ខ្មែរប៉ុស្ដិ៍ Close

    ឯកអគ្គរដ្ឋទូតហ្វីលីពីន សង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1234
    ឯកអគ្គរដ្ឋទូតហ្វីលីពីន សង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះឯកអគ្គរដ្ឋទូតហ្វីលីពីន សង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។

    លោកស្រី ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សាំងក្នុងចំនួនច្រើន។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះ វិធានការដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ ។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកស្រី Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

    សម្តេចប្រធានបានសម្តែងនូវការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានានៅក្នុងនោះការចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈ ជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

    សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាកម្ពុជានិងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ជាពិសេសលើវិស័យការទូតសភានៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។

    សភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ហ្វីលីពីន ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

    ជាចុងបញ្ចប់ លោកស្រីឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕

    អត្ថបទទាក់ទង