ខ្មែរប៉ុស្ដិ៍ Close

    ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងកើនឡើងក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1626
    ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងកើនឡើងក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះការនាំចេញពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងកើនឡើងក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ

    ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្តងើបឡើងវិញនៅឆ្នាំ ២០២១ នេះ ដោយតួលេខនៃការនាំចេញមានការកើនឡើងក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ។

    ទិន្នន័យពីសមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (KITA) បានបង្ហាញថាក្នុងខែមករានិងកុម្ភៈ ប្រទេសកម្ពុជាបាននាំចេញផលិតផលដែលមានទំហំទឹកប្រាក់ប្រមាណ ៦៤ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលកើនឡើងជាង ២,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    ក្នុងអំឡុងពេលនោះ ទិន្នន័យបានបង្ហាញថាប្រទេសកម្ពុជាបាននាំចូលទំនិញដែលមានទំហំទឹកប្រាក់ប្រមាណជា ៩៣ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង ពោលគឺធ្លាក់ចុះ ៣,៨ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

    ពាណិជ្ជកម្មទ្វេភាគីមានទំហំទឹកប្រាក់ចំនួន ១៥៨ លានដុល្លារ ពោលគឺថយចុះ ១,១ ភាគរយពីពាណិជ្ជកម្មដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    ផលិតផលកម្ពុជាដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើនគឺសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។ ការនាំចូលចម្បងរបស់កម្ពុជាពីកូរ៉េខាងត្បូងរួមមានរថយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។

    ការនាំចេញរបស់កម្ពុជាដែលមានការកើនឡើងក្នុងរយៈពេលនេះកើតឡើងស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរឈានទៅរកការចុះហត្ថលេខាជាផ្លូវការនិងការផ្តល់សច្ចាប័ន ខណៈដែលការចរចារចុងក្រោយរបស់ខ្លួនត្រូវបានបញ្ចប់កាលពីខែកុម្ភៈកន្លងទៅ។

    កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខាជាផ្លូវការក្នុងឆមាសទីមួយនៃឆ្នាំនេះ ខណៈដែលមន្រ្តីនៃប្រទេសទាំងពីរមានក្តីសង្ឃឹមខ្ពស់ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

    កាលពីឆ្នាំ ២០២០ កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញផលិតផលក្នុងទំហំទឹកប្រាក់ចំនួន ៣១៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលធ្លាក់ចុះ ១៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ នៅឆ្នាំ ២០២០ ព្រះរាជាណាចក្រកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងវិញក្នុងទំហំទឹកប្រាក់ចំនួន ៥៦៧ លានដុល្លារ ពោលគឺធ្លាក់ចុះ ៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩៕ Khmer Times

    អត្ថបទទាក់ទង