ខ្មែរប៉ុស្ដិ៍ Close

    រោងចក្រសហគ្រាសកាន់តែមានសុវត្ថិភាពកក់ក្តៅ នៅពេលកម្មករនិយោជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1148
    រោងចក្រសហគ្រាសកាន់តែមានសុវត្ថិភាពកក់ក្តៅ នៅពេលកម្មករនិយោជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នារោងចក្រសហគ្រាសកាន់តែមានសុវត្ថិភាពកក់ក្តៅ នៅពេលកម្មករនិយោជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា

    អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការជឿជាក់ថា នៅពេលកម្មករនិយោជិតទទួលបានវ៉ាក់សាំង គ្រប់ៗគ្នាហើយ គឺមិនមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩នៅរោងចក្រសហគ្រាសទៀតនោះឡើយ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងបង្កើនសមត្ថភាពក្នុងការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតឱ្យបានលឿនរហ័ស ។

    លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមឱ្យបានលឿន ដោយប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនកម្មករនិយោជិត នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា តែត្រូវគោរពតាមនីតិវិធីនានារបស់អាជ្ញាធរ ឃុំ-សង្កាត់ ដើម្បីឱ្យការអនុវត្តន៍យុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់ ។

    លោក ហេង សួរ
    លោក ហេង សួរ

    លោកបានបន្តថា ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះគឺប្រៀបបាននឹងទទួលបានប្រព័ន្ធភាពសុំានៅក្នុងខ្លួន ដើម្បីប្រឆាំងនឹង ជំងឺកូវីដ-១៩។ ដូច្នេះនៅពេលដែលបងប្អូនកម្មករនិយោជិត ទទួលបានវ៉ាក់សាំងកូវីដ-១៩គ្រប់ៗគ្នាហើយនោះ បូករួមទាំងការអនុវត្តន៍វិធាន សុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ បានខ្ជាប់ខ្ជួនទៀតនោះ គឺច្បាស់ជាអាចកាត់ផ្តាច់បាននូវការចម្លងជំងឺ ដ៏កាចសាហាវនេះជាមិនខាន ។

    «ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែបង្កើនលទ្ធភាព សមត្ថភាព នៃការចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតយើង នេះ ហើយនៅពេលដែលយើងទទួលបានវ៉ាក់សាំងគ្រប់គ្នា ឬក៏៨០ភាគរយនៃកម្មករនិយោជិតសរុបនេះ ខ្ញុំជឿជាក់ថា យើងនឹងអាចទទួល បាននូវស្ថិរភាពនៃសង្វាក់ផលិតកម្មរបស់យើង ហើយបងប្អូនកម្មករនិយោជិតរបស់យើង នឹងមិនមានហានិភ័យ ឬរងគ្រោះដោយសារ ជំងឺកូវីដ-១៩ទៀតនោះទេ» ។

    សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ-១៩(ស៊ីណូវ៉ាក់) ជូនដល់ កម្មករនិយោជិតនិងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សម្រាប់ដូសទី១ បានចំនួន ១២៣,៩៧១នាក់ និងដូសទី២បានចំនួន ៥៤,០៤៥នាក់ ៕

    អត្ថបទទាក់ទង