ខ្មែរប៉ុស្ដិ៍ Close

    ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា កោតសរសើរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2219
    ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា កោតសរសើរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុតឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា កោតសរសើរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុត

    នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះ លោកស្រី Teo Lay Cheng បានគោរពអរគុណលោកនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអោយលោកស្រីបានចូលជួបក្នុងពេលដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    លោកស្រីឯកអគ្គរដ្ឋទូតថ្មី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកស្រី។ ជាមួយគ្នានោះដែរលោកស្រី ក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។

    ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រី បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរនៅមានសក្ដានុពលច្រើនទៀត។ នៅក្នុងបេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ លោកស្រី ថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជា។ លោក បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកស្រីពាក់ព័ន្ធនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ក្នុងនោះ លោក ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺមានជាយូរលង់ណាស់មកហើយដែលចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យដោយបានភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាតាំងពីពេលនោះមក។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមដែរថាជំងឺកូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នាដោយបានដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នាមិនតែប៉ុណ្ណោះទេ ថែមទាំងឲ្យយើងពាក់ម៉ាសនៅពេលសន្ទនាជាមួយគ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា យើងត្រូវតែជំនះនូវបញ្ហានេះ គឺយើងត្រូវបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមក និងបន្ថែមជាមួយនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន គឺយើងត្រូវខិតខំធ្វើ ទោះបីយើងត្រូវអនុវត្តការងារនេះតាមគន្លងបែបថ្មីដូចសព្វថ្ងៃយ៉ាងណាក៏ដោយ៕

    អត្ថបទទាក់ទង