ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះ MOU ជាមួយក្រុមហ៊ុន Microsoft ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បច្ចេកវិទ្យា 994

បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃ ការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី (Microsoft) ដើម្បីសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងក្រោមអធិបតី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft )ប្រចាំតំបន់អាស៊ីតាមរយៈប្រព័ន្ធវីដេអូ។

អនុស្សរណៈនៃការយោគយល់នេះក៏មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធាន មនុស្សជំនាញការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចូលក្នុង កម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សានេះ គឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សូមលើកទឹកចិត្តឱ្យសិស្ស-និស្សិត ពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការមកដល់ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

លោក ជា វ៉ាន់ដេត បានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថល ទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សាផងដែរ៕

អត្ថបទទាក់ទង