ខ្មែរប៉ុស្ដិ៍ Close

    ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ពង្រឹងសមត្ថភាព ប្រជាសហគមន៍នេសាទ​ឱ្យនាំគ្នាអភិរក្ស​កូនសត្វផ្សោត​មេគង្គ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1769
    ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ពង្រឹងសមត្ថភាព ប្រជាសហគមន៍នេសាទ​ឱ្យនាំគ្នាអភិរក្ស​កូនសត្វផ្សោត​មេគង្គខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ពង្រឹងសមត្ថភាព ប្រជាសហគមន៍នេសាទ​ឱ្យនាំគ្នាអភិរក្ស​កូនសត្វផ្សោត​មេគង្គ

    ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានរៀបចំយន្តការពង្រឹងសមត្ថភាព ប្រជាសហគមន៍នេសាទនៅក្នុង​ស្រុកសៀមបូក ដើម្បីបង្កើនការអភិរក្សសត្វផ្សោតមេគង្គនិង គ្រប់គ្រងធនធានជីវចម្រុះ ឲ្យមានប្រសិទ្ធភាព ។

    ក្នុងកិច្ចប្រជុំពង្រឹងការងារអភិរក្សសត្វផ្សោតមេគង្គ នៅភូមិត្បូងខ្លា ឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤មីនាឆ្នាំ២០២១នេះ លោកវង់សាវឿន នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថា៖សមាជិកសហគមន៍នេសាទត្រូវធ្វើប្រតិបត្តិការរួមគ្នាអភិរក្សសត្វផ្សោតមេគង្គនិងត្រីមេពូជដែលកំពុងប្រឈមទៅនឹងការផុតពូជ។

    លោកបន្តថា៖យន្តការអភិរក្សនេះប្រជាសហគមន៍ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ ប្រសិនបើមានបទល្មើស​នេសាទខុសច្បាប់កើតឡើង ត្រូវពន្លឿនការផ្តល់ព័ត៌មាន បង្ហាញភូមិសាស្ត្រ ប្រាប់ពីមុខសញ្ញាឲ្យបានរហ័ស និងរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា ។

    លោក ម៉ម សោភណ្ឌនាយប៉ុស្តិនគរបាលឃុំសៀមបូកបានអះអាងថា៖នៅអន្លង់អភិរក្សផ្សោតត្បូងខ្លានេះពិតជាមាន កូនសត្វផ្សោតកើតថ្មីមែន ព្រោះនៅពេលចុះល្បាតម្តងៗតែងជួបប្រទះវាហែលបង្ហាញខ្លួនតាមមេរបស់វា។

    លោកបន្តថា៖នៅតំបន់ស្នូលនេះមានប្រជាអ្នកនេសាទមួយចំនួន ចេះតែលួចលាក់ធ្វើនេសាទខុសច្បាប់ ដូចជាដាក់មងក្រឡាធំ ខ្លះលួចប្រើឧបករណ៍ឆក់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។

    លោក សនស៊ីសារាំង ប្រជាសហគមន៍នេសាទនៅភូមិត្បូងខ្លាឃុំអូរម្រះបានទទួលស្គាល់ថា៖បទល្មើសនេសាទប្រភេទនេះ ពិតជានៅកើតមាន តែបទល្មើសនេះជនសង្ស័យ ច្រើនលួចលាក់ធ្វើនេសាទនៅពេលយប់ ដែលបង្កបញ្ហាប្រឈមក្នុងការចុះបង្ក្រាប ព្រោះ នៅខែប្រាំងក្បាលថ្មផុសចេញពីទឹកច្រើន អាចបង្កគ្រោះថ្នាក់នៅពេលបើកទូកប្រដេញជនសង្ស័យ។

    លោកបន្តថា៖ទោះជាយ៉ាងណាប្រជាសហគមន៍នៅតែព្យាយាមមិនចោលកិច្ចការងារបង្ក្រាបនេះទេ ហើយបើគិតចាប់ពីដើមខែ​មករា មកដល់ពាក់កណ្តាលខែមីនានេះ សហគមន៏និងមន្ត្រីឆ្មាំចុះល្បាតបានចំនួន(២៣លើក)និងបានប្រដេញទូកជន​សង្ស័យទៅដល់ទឹកដីស្រុកសំបូរខេត្តក្រចេះផងដែរ។

    សូមបញ្ជាក់ថា៖

    សត្វផ្សោតមេគង្គនៅអន្លង់ត្បូងខ្លាក្នុងខែមីនានេះ កើតកូនបានមួយទៀត ដូចនេះប្រជាសហគមន៍​នេសាទនៅតាមបណ្តាមូលដ្ឋាន ត្រូវបង្កើនការចុះល្បាតឱ្យ​បានញឹកញាប់ដើម្បីថែរក្សាវាឱ្យរស់នៅបានគង់វង្ស៕

     

    អត្ថបទទាក់ទង