ខ្មែរប៉ុស្ដិ៍ Close

    ជីវប្រវត្តិសង្ខេបរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទើបទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ នគរគំនិត 3013
    ជីវប្រវត្តិសង្ខេបរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទើបទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ជីវប្រវត្តិសង្ខេបរបស់លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលទើបទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

    លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ទទួលមរណភាពដោយជំងឺកូវីដ-១៩ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​មេសា ក្នុង​ពេល​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ លោក​គឺ​ជា​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដំបូង​គេ ដែល​ទទួល​អនិច្ចកម្ម​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។ ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថាជា​ផលិតករ​ខ្សែ​ភាពយន្ត​ជើង​ចាស់និង​ជា​អ្នក​និពន្ធ​ដ៏​មាន​ទឹក​ដៃ​ លោក ម៉ៅ អាយុទ្ធ បាន​ចំណាយ​ពេល​​ពេញ​មួយ​ជីវិតរបស់​លោក បង្កើត​ស្នាដៃជា​ច្រើន ទាំង​ខ្សែ​​ភាពយន្ត​និង​អក្សរសិល្ប៍​ ។ តើ​លោក ម៉ៅ អាយុទ្ធ មាន​ដំណើរ​ជីវិត​យ៉ាង​ណា?

    លោក ម៉ៅ អាយុទ្ធ កើត​នៅ​ឆ្នាំ​១៩៤៤ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។ លោក​មាន​ឪពុក​នាម ម៉ែន ឌឿន និង​ម្ដាយ​នាម ហៀង តៃស៊ិន​។ លោក​បាន​ចូល​រៀន​ថ្នាក់​បឋមសិក្សា​ក្នុង​ឆ្នាំ​១៩៥០ នៅ​សាលាបឋមសិក្សា​ពាម​ជីកង ទីរួម​ស្រុក​កង​មាស នៅ​ខេត្ត​កំពង់ចាម​។ លុះ​ពេល​បាន​អាយុ​១០​ឆ្នាំ កុមារា​ ម៉ៅ អាយុទ្ធ បាន​ចាកចេញ​ពី​ស្រុក​កំណើត មក​រស់​នៅ​ជាមួយ​អ្នក​និពន្ធ​បទ​ភ្លេង លោក ពៅ ស៊ីផូ ដែល​ជា​ឪពុក​មា​ខាង​ម្ដាយ នៅ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

    នៅ​ភ្នំពេញ លោក ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ហើយ​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​នៅ​ឆ្នាំ​១៩៦៥​។ នៅ​ឆ្នាំ​១៩៦៥​នោះ​ដែរ លោក​បាន​ទទួល​វិញ្ញាបណ្ណបត្រ «សម្បទា​ខាង​វិជ្ជាជីវៈ​និពន្ធ​រឿង​ភាពយន្ត» បន្ទាប់​ពី​បាន​ចូល​រៀន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស នៅ​ក្រសួង​ឃោសនាការ​ ចំនួន​២​ឆ្នាំ​។

    លោក ម៉ៅ អាយុទ្ធ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ កញ្ញា សូ សាម៉ូនី នៅ​ឆ្នាំ​១៩៦៣ ហើយ​ផ្លាស់​មក​រស់​នៅ​សង្កាត់​លេខ​៦ រហូត​ដល់​ដើម​ឆ្នាំ​១៩៧៥​។ នៅក្នុង​សម័យ​ប៉ុលពត លោក​ត្រូវ​ពួក​បន​អាវ​ខ្មៅ ជន្លៀស​ឲ្យ​ទៅ​នៅ​ភូមិ​ជ្រាប់ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។ ហើយ​ក្រោយ​ពី​នោះ​មក លោក​បាន​វិល​ត្រឡប់​មក​នៅ​ភ្នំពេញ​វិញ ដោយ​បម្រើ​ការងារនៅ​ក្រសួង​ព័ត៌មាន​​រហូត​មក​ទល់​បច្ចុប្បន្ន។

    ដ្បិត​តែ​បម្រើ​ការងារ​នៅក្រសួង​ព័ត៌មាន តែ​លោក ម៉ៅ អាយុទ្ធ ដែល​មាន​ជំនក់​ចិត្ត​​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​​ការ​តែងនិពន្ធ លោក​បាន​បូជា​កម្លាំង​កាយ​ចិត្ត​យ៉ាង​ច្រើន​ទៅ​លើ​ការងារ​នេះ​។ នៅ​ក្នុងផ្នែក​ប្រលោមលោក លោក ម៉ៅ អាយុទ្ធ បាននិពន្ធ​រឿង​ស្នេហ៍​ភ្លើង​លោក រឿង​ដី​បែក​ក្រហែង រឿង​នាទី​ចុង​ក្រោយ រឿង​ផ្កាយវង្វេង​មេឃ និង​រឿង​បិទ​ភ្នែក​ហែក​ទ្រូង​ជា​ដើម​។ លោក​ក៏​បាន​និពន្ធកំណាព្យ​ដែរ ជាអាទិ៍៖ ឋានសួគ៌​ងងឹត យប់​កណ្ដាលថ្ងៃ ក្រឡេក​មើល​ខ្មែរ​ថ្មី និង​សំឡេង​សាដៀវ​។ នៅ​ក្នុង​ផ្នែកភាពយន្ត​វិញ សាធារណជន​ស្គាល់​លោក ម៉ៅ អាយុទ្ធ តាម​រយៈ​ស្នាដៃ ចុង​ស្រល់ ឆ្អឹង​អណ្ដែត អណ្ដាត​ដុះ​ឆ្អឹង ស្រមោល​អភមង្គល នេសាទក្រពើ និង​រឿង​ហ្លួង​ព្រះ​ស្ដេចកន​ ជា​ដើម​។

    មរណភាព​លោក ម៉ៅ អាយុទ្ធ ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​អក្សរសិល្ប៍​និង​ខ្សែ​ភាពយន្ត ចាក់​ទុក​ថា ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​កម្រ​មួយ​រូប។​ និង​ជា​ពិសេស​គឺ​បាត់​បង់​មរតក​មនុស្ស​រស់​ដែល​មាន​សេចក្ដី​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មាតុភូមិ ដូច​កំណាព្យ «ស្ដាប់​សូរ​សាដៀវ» ដែល​លោក​សរសេរ​និង​ជាប់​ជា​ស្នាដៃ​ពាន​រង្វាន់​តែង​និពន្ធ​ក្រប​ខណ្ឌ​អាស៊ាន ឆ្នាំ​២០១១៖

    ស្ដាប់ភ្លេង​សាដៀវ​សូរ​សព្ទ​ទូង​ៗ           ដេញ​ស្អំដើម​ទ្រូង​បំពេរ​ជាតិ​ខ្មែរ

    ឲ្យ​ឮឲ្យ​ចាំ​បណ្ដាំ​ពុក​ម៉ែ                       ផ្ដាំ​ឲ្យ​កូន​ថែ​មាតុភូមិ​កម្ពុជា​។

    សាដៀវ​ថ្នាក់​ថ្នម​អម​ដោយ​ឈើ​ប៉ី         ច្រៀង​ដាស់​ប្រុស​ស្រី​ដែល​ធ្លាប់​វេទនា

    ភ្ញាក់​ឡើង​សាង​ជាតិ​ឲ្យ​បាន​គ្រប់​គ្នា       កុំ​នៅ​រេរា​នាំ​គ្នា​មូល​មិត្ត។

    ប្រទេស​ឈាន​បាន​រុង​រឿង​ថ្កុំថ្កើង        ត្រូវ​ខំឈាន​ឡើង​សាមគ្គី​រួម​ចិត្ត

    ភ្ញាក់​រឭកខ្ពស់​ស្មោះ​ត្រង់​ស្នេហ៍​ស្និទ្ធ     ខុស​ត្រូវ​ចេះ​គិត​ត្រង់​ទៅ​ត្រង់​មក​៕

    ប្រភព៖ RFI