ខ្មែរប៉ុស្ដិ៍ Close

មន្ទីពេទ្យមេគង្គកំពង់ចាម បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ ហើយនៅរង់ចាំតែថ្ងៃបើកឲ្យដំណើរការប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2091
មន្ទីពេទ្យមេគង្គកំពង់ចាម បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ ហើយនៅរង់ចាំតែថ្ងៃបើកឲ្យដំណើរការប៉ុណ្ណោះមន្ទីពេទ្យមេគង្គកំពង់ចាម បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ ហើយនៅរង់ចាំតែថ្ងៃបើកឲ្យដំណើរការប៉ុណ្ណោះ

មកដល់ពេលនេះ គម្រោងជួសជុលកែលម្អ មន្ទីពេទ្យមេគង្គកំពង់ចាម សម្រចការងារបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការប៉ុណ្ណោះ។ ទោះយ៉ាងណាក្ដី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការងារដែលនៅសេសសល់ ខណៈដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកអមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ ។ យ៉ាងណាម៉ិញ ដោយការរំពៃទុកមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ ។

ទន្ទឹមនឹងនោះ ដើម្បី ឆ្លើយតបទៅនឹងស្ថានការនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ រួមជាមួយនឹងអ្នកពាក់ព័ន្ធ បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការពន្លឿន ដល់ការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ឲ្យបានឆាប់រួចរាល់ជាស្ថាពរ ដើម្បី ត្រៀមដាក់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំផង ។

បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យខាងលើនេះ សម្រចការងារបាន ១០០% ហើយ ពោលគឺនៅសេសសល់តែការងារសម្អាតតិចតួចប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជាគ្រែសម្រាប់អ្នកជម្ងឺជាដើម បានស្ទើររួចរាល់ទាំងស្រុងផងដែរ។

គូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានជូនដំណឹង អំពីការរកឃើញអ្នកវិជ្ជមាន ជម្ងឺកូវីដ-១៩ ថ្មី ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ចាម ចំនួន ២១នាក់ ។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម សរុបមានចំនួន ៨១នាក់។ ក្រៅពីនោះ ក៏បានរកឃើញអ្នកប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត ហើយកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តកំពង់ចាម ផងដែរ ៕

អត្ថបទទាក់ទង