ខ្មែរប៉ុស្ដិ៍ Close

    TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់លោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានាធិបតីឡាវ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1772
    TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់លោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានាធិបតីឡាវTOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់លោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានាធិបតីឡាវ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះ លោក ថងលុន ស៊ីសុលីត ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ។

    ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»។

    សម្តេចបានចាត់ទុកថា ការជ្រើសតាំងដ៏ស័ក្តិសមសម្រាប់ លោក ថងលុន ស៊ីសុលីត ក្នុងមុខតំណែងកំពូលនេះ បានសបញ្ជាក់ឱ្យឃើញអំពីទំនុកចិត្ត និងការជឿជាក់ខ្ពស់របស់ប្រជាជនឡាវ ចំពោះសមត្ថភាពដឹកនាំ និងការលះបង់ក្នុងការបម្រើជាតិមាតុភូមិរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ ជាពិសេសក្នុងការដឹកនាំប្រទេសឡាវ ឆ្ពោះទៅរកវិបុលភាព និងអនាគតកាន់តែភ្លឺស្វាង។

    សម្តេចបាន សម្ដែងនូវអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ លោក ថងលុន ស៊ីសុលីត សម្រាប់ការពូនជ្រុំទំនាក់ទំនងជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

    សម្តេចបញ្ជាក់ទៀតថា៖ «ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស យើង ដែលផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន មិនត្រឹមតែបានចូលរួម ចំណែកដល់សុខុមាលភាពរបស់ប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកដល់ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់របស់យើង ព្រមទាំងពិភពលោកទាំងមូលផងដែរ»។

    សម្តេចតេជោ បានសម្ដែងនូវការប្តេជ្ញាចិត្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយករដ្ឋមន្រ្តីបន្តវេនពី លោក ថងលុន ស៊ីសុលីត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ លើគ្រប់វិស័យទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផល ប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ព្រមទាំងដើម្បីវិបុលភាពកាន់តែធំធេងរបស់សហគមន៍ អាស៊ាន និងសកលលោក។

    សូមបញ្ជាក់ថា លោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ត្រូវបានសម័យប្រជុំរដ្ឋសភាឡាវ (NA) នីតិកាលទី ៩ នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះជំនួស លោក ប៊ុនញាំង វរជីត (Bounnhang Vorachit)។

    បន្ទាប់ពីបានឡើងកាន់តំណែងជាប្រធានាធិបតីឡាវ លោក Thongloun បានប្តេជ្ញាថា នឹងធ្វើការយ៉ាងសកម្មជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវ, មេដឹកនាំរដ្ឋឡាវ និងប្រជាជនឡាវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថេរភាព កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ លោកក៏បានសន្យាគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាជនឡាវផងដែរ។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំ LPRP និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូប ក៏ដូចជាអតីតមេដឹកនាំអតីតយុទ្ធជន សមាជិករដ្ឋសភា និងភ្ញៀវដែលបានអញ្ជើញជាច្រើនរូបទៀតផងដែរ៕

    ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖

    អត្ថបទទាក់ទង