ខ្មែរប៉ុស្ដិ៍ Close

    ស្វែងយល់ពីការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ រវាងវៀតណាមនិងចិន ចំពោះប្រទេសឡាវ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2651
    ស្វែងយល់ពីការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ រវាងវៀតណាមនិងចិន ចំពោះប្រទេសឡាវស្វែងយល់ពីការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ រវាងវៀតណាមនិងចិន ចំពោះប្រទេសឡាវ

    កាលពីខែមីនា ប្រទេសវៀតណាមបានប្រកាសថា ខ្លួនបានផ្តល់អំណោយជាអគារសភាថ្មីមួយដែល មានតម្លៃ ១១១ លានដុល្លារដល់ប្រទេសឡាវ។ ទង្វើនេះបានឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់ទីក្រុងហាណូយចំពោះឥទ្ធិពលរបស់ទីក្រុងប៉េកាំងដែលកំពុងកើនឡើងលើសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន។

    ប្រទេសចិនបានវ៉ាដាច់ប្រទេសវៀតណាមក្នុងនាមជាវិនិយោគិននិងជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេបំផុតសម្រាប់ប្រទេសឡាវ ហើយការរក្សាប្រទេសឡាវឱ្យនៅក្បែរខ្លួនឱ្យបាន ក៏ជាគោលនយោបាយការបរទេសកំពូលដ៏សំខាន់សម្រាប់ប្រទេសវៀតណាមផងដែរ។

    សំណួរសួរថា តើត្រូវចួលរួមប្រកួតប្រជែងបែបណា បើសិនជាមិនមានការចំណាយនោះ?

    ប្រទេសឡាវ គឺជាមិត្តដែលទុកចិត្តបំផុតរបស់ប្រទេសវៀតណាម។ រដ្ឋកុម្មុយនិស្តទាំង២ បានប្រយុទ្ធជាមួយគ្នាប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងអំឡុងសង្គ្រាមវៀតណាម។ វាមានការពិបាកណាស់សម្រាប់ក្រុម Pathet Lao ដើម្បីឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ បើសិនជាគ្មានការគាំទ្រពីទីក្រុងហាណូយនោះ ហើយបើគ្មានការគាំទ្រពីពួកកុម្មុយនិស្តឡាវទេ វិធីសាស្ត្ររបស់ហូជីមិញដែលបានដើរតួយ៉ាងសំខាន់សម្រាប់ជ័យជំនះរបស់វៀតណាមខាងជើងក៏មិនអាចទៅរួចនោះដែរ។

    ការផ្សារភ្ជាប់នៃរបបទាំង២ មានលក្ខណៈពិសេស គឺការបណ្តុះបណ្តាលលទ្ធិសង្គមនិយមនៅប្រទេសវៀតណាមគឺជាកត្តាចាំបាច់សម្រាប់អ្នកនយោបាយឡាវ ដែលមានបំណងប្រាថ្នាចង់ធ្វើជាមេដឹកនាំជាតិ។

    ប្រទេសឡាវគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២ ដែលបក្សកុម្មុយនិស្តវៀតណាម (CPV) ហៅថា បងប្អូន (anh em) និងប្រទេសមួយទៀតគឺ គុយបា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឡាវស្ថិតក្នុងចំណោមអ្នកការទូតអាជីពមួយចំនួនដែលកំពុងកាន់កាប់តំណែងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស។

    ការរស់រាននៃភូមិសាស្ត្រនយោបាយរបស់ទីក្រុងហាណូយក៏ជាប់ទាក់ទងនិងប្រទេសឡាវដែរ។ ប្រទេសវៀតណាមមានព្រំដែនគោកជាប់ជាមួយប្រទេសចិន កម្ពុជា និងឡាវ។ ដោយសារប្រវត្តិសាស្ត្រស្មុគស្មាញនិងការមិនទុកចិត្តគ្នាជារៀងរហូតចំពោះចេតនារបស់ទីក្រុងប៉េកាំងនោះ ទើបទីក្រុងហាណូយបានគិតគូរអំពីយុទ្ធសាស្ត្រក្នុងការបង្កើតជាប្លុកនយោបាយ «ឥណ្ឌូចិន» ឡើងដើម្បីការពារការរំលោភទន្ទ្រាននៅភាគខាងជើង ។

    នៅក្នុងការបរាជ័យលើកចុងក្រោយរបស់ពួកគេកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ វៀតណាមខាងជើង ត្រូវប្រយុទ្ធជាមួយសង្គ្រាមពីសំណាក់ប្រទេសសងខាង ដែលរៀបនឹងធ្វើឱ្យពួកគេដួលរលំទាំងស្រុងទៅហើយ។

    បន្ថែមពីលើនេះទៅ ទៀត «ដោយសារទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីហ៊ុន សែន និងបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងគន្លងរបស់ចិនដោយសុវត្ថិភាព ដូច្នេះប្រទេស
    វៀតណាមមិនអាចបណ្តោយឱ្យបាត់បង់ប្រទេសឡាវទៀតបានទេ»។

    ចាប់តាំងពីវត្តមានរបស់ចិននៅក្នុងតំបន់នេះកំពុងតែកើនឡើងមក ការខ្វែងគំនិតគ្នាខ្លះៗរវាងប្រទេសឡាវ និងវៀតណាមក៏បានកើតមានឡើង។ ប្រទេសឡាវកំពុងព្យាយាមធ្វើខ្លួនឱ្យក្លាយជា «ប្រទេសផលិតថាមពលនៅតំបន់អាស៊ី» តាមរយៈការកសាងគម្រោងវារីអគ្គិសនីជាច្រើននៅតាមដងទន្លេមេគង្គ ដែលភាគច្រើនត្រូវបានផ្តល់មូលនិធិតាមរយៈប្រាក់កម្ចីរបស់ចិន ហើយប្រទេសវៀតណាមក៏បានប្រឆាំងនឹងទំនប់ទាំង នេះ ដោយលើកមូលហេតុអំពីការការពារតំបន់ដីសណ្ដទន្លេមេគង្គ។

    ទីក្រុងហាណូយក៏មានបំណងចង់ដាក់បញ្ហាសមុទ្រចិនខាងត្បូងទៅក្នុងរបៀបវារៈរបស់អាស៊ានដែរ ខណៈដែលប្រទេសឡាវហាក់មិនចាប់អារម្មណ៍លើប្រធានបទនេះទេ ដោយខ្លាចធ្វើឱ្យម្ចាស់ផ្តល់ប្រាក់កម្ចីដ៏ធំជាងគេរបស់ខ្លួន គឺប្រទេសចិនមិនសប្បាយចិត្ត។

    គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI) របស់ទីក្រុងប៉េកាំងត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុងវៀងច័ន្ទ ក៏ប៉ុន្តែមិនទទួលបានការគាំទ្រពីទីក្រុងហាណូយទេ។ អ្នកសិក្សាស្រាវជ្រាវរបស់វៀតណាមខ្លះភ័យខ្លាចថា គម្រោង BRI ដែលរួមបញ្ចូលទាំងផ្លូវដែក Kunming–Singapore ឆ្លងកាត់ប្រទេសឡាវដែលត្រូវ បានរចនាឡើង គឺដើម្បីញែកប្រទេសវៀតណាមចេញពីតំបន់ផ្សេងទៀត។

    នៅពេលដែល ប្រទេសចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅ ភាគខាងត្បូងតាមរយៈគម្រោង BRI នោះ ប្រទេសវៀតណាមកំពុងតស៊ូដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនដែល មានជាយូរមកហើយ។ «ទីក្រុងហាណូយមិនអាចប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុជាមួយទីក្រុងប៉េកាំងក្នុងការផ្តល់ប្រាក់កម្ចីនិងការវិនិយោគបានទេ ដែលស្ថានភាពនេះធ្វើឱ្យទីក្រុងហាណូយព្រួយបារម្ភ ដោយសារធនធានហិរញ្ញវត្ថុគឺជាកត្តាកំណត់ក្នុងការធ្វើឱ្យចំណងមិត្តភាពចិន-កម្ពុជាកាន់តែស៊ីជម្រៅ» ហើយ «ទីក្រុងហាណូយមិនចង់ឃើញប្រទេសឡាវដើរលើផ្លូវដូចគ្នានេះទេ»។

    ក៏ប៉ុន្តែទីក្រុងហាណូយនៅមានសន្លឹកបៀខ្លះអាចយកមកលេងបានដែរ។

    ទី១ ៖ ទំនាក់ទំនងរវាងប្រទេសវៀតណាមនិងឡាវពឹងផ្អែកលើទំនាក់ ទំនងនយោបាយជិតស្និទ្ធដែលបានរីកចម្រើនអស់រយៈ ពេលជាង៤០ ឆ្នាំកន្លងមកហើយ ជាពិសេសទំនាក់ទំនងលើផ្នែកសេដ្ឋកិច្ចនិងវប្បធម៌យ៉ាងជ្រាលជ្រៅរវាងប្រទេសទាំង២។

    ក្រុមហ៊ុនវៀតណាមបានធ្វើប្រតិបត្តិការដោយជោគជ័យនៅប្រទេសឡាវក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ ជាពិសេសនៅខេត្តភាគខាងត្បូង ដូចជាខេត្ត Savannakhet និង Attapeu។ សកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរវាងប្រទេសទាំង២ ស្ទើរតែគ្មានឧបសគ្គ ហើយជនជាតិវៀតណាមជាច្រើនបានចាប់យកឱកាស នេះដើម្បីធ្វើចំណាកស្រុកទៅកាន់ប្រទេសឡាវដើម្បីធ្វើការងារផ្សេងៗ ដោយរាប់ចាប់ពីម្ចាស់ហាងតូចៗ រហូតដល់កម្មករសំណង់ជាដើម។

    ការលាយបញ្ចូលគ្នារវាងប្រជាជននិងប្រជាជនបែបនេះបានធ្វើឱ្យទំនាក់ទំនងវៀតណាម-ឡាវ កាន់តែស៊ីជម្រៅជាងមុន ពេលដែលប្រទេសចិនមានទំនាក់ទំនងស្រដៀងគ្នានេះដែរ។

    ទី២ ៖ ប្រទេសឡាវក៏មានផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងការរក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយវៀតណាមដែរ។ ដោយសារប្រទេស នេះគ្មានសមុទ្រ វៀតណាមបានផ្តល់ផ្លូវល្អបំផុតសម្រាប់ប្រទេសឡាវក្នុងការចូលទៅ សមុទ្រដើម្បីធ្វើពាណិជ្ជកម្ម។

    គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលភ្ជាប់ប្រទេសឡាវជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗរបស់វៀតណាមរួមទាំងផ្លូវដែកដែលត្រូវបានស្នើឡើងពីទីក្រុងវៀងចន្ទន៍ ទៅកាន់កំពង់ផែ ទឹកជ្រៅ Vung Ang របស់វៀតណាមកំពុងត្រូវបានពិចារណា។

    ការផ្តល់ហិរញ្ញប្បទានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ក៏បានធ្វើឱ្យប្រទេសឡាវមានបន្ទុកបំណុលយ៉ាងធ្ងន់ធ្ងរ និងងាយរងគ្រោះដោយសារឧបាយកលរបស់ទីក្រុងប៉េកាំងផងដែរ។ ប្រទេសវៀតណាមផ្តល់លទ្ធភាពក្នុងការទប់ទល់នឹងនិន្នាការនេះ ហើយយុទ្ធសាស្ត្រល្អបំផុតសម្រាប់ប្រទេសឡាវគឺដើរតាមខ្សែបន្ទាត់រវាងប្រទេសជិតខាងធំៗទាំង២ និងទទួលបានផលប្រយោជន៍ពីប្រទេសទាំង២។

    «ការផ្លាស់ប្តូរមេដឹកនាំនៅប្រទេសឡាវ និងវៀតណាមនៅដើមឆ្នាំនេះ អាចបង្ហាញឱ្យឃើញសញ្ញាមួយចំនួនអំពីទំនាក់ទំនងវៀតណាម-ឡាវ-ចិន នាពេលអនាគត»។

    នៅប្រទេសឡាវ នាយករដ្ឋមន្រ្តី Thongloun Sisoulith គឺជាអ្នកនិយាយភាសាវៀតណាមយ៉ាងស្ទាត់ជំនាញត្រូវបានគេ បោះឆ្នោតជ្រើសរើសជាប្រមុខថ្មីនៃគណបក្សបដិវត្តប្រជាជនឡាវ ហើយគាត់ក៏បានដំឡើងតំណែងរបស់មិត្តរួមសាលាកាលពីកុមារភាពរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង ដែលជាកូនស្រីរបស់អ្នកការទូតឡាវ ធ្វើជាជំនួយការកំពូលរបស់គាត់ផងដែរ។

    នៅវៀតណាម អគ្គលេខាធិការ CPV លោក ង្វៀន ភូទ្រុង ក៏មានទំនុកចិត្តក្នុងការលើកកម្ពស់ឋានៈរបស់វៀតណាមនៅអាស៊ីផងដែរ។ ជាងនេះទៅទៀត លោកប្រធានាធិបតី ង្វៀន ស៊ុនហ្វ៊ុក បានបំពេញការងារគួរឱ្យកោតសរសើរ ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ប្រទេសលោកជាមួយរដ្ឋបាលលោក Trump ខណៈពេលដែលនាយករដ្ឋមន្រ្តីដែលទើបឡើងកាន់តំណែងថ្មីៗនាពេលនេះគឺ លោក Minh Chinh ក៏មានបទពិសោធនយោបាយការបរទេសយ៉ាងទូលំទូលាយ រួមទាំងបទពិសោធន៍ធ្វើការនៅស្ថានទូតបរទេសក្នុងនាមជាមន្រ្តីស៊ើបការណ៍សម្ងាត់ផងដែរ។

    គោលនយោបាយការបរទេសជាអាទិភាពរបស់ទីក្រុងហាណូយគឺពង្រឹងបរិស្ថានសន្តិសុខរបស់ខ្លួន។ សម្រាប់ហេតុផលនេះ ប្រទេសវៀតណាមច្បាស់ជាមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសឡាវ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

    គម្រោងផ្លូវថ្នល់ កំពង់ផែ និងផ្លូវដែក ដែលតភ្ជាប់ប្រទេសឡាវជាមួយប្រទេសវៀតណាម នឹងក្លាយជារឿងអាទិភាពមួយ ទោះបីជាមិនមានទំហំ និងល្បឿនដូចជាគម្រោងរបស់ប្រទេសចិនក៏ដោយ។
    ទីក្រុងហាណូយដឹងថា «សូម្បីតែជាមួយមិត្តភក្តិក៏ដោយ ក៏ផលប្រយោជន៍ជាតិគឺជារឿងសំខាន់ជាងដែរ»East Asia Forum

    អត្ថបទទាក់ទង