ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាលបន្តជួយគាំពារផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យកាត់ដេរ និងវិស័យទេសចរណ៍

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1489
    រាជរដ្ឋាភិបាលបន្តជួយគាំពារផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យកាត់ដេរ និងវិស័យទេសចរណ៍រាជរដ្ឋាភិបាលបន្តជួយគាំពារផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យកាត់ដេរ និងវិស័យទេសចរណ៍

    រាជរដ្ឋាភិបាល បន្តជួយគាំពារផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដើម្បីជួយសម្រួលបន្ទុកជីវភាពប្រចាំថ្ងៃដែលកំពុងមានការខ្វះខាត។

    យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ជាច្រើននាក់ ផងដែរ។

    សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណងទី ១ កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ, ទី២ បន្តសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ, ទី៣ បន្តដាក់ចេញ និងអនុវត្តនូវវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងទី៤ បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដោយផ្អែកតាមលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ១នាក់ ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

    សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនិងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម(E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

    សម្តេចតេជោ បន្តទៀតថា វិធានការ បន្តជួយវិស័យអាកាសចរណ៍ បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

    បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលនៃការពន្យារនេះ។

    បន្ថែមពីនោះទៀត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។

    ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនឹងបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់បុគ្គលឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្តេញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួលឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង ៕ AKP

    អត្ថបទទាក់ទង