ខ្មែរប៉ុស្ដិ៍ Close

    មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ណែនាំដល់កសិករ ប្រមូលផលដំឡូងបារាំងរួច ត្រូវរក្សាពូជ សម្រាប់ទុកដាំឆ្នាំក្រោយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 2756

    មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានណែនាំដល់កសិករពេលប្រមូលផលដំឡូងបារាំងរួច ត្រូវរក្សាពូជទុកសម្រាប់ដាំនៅឆ្នាំក្រោយទៀត ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់ពិសេសមិនបារម្ភខ្វះពូជ ឡើយ។

    លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា ដោយមើលឃើញពីតម្រូវការ ទីផ្សារបច្ចុប្បន្ន មានការពេញនិយមលើដំណាំដំឡូងបារាំងច្រើន ហើយស្ថានភាពដីនៅខេត្តមណ្ឌលគិរី មានអាកាស ធាតុត្រូពិច និងដីមានជីវជាតិល្អផងនោះ មន្ទីរក៏បានចែកពូជដំឡូងបារាំងជូនកសិករ ជិត១០គ្រួសារដែលដាំដុះលើផ្ទៃដីប្រមាណជាង១ហិកតា និងផ្តល់បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេស រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគិតគូរនិងជំរុញឱ្យវិស័យកសិកម្ម មានការរីកចម្រើន ។

    លោកបន្តថា បន្ទាប់ពីផ្តល់ពូជដំឡូងបារាំងជូនកសិករធ្វើការដាំសាកល្បង រយៈពេល៤ឆ្នាំកន្លងទៅឃើញថា ការដាំដុះទទួលបានជោគជ័យខ្លាំងលើសពីការរំពឹងទុក ទាំងគុណភាពនិងតម្លៃ ដូច្នេះហើយមន្ត្រីជំនាញកសិកម្មខេត្ត បានណែនាំប្រជាកសិករ ដែលប្រមូលផលរួច ត្រូវរក្សាពូជល្អៗ ទុកដើម្បីធានាថា ឆ្នាំក្រោយនៅមានពូជដំឡូងបារាំងនេះ ដាំបន្តទៀត ហើយអាចបន្តចែកចាយពូជដំឡូងនេះ ដល់កសិករមួយចំនួនទៀត ដែលមានបំណងចង់ដាំ ធ្វើយ៉ាង ណា ពង្រីកផ្ទៃដីដាំដុះ ឱ្យកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។

    សំឡេង៖« យើងបានណែនាំឱ្យបងប្អូនប្រជាកសិករទាំងអស់ឱ្យទុកពូជដាំនៅឆ្នាំក្រោយទៀតផងដែរ។ហើយយើងសង្ឃឹមថាឆ្នាំក្រោយទៀតមានផ្ទៃដីដាំដុះច្រើនជាងនេះក្នុងការដាំដំឡូងបារាំងព្រោះឆ្នាំនេះយើងឃើញថាដំឡូងបារាំងនេះវាឱ្យផលល្អសម្រាប់បងប្អូនប្រជាកសិករហើយតម្លៃក៏ល្អដែរមួយគីឡូក្រាមបានរហូតទៅដល់ ៦០០០រៀល»។

    លោកប្រធានមន្ទីរ ក៏បានជំរុញលើកទឹកចិត្តដល់កសិករទាំងអស់ ត្រូវចេះសហការគ្នា និងផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក្នុងការដាំដុះ ការថែទាំ ដើម្បីធ្វើយ៉ាងណាឱ្យការដាំដុះរបស់យើង ទទួលបានលទ្ធផលល្អ និងមានគុណភាព ៕

    អត្ថបទទាក់ទង