ខ្មែរប៉ុស្ដិ៍ Close

    ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងអត្រា ៤% នៅឆ្នាំ២០២១ ហើយកើនខ្ពស់ ៥.៥% នៅឆ្នាំ២០២២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ឯកសារ 1309
    ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងអត្រា ៤% នៅឆ្នាំ២០២១ ហើយកើនខ្ពស់ ៥.៥% នៅឆ្នាំ២០២២ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងអត្រា ៤% នៅឆ្នាំ២០២១ ហើយកើនខ្ពស់ ៥.៥% នៅឆ្នាំ២០២២

    សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង៤,០% នៅឆ្នាំនេះ និង៥,៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូ ពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។

    នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ៣,១% ក្នុងឆ្នាំ២០២០ ដោយសារការរាតត្បាត ជាសកលនៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់មក រកកំណើនវិញក្នុងឆ្នាំ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឲ្យបានដិតដល់»។

    យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃឧស្សហកម្មធនស្រាល ផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។

    វិស័យកសិកម្មត្រូវបានរំពឹងថា នឹងកើនឡើង១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើង នៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

    វិស័យសេវាកម្ម នឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រង ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុក ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើឲ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថា នឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវបានរំពឹងថា អាចជួយជំរុញកំណើនផ្នែក សេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹងឧស្សាហកម្មសំណង់។

    លោកស្រី Sunniya Durrani បានឲ្យដឹងថា ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុនមួយចំនួននៅឆ្នាំនេះ ដែលនឹងធ្វើឲ្យការងើបឡើងវិញ នៃសេដ្ឋកិច្ចជារួមមានការយឺតយ៉ាវ។ ហានិភ័យចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាល នៃការផ្ទុះឡើង នៃកូវីដ-១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយ នៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។

    លោកស្រី Sunniya Durrani បន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយ សារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ។

    គូសបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង២,១ពាន់លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន៤៧៧លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។

    ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩៕ Fresh News