ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ទំនងជានឹងមិនក្លាយជារឿងអតីតកាលនៅក្នុងអនាគតដ៏ខ្លីបានទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1556
កូវីដ-១៩ ទំនងជានឹងមិនក្លាយជារឿងអតីតកាលនៅក្នុងអនាគតដ៏ខ្លីបានទេកូវីដ-១៩ ទំនងជានឹងមិនក្លាយជារឿងអតីតកាលនៅក្នុងអនាគតដ៏ខ្លីបានទេ

មានការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ក្នុងការផលិតឱ្យបាននូវវ៉ាក់សាំងដែលប្រកបទៅដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងពេលមួយដ៏ខ្លី។ ប្រទេសមួយចំនួន ដូចជាសឹង្ហបុរីជាដើម កំពុងតែបោះជំហានយ៉ាងរឹងមាំទៅមុខក្នុងផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន។ បច្ចុប្បន្ន ពលរដ្ឋសឹង្ហបុរីជាង ៨៥ ម៉ឺននាក់ ក៏ដូចជាមានមនុស្សជាង ២៣៥ លាននាក់នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងរួចរាល់ហើយ។

បើទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងនេះក្ដី «ក៏ការឆ្លងនូវមេរោគទម្រង់ថ្មី SARS-CoV-2 នេះ នៅទូទាំងពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈ ពេល ១ សប្តាហ៍ចុងក្រោយនេះដដែល» ពោលគឺក្នុងអត្រាមួយដែលខ្ពស់លើសពីឆ្នាំមុនទៅទៀត។

មិនដល់រយៈពេលមួយខែផង បន្ទាប់ពីប្រទេសសឹង្ហបុរីបានបន្ធូរបន្ថយការរឹតត្បឹត ដោយបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចវិលទៅធ្វើការវិញបាន និងការបើកឱ្យមានសកម្មភាពធំៗឡើងវិញនោះ យើងឃើញមានការផ្ទុះឡើងជាចង្កោមនូវការឆ្លងរីករាលដាលនៃ កូវីដ-១៩ ជាថ្មី ដែលជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនេះចាត់វិធានការរឹតបន្តឹងសុវត្ថិភាពភ្លាមៗ។

ទោះយ៉ាងណា ការវិវត្តទាំងនេះបានបង្កឡើងជាសំណួរចាក់ដោតមួយចំនួន ដែលក្នុងនោះមានសំណួរចម្បងមួយសួរថា តើជីវិតរបស់យើងនឹងអាចវិលត្រឡប់ទៅរកស្ថានភាពធម្មតាដូចកាលពីមុន កូវីដ-១៩ វិញបានដែរឬទេ? ឬមួយក៏យើងត្រូវរស់តាម «សភាពធម្មតាតាមបែបគន្លងថ្មី» ក្នុងរយៈពេលយូរតទៅទៀត?

យើងនៅតែគាំទ្រវិធានការបង្ការការឆ្លងរីករាលដាលនៃ កូវីដ-១៩ យូរបន្តទៅទៀត បើទោះបីជាមានការកើនឡើងនូវចំនួនវ៉ាក់សាំង ក៏ដូចជាជោគជ័យនៃការខិតខំទប់ស្កាត់ការរីករាលដាលនៅប្រទេសសឹង្ហបុរី អ៊ីស្រាអ៊ែល ក៏ដូចជានៅទីកន្លែងផ្សេងទៀតក្នុងពិភពលោកក៏ដោយ។

មានការយល់ខុសជាទូទៅមួយថា គោលនយោបាយបិទខ្ទប់, ការរក្សាគម្លាតសុវត្ថិភាពសង្គម, ការរឹតត្បឹតការធ្វើដំណើរ, ក៏ដូចជាការតាមដានការប្រាស្រ័យទាក់ទងគ្នានោះ គឺមានន័យថាជាការទប់ស្កាត់ការរីករាលដាលវីរុស កូវីដ-១៩ ហើយ។ «ប៉ុន្តែនោះមិនមែនជាការត្រឹមត្រូវទេ»

អ្វីដែលវិធានការទាំងនេះធ្វើ គឺពន្យារពេលនៃការឆ្លងរីករាលដាលនៃមេរោគ រហូតដល់ពេលមានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាពតែប៉ុណ្ណោះ

និយាយក្នុងន័យម៉្យាងទៀត នៅពេលដែលវិធានការទាំងនេះត្រូវបានដកចេញក្នុងពេលដែលភាពស៊ាំក្នុងសហគមន៍មានកម្រិតតិចតួចនៅឡើយ នោះចំនួនករណីឆ្លងនិងករណីស្លាប់នឹងកើនឡើងជាថ្មីម្ដងទៀត។

ដូចអ្វីដែលគេឃើញកើតមាននៅប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន និងដែលធ្លាប់បានកើតឡើងនៅប្រទេសចិន អាមេរិក អ៊ីតាលី ក៏ដូចជានៅទីកន្លែងផ្សេងទៀតកាលពីដំបូងដៃរួចមកហើយថា ប្រព័ន្ធសុខាភិបាលក្នុងស្រុកមិនអាចទប់ទល់នឹងចំនួនករណីឆ្លងដ៏ច្រើនលើសលុបនោះបានទេ។ ជាលទ្ធផលចុងក្រោយ គឺចំនួនមនុស្សស្លាប់នឹងមានអត្រាមួយដ៏ខ្ពស់ដោយចៀសមិនរួចក្នុងចំណោមអ្នកដែលបានឆ្លង។

សូម្បីតែនៅពេលដែលពិភពលោកមិនទាន់មានទំនាក់ទំនងគ្នាច្រើននៅឡើយ មេរោគ «គ្រុនផ្តាសាយអេស្បាញ» កាលពីឆ្នាំ ១៩១៨ ដល់ ១៩១៩ បាន បង្កជារលកនៃការឆ្លងរីករាលដាលចំនួន ៣ លើកធំៗ ដែលបានសម្លាប់មនុស្សប្រមាណ ៤០លាននាក់។

វីរុស កូវីដ-១៩ ក៏មានភាពកាចសាហាវមិនចាញ់មេរោគនេះប៉ុន្មាននោះដែរ ពោលគឺអ្នកស្លាប់ដោយសារ កូវីដ-១៩ បាន កើនលើស ៣លាននាក់ហើយនាពេលបច្ចុប្បន្ននេះ ដែលជាការបង្ហាញថា កូវីដ-១៩ អាច
អាក្រក់លើសមេរោគនោះទៅទៀត ប្រសិនបើគេគ្មានវិធានការបង្ការជាមុនទេនោះ

នេះគឺជាហេតុផលចម្បងមួយដែលធ្វើឱ្យប្រទេសសឹង្ហបុរីបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ ដោយសារតែការមើលឃើញពីការកើនឡើងនៃចំនួនឆ្លងក្នុងសហគមន៍ ហើយប្រទេសនេះក៏ទំនងជានឹងមិនលើកការរឹតត្បិតនាពេលបច្ចុប្បន្ននេះចេញទេ ប្រសិនបើខ្លួនមិនប្រាកដថា ខ្លួនអាចមានការគ្រប់គ្រងបាននូវការផ្ទុះឡើងនៃការឆ្លងជាថ្មីនាពេលអនាគតនោះ។

ដោយកម្មវិធីចាក់វ៉ាក់សាំងកំពុងតែដំណើរការ មនុស្សជាច្រើនសង្ឃឹមថា អត្រាខ្ពស់នៃចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចនឹងអាចធ្វើឱ្យប្រទេសសឹង្ហបុរីឈានដល់ភាពស៊ាំក្នុងសហគមន៍បាន។ ដូចនេះជីវភាពរស់នៅក្នុងប្រទេសនេះ អាចវិលទៅរកសភាពធម្មតាដូចកាលពីមុន កូវីដ-១៩ វិញបាន។

មានហេតុផលចំនួន ៤ ដែលយើងមិនយល់ស្របទៅនឹងគំនិតនេះ។

  • ទី ១ ៖ បើគ្មានបទបញ្ជា ឬគោលនយោបាយបន្ថែម ដែលនឹងលើកទឹកចិត្តឱ្យមនុស្សមកចាក់វ៉ាក់សាំងទេនោះ អត្រានៃការចាក់វ៉ាក់សាំងនឹងមិនទំនងជាខ្ពស់ល្មម ដើម្បីអាចឈានទៅដល់ភាពស៊ាំក្នុងសហគមន៍នាពេលឆាប់ៗណាមួយបាននោះទេ។ បើតាមការរាយការណ៍របស់ក្រសួងសុខាភិបាលសឹង្ហបុរី អត្រានៃអ្នកដែលបានចាក់វ៉ាក់សាំងដូសទី ១ រួច មានចំនួនតិចជាង ២៥% ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេសនេះ។ ដោយមិននិយាយអំពីស្ត្រីមានគភ៌ ក៏ដូចជាក្មេងៗដែលមានអាយុក្រោម ១៦ ឆ្នាំ ដែលនឹងមិនរាប់បញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ គឺសឹង្ហបុរីនៅសល់ផ្លូវវែងឆ្ងាយទៀតក្នុងការឈានទៅដល់អត្រាពី ៦០% ទៅ ៧០% ដើម្បីបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍បាន។
  • ទី ២ ៖ បើទោះបីជាសឹង្ហបុរីអាចឈានដល់ភាពស៊ាំក្នុងសហគមន៍បានក្តី ក៏ពិភពលោកទាំងមូលនឹងនៅតែមិនអាចឈានទៅដល់នៅឡើយ គឺដោយសារតែវ៉ាក់សាំងនៅមិនទាន់មានប្រសិទ្ធភាព ១០០%។ ដូច្នេះហើយ ពលរដ្ឋសឹង្ហបុរីនឹងនៅតែមានហានិភ័យដដែល នៅពេលដែលអ្នកដំណើរបរទេសចូលមកក្នុងប្រទេសនេះ ឬមួយក៏ប្រជាជនសឹង្ហបុរីខ្លួនឯងធ្វើដំណើរចេញទៅបរទេស។ ជាក់ស្ដែង គេជឿថាមេរោគ កូវីដ-១៩ បំប្លែងខ្លួនថ្មីដែលមានដើមកំណើតនៅឥណ្ឌា បានបង្កឱ្យមានការផ្ទុះឡើងជាថ្មីនូវការឆ្លងក្នុងសហគមន៍នៅសឹង្ហបុរីនាពេលចុងក្រោយនេះ។
  • ទី ៣ ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និង Moderna ពេលនេះបានទទួលស្គាល់ថា អ្នកដែលបានចាក់វ៉ាក់សាំងរបស់ខ្លួនរួច ទំនងជានឹងត្រូវការចាក់នូវដូសបន្តថែមទៀតក្នុងអំឡុងពេល ១ ឆ្នាំបន្ទាប់ពីបានចាក់ ដូសទី ២ រួច ដោយសារតែប្រព័ន្ធការពាររបស់ពួកគេបានចុះខ្សោយជាបណ្តើរៗ។ នេះគឺពិតជាបញ្ហាដ៏លំបាកមួយ ដោយសារតែពិភពលោកមិនទាន់ផលិតបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅឡើយ។
  • ទី ៤ ៖ ដូចគ្នាទៅនឹងវីរុសទាំងអស់ដែរ វីរុស កូវីដ-១៩ បាននិងកំពុងបំប្លែងខ្លួនជាទម្រង់ថ្មីៗបន្តទៀត។ ពេលនេះ គេឃើញមានវីរុស កូវីដ-១៩ បំប្លែងខ្លួនថ្មីដ៏គួរឱ្យព្រួយបារម្ភជាច្រើន ដែលអាចបង្កឱ្យមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ហើយមួយចំនួនទៀត អាចចម្លងបានកាន់តែលឿនជាងមុនទៅទៀត។ គេរំពឹងថា «ការបំប្លែងខ្លួនថ្មីនឹងនៅតែបន្តមាន ដរាបណាការផ្ទុះឡើងនៃការឆ្លងជាលក្ខណៈទ្រង់ទ្រាយធំនៅតែមានច្រើននោះ»

ការណ៍ទាំងនេះ បានបង្ហាញថា ទម្រង់ខ្លះនៃវីរុស កូវីដ-១៩ អាចនឹងបន្តចរាចរក្នុងសហគមន៍នៅពេលខាងមុខទៀត គឺដូចគ្នាទៅនឹងវីរុសគ្រុនផ្តាសាយធំដូច្នោះដែរ។

ជាងនេះទៅទៀត គេនៅមិនទាន់ច្បាស់ទេថា តើវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពកម្រិតណាទៅលើវីរុសបំប្លែងខ្លួនថ្មីទាំងនោះ។ ភស្តុតាងបង្ហាញថា វ៉ាក់សាំងខ្លះនាពេលបច្ចុប្បន្ននេះ បន្តការពារពីការឆ្លងធ្ងន់ធ្ងរពីសំណាក់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ប៉ុន្តែមិនបានផ្តល់ការការពារពេញលេញ នោះទេ។

ដូច្នេះ ប្រព័ន្ធភាពស៊ាំដែលកាន់តែពេញលេញ គឺនឹងបានមកពីវ៉ាក់សាំងថ្មីៗដែលផលិតឡើងសម្រាប់តែប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីៗទាំងនោះដោយផ្ទាល់ប៉ុណ្ណោះ។

អ្វីដែលអាចជួយយើងឱ្យវិលមករកសភាពធម្មតាខ្លះៗវិញបាននោះ គឺវាអាស្រ័យទៅលើថា តើការពង្រឹងការការពារក៏ដូចជាការព្យាបាល អាចធ្វើឱ្យវីរុស SARS-CoV-2 នេះមានលក្ខណៈដូចវីរុសគ្រុនផ្តាសាយធំបានដែរឬទេ ទាំងក្នុងអត្រាឆ្លង អត្រាផ្ទុក ក៏ដូចជាអត្រាមរណៈនោះ។

បើយោងទៅតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក មានមនុស្សពី ៥% ទៅ ១៥% នៅក្នុងពិភពលោកបានឆ្លងវីរុសគ្រុនផ្តាសាយធំនេះជារៀងរាល់ឆ្នាំ ដែលក្នុងនោះមានពី ៣ ទៅ ៥ លាននាក់ជាករណីធ្ងន់ធ្ងរ រីឯករណីស្លាប់វិញមានរហូតដល់ទៅ ៦៥ ម៉ឺននាក់។ ដូចគ្នាទៅនឹងវីរុស កូវីដ-១៩ ដែរ ការស្លាប់ភាគច្រើនដែលបណ្ដាលមកពីវីរុសគ្រុនផ្ដាសាយធំ បានកើតឡើងទៅលើក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់ជរានិងមនុស្សដែលមានជម្ងឺប្រចាំកាយជាដើម។

ស្ថិតិនេះបានបង្ហាញថា វីរុសគ្រុនផ្តាសាយធំមិនមែនជាជំងឺស្រាលនោះទេ ប៉ុន្តែយើងបានទទួលយកវាជាផ្នែកមួយនៃជីវិតរបស់យើងរួចទៅហើយ។ យើងមានវ៉ាក់សាំងគ្រុនផ្តាសាយធំហើយ ប៉ុន្តែយើងស្ទើតែគ្មានការឧបត្ថម្ភថវិកា ក៏ដូចជាសឹងតែគ្មានគោលនយោបាយជាធរមានណាមួយក្នុងការគ្រប់គ្រងការរីករាលដាលរបស់វាទេ។

វាអាចទៅរួចដែលថា កូវីដ-១៩ អាចប្រែក្លាយទៅជាដូចគ្រុនផ្តាសាយធំដែរ នៅថ្ងៃអនាគតដូចដែលយើងបានឃើញកាលពីមានការផ្ទុះឡើងនៃវីរុសគ្រុនផ្តាសាយបក្សី H1N1 ដូច្នោះដែរ ប៉ុន្តែគ្រាន់តែវីរុស កូវីដ-១៩ មានលក្ខណៈងាយឆ្លងជាង ហើយងាយនឹងបណ្ដាលឱ្យស្លាប់ជាងតែប៉ុណ្ណោះ។

ដោយត្រូវការពេលវេលា យើងសង្ឃឹមថា យើងនឹងអាចពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ក៏ដូចជាព្យាបាលវីរុសនេះបាន ព្រមទាំងអាចកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ឱ្យបានប្រហាក់ប្រហែលនឹងវីរុសគ្រុនផ្តាសាយធំដែរ បើទោះជាមិនបានទាបជាងនោះក្ដី។

ជាក់ស្ដែង ក្រុមហ៊ុនឱសថធំៗ ដែលរួមមាន Pfizer, Roche និង AstraZeneca កំពុងតែធ្វើតេស្តថ្នាំប្រឆាំងនឹងមេរោគនេះក្នុងទម្រង់ជាថ្នាំគ្រាប់ ដែលកំពុងតែផ្តល់ក្តីសង្ឃឹមដល់ជម្រើសនៃការព្យាបាលនៅតាមផ្ទះ។

មុននឹងទៅដល់ពេលដែលចំនួននៃការចាក់វ៉ាក់សាំងកើនឡើងដល់អត្រាដែលអាចបង្កើតភាពស៊ាំនៅក្នុងសហគមន៍បាន ហើយមុននឹងទៅដល់ពេលដែលការព្យាបាលមានភាពប្រសើរឡើងក្នុងការកាត់បន្ថយអត្រាឆ្លង ក៏ដូចជាកាត់បន្ថយអត្រាមរណៈនោះ យើងនឹងត្រូវតែទទួលយកនូវ វិធានការគម្លាតសង្គម, ការពាក់ម៉ាស់, ការតាមដានការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការរឹតត្បិតការធ្វើដំណើរផងដែរ ដើម្បីចៀសវាងការធ្វើឱ្យប្រព័ន្ធសុខាភិបាលក្នុងស្រុកចុះទន់ខ្សោយ។ ហើយនេះក៏មានន័យថា «វីរុសCOVID-19 នឹងមិនអាចក្លាយជារឿងអតីតកាលនៅក្នុងពេលអនាគតដ៏ខ្លីបាននោះទេ»

ផ្ទុយទៅវិញ យើងត្រូវតែរៀនរស់នៅក្នុងភាពធម្មតាតាមបែបគន្លងថ្មី ហើយត្រូវចូលរួមចំណែកក្នុងការជួយឱ្យជំងឺរាតត្បាតដ៏កាចសាហាវនេះឈានដល់ទីបញ្ចប់ឱ្យបានកាន់តែឆាប់កាន់តែល្អ៕

Channel News Asia

អត្ថបទទាក់ទង