទឹកជំនន់​ទន្លេមេគង្គនិងចាស់ទ្រុឌទ្រោមកន្លងមក ត្រូវបានរុះរើចេញ និងសាងសង់ថ្មីជាលូប្រអប់បេតុងជំនួសវិញ ដើម្បីបម្រើការធ្វើ​ចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ។

    ក្នុងឱកាសចុះពិនិត្យសកម្មភាព សាងសង់លូប្រអប់បេតុងចំនួន២នៅសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី១០មិនា​ឆ្នាំ២០២១​នេះ លោក ជាម៉ាលីចៅសង្កាត់សាមគ្គីបានស្នើឱ្យ ក្រុមហ៊ុនម៉ៅការពន្លឿនការសាងសង់លូប្រអប់ទាំង២នេះ ឱ្យហើយនៅមុនរដូវវស្សាចូលមកដល់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ទៅមក បានងាយស្រួល ។

    លោកបន្តថា៖លូប្រអប់បេតុងជំនួសស្ពានទាំង២នេះ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទផ្តល់ឱ្យសាងសង់ថ្មីឱ្យ​មានគុណភាព​ជាងមុន ដើម្បីធានាដល់ការប្រើ ប្រាស់យូរអង្វែង ក្នុងការដឹកកសិផលផ្សេងៗរបស់កសិករទៅមកនៅតំបន់នេះ ។

    លោក ឡើកហេង ប្រជាពលរដ្ឋរស់នៅ ភូមិថ្មីសង្កាត់សាមគ្គីបានទទួលស្គាល់ថា៖ តាមការពិនិត្យជាក់ស្តែង ស្ពានឈើពីមុន​នោះពិតជាចាស់ទ្រុឌទ្រោមមែន ហើយបើទុកនៅរដូវវស្សានេះពេលធ្វើដំណើរឆ្លងកាត់អាចគ្រោះថ្នាក់ ព្រោះនៅតំបន់នេះ​ទឹកទន្លេមេគង្គឡើងមកលិចនិងហូរខ្លាំងផង។

    លោកសាទរណាស់ព្រោះនៅពេលមានស្ពានលូបេតុងថ្មី ប្រជាពលរដ្ឋលែងព្រួយបារម្ភ ព្រោះវាខ្ពស់ ទឹកលែងលិច ខែវស្សាក៍ស្រួលធ្វើដំណើរ ចេញចូលទៅទីរួមខេត្ត កូនចៅទៅសាលារៀន ឈឺថ្កាត់ទៅមណ្ឌលសុខភាពក៏ឆាប់រហ័ស។

    លោកនូវណ្ណប្រធានក្រុមម៉ៅការសាងសង់បានអះអាងថា៖លូប្រអប់ទាំងពីនេះក្រុមការងារនិងពន្លឿនការស្ថាបនាឱ្យហើយមុន រដូវទឹកឡើងនិងធ្វើឱ្យមានគុណភាពត្រូវតាមស្តង់ដារនៃគម្រោង របស់ក្រសួងអភិវឌ្ឍជនបទបាន រៀបចំឡើង។

    លោកបន្តថា៖ ស្ពាន-លូបេតុង ថ្មីនេះទំហំនីមួយៗ មានទទឹង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រនិងកំពស់ជាង៣ម៉ែត្រ​សាងសង់ឱ្​​យខ្ពស់ផុត​ពីទឹកនៅខែវស្សា។

    សូមបញ្ជាក់ថា៖លូប្រអប់បេតុងទាំង២ទាំងនេះ-ជាការតភ្ជាប់តាមជួរផ្លូវមាត់ទន្លេដែលមានចម្ងាយផ្លូវជាង២០គីឡូម៉ែត្រនិងមានប្រជាពលរដ្ឋរស់នៅជាច្រើនរយគ្រួសារ នៅក្នុងភូមិ ចំនួន៣ក្នុងនោះមានភូមិថ្មី-ភូមិហាងខូសួន-ភូមិខាំផាន់-ក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ៕

    អត្ថបទទាក់ទង