ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលថៃ ផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារ នៅតាមមណ្ឌលចត្តាឡីស័ក នៃព្រំដែនកម្ពុជា-ថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2055
រាជរដ្ឋាភិបាលថៃ ផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារ នៅតាមមណ្ឌលចត្តាឡីស័ក នៃព្រំដែនកម្ពុជា-ថៃរាជរដ្ឋាភិបាលថៃ ផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារ នៅតាមមណ្ឌលចត្តាឡីស័ក នៃព្រំដែនកម្ពុជា-ថៃ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកប៉ាន់យ៉ារ៉ាក់ ភូលថាប់ (Panyarak POOLTHUP) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលពិធីប្រគល់ និងទទួលនេះ បានប្រារព្ធធ្វើនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ជំនួយនេះគឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា៖

“រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ពលករកម្ពុជាដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ”។

លោក ប្រាក់ សុខុន បានបន្ថែមថា ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ។

គួររម្លឹកថា ចាប់តាំងពីមានព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៅព្រះរាជាណាចក្រថៃ កាលពីពេលកន្លងមក កម្ពុជាបានរឹតបន្តឹងវិធានការចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដោយតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនតែម្តង។ ប៉ុន្តែក្រោយមក ដោយស្ថានការណ៍បានធូរស្រាលច្រើន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបងប្អូនពលករ ដែលបានធ្វើដំណើរត្រលប់មកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតរៀងៗខ្លួន ដោយរ៉ាប់រងការដឹកជញ្ជូន តាមវិធានការសុវត្ថិភាពយ៉ាងម៉ត់ចត់ រួមទាំងការហូបចុក ៕

អត្ថបទទាក់ទង