ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈ ៖ ផ្លូវដ៏លំបាកឆ្ពោះទៅកាន់ការងើបឡើងវិញនៃសេដ្ឋកិច្ចអន្តរជាតិពីវីរុសកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1567
    ទស្សនៈ ៖ ផ្លូវដ៏លំបាកឆ្ពោះទៅកាន់ការងើបឡើងវិញនៃសេដ្ឋកិច្ចអន្តរជាតិពីវីរុសកូវីដ-១៩ទស្សនៈ ៖ ផ្លូវដ៏លំបាកឆ្ពោះទៅកាន់ការងើបឡើងវិញនៃសេដ្ឋកិច្ចអន្តរជាតិពីវីរុសកូវីដ-១៩

    ទំហំដ៏ធ្ងន់ធ្ងរនៃវិបត្តិវីរុសកូវីដ-១៩ នៅឥណ្ឌាអាចនឹងផ្តល់នូវការព្រមានច្រើនសមល្មមដែលថា «មាគ៌ានៃការងើបឡើងវិញនៃវិស័យសុខភាព និងសេដ្ឋកិច្ចពិភពលោកនៅតែមានលក្ខណៈមិនច្បាស់លាស់»។

    ការបិទព្រំដែនរបស់ ប្រទេសនានាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ពិតជាបានជួយកាត់បន្ថយអត្រាឆ្លង ហើយក៏បានជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិផងដែរ។

    ប៉ុន្តែ ការចាក់បញ្ចូលថវិកាដ៏ច្រើនទៅក្នុងសកម្មភាពសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសធំៗនៅលោកខាងលិចអាចនឹងជួយសម្រួលដល់ការបង្កើតការងារនិងប្រាក់ចំណូលក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

    សម្រាប់រយៈពេលវែង ការរឹតត្បិតលើការធ្វើពាណិជ្ជកម្ម ការផ្លាស់ប្តូរចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបម្លាស់ទីរបស់ពលរដ្ឋ នឹងអាចបង្កផលប៉ះពាល់ដល់វិស័យសុខភាពសកលក៏ដូចជាដល់កម្លាំងជំរុញសេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចនាថ្ងៃអនាគត និងសុខមាសភាពរបស់ប្រជាជនរងនូវការធ្លាក់ចុះ។

    ផលវិបាកផ្នែកសុខភាព និងសេដ្ឋកិច្ច ដែលបង្កឡើងដោយវីរុសកូវីដ-១៩ មានទំហំធំធេងណាស់ ហើយកិច្ចសហប្រតិបត្តិការជាអន្តរជាតិពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនលទ្ធភាពក្នុងការទទួល បានសម្ភារៈផ្គត់ផ្គង់ផ្នែកសុខាភិបាល ការព្យាបាល និងបរិក្ខាចាំបាច់ផ្សេងទៀត ក៏ដូចជាការធានាដល់ការបែងចែកវ៉ាក់សាំងប្រកបដោយសមធម៌។

    វាពិតជាចាំបាច់ណាស់ក្នុងការបង្កើតឱ្យមានបទបញ្ញត្តិសុខភាពអន្តរជាតិ និងរបៀបរបបធ្វើចត្តាឡីស័កដែលនឹងធ្វើឱ្យពិភពលោកអាចចាប់ផ្តើមបើកការធ្វើដំណើរជាអន្តរជាតិឡើងវិញជាបណ្តើរៗ និងដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឱ្យបានពេញលេញឡើងវិញ។

    បើគ្មានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិទេនោះ ពិភពលោកនឹងបន្តប្រឈមមុខនឹងវិបត្តិសុខភាពអូសបន្លាយ បូករួមនឹងការជាប់គាំងផ្នែកសេដ្ឋកិច្ចរយៈពេលវែងក្នុងទំហំដែលគេមិនធ្លាប់បានជួបកាលពីមុនមក។

    កិច្ចសហប្រតិបត្តិការជាអន្តរជាតិផ្នែកសេដ្ឋកិច្ចនឹងមានសារៈសំខាន់ក្នុងការគ្រប់គ្រងវិបត្តិ ក៏ដូចជាការផ្តល់នូវការគាំទ្រដល់ការងើបឡើងវិញតាមរយៈការធ្វើពាណិជ្ជកម្ម ការផ្តល់លំនឹងដល់ទីផ្សារ ការបើកឡើងវិញលឿនជាងមុននូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការកាត់បន្ថយថ្លៃដើមនៃការវិនិយោគ។

    ដំណោះស្រាយងាយៗពិតជាមិនមាននោះទេ នៅក្នុងដំណើរការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ខណៈដែលពេលនេះ បណ្តាប្រទេសផ្សេងៗ បាននិងកំពុងស្ថិតនៅក្នុងដំណាក់កាលផ្សេងគ្នានៅក្នុងវិបត្តិនេះ។

    វិធានការជាតិក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ របស់ប្រទេសនីមួយៗនាពេលនេះ ចាំបាច់ត្រូវរួមបញ្ចូលនូវការសហការរបស់តំបន់ និងពិភពលោក ពាក់ព័ន្ធនឹងគោលនយោបាយសុខភាពសាធារណៈ និងសេដ្ឋកិច្ច។

    ពិភពលោកត្រូវធ្វើការដោះស្រាយកត្តាប្រឈមចំនួន២ ក្នុងពេលតែមួយដែលនោះគឺ «កត្តាប្រឈមផ្នែកគោលនយោបាយសុខភាពអន្តរជាតិ និងកត្តាប្រឈមផ្នែកគោលនយោបាយសេដ្ឋកិច្ច នៅក្រោយវិបត្តិវីរុសនេះត្រូវបានបញ្ចប់»។ បរាជ័យក្នុងការដោះស្រាយកត្តាប្រឈមទាំង២ នេះនឹងបន្តបង្កផលប៉ះពាល់ដល់សង្គម ហើយនឹងធ្វើឱ្យមានមនុស្សស្លាប់កាន់តែច្រើន ខណៈពេលដែលផលលំបាកផ្នែកសេដ្ឋកិច្ចក៏នឹងកាន់តែកើនឡើងផងដែរ។

    ពេលនេះគឺជាពេលវេលាដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិក្នុងកម្រិតអតិប្បរមា ដោយសារតែនៅពេលនេះ យើងទាំងអស់គ្នាបាននិងកំពុងតែប្រឈមមុខនឹងសត្រូវតែមួយរួមគ្នា។

    អត្ថបទមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានគូសបញ្ជាក់ហើយថា «ទោះបីជាមានការទទួលស្គាល់ជាទូទៅថា វីរុសកូវីដ-១៩ អាចធ្វើការចម្លងដោយ មិនគិតពីព្រំដែនក៏ដោយ ក៏បទពិសោធន៍មហន្តរាយរបស់ប្រទេសឥណ្ឌាដែលបង្កឡើងដោយវីរុសកូវីដ-១៩ បានធ្វើឱ្យមានការសង្ស័យអំពីឆន្ទៈរបស់សហគមន៍អន្តរជាតិ ក្នុងការសហការគ្នា ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។ យន្តការ «COVAX» ត្រូវបានបង្កើតឡើងដើម្បីធានាឱ្យការចែកចាយវ៉ាក់សាំងអោយមានលក្ខណៈប្រកបដោយសមធម៌។ ប៉ុន្តែការពិត វាហាក់ដូចជាកំពុងតែបង្កឱ្យមានវិសមភាពពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំងទៅវិញ»។

    «កម្មវិធី ដូចជា COVAX ឬការបរិច្ចាគវ៉ាក់សាំងពីសហរដ្ឋអាមេរិក អាចដោះស្រាយភាពមិនស្មើគ្នាពាក់ព័ន្ធនឹងសិទ្ធិក្នុងការទទួលបានឱសថ និងវ៉ាក់សាំង។ ប៉ុន្តែវាអាចត្រឹមតែផ្តល់នូវដំណោះស្រាយដល់បញ្ហាតែចំពោះមុខប៉ុណ្ណោះ ដោយវាមិនបានស្វែងរកដើមហេតុដែលបង្កឱ្យមានការកើនឡើងនូវការចែកចាយវ៉ាក់សាំងដោយមិនស្មើភាពគ្នានៅក្នុងពិភពលោកនោះទេ»។

    ដើម្បីឱ្យការផលិតឱសថអាចត្រូវបានចែកចាយកាន់តែទូទូលាយ បណ្តាប្រទេសសំខាន់ៗដូចជាសហរដ្ឋអាមេរិកជាដើម ចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលគ្រប់គ្រងលើឱសថ។ របបគាំពារកម្មសិទ្ធិបញ្ញាសម្រាប់ឱសថសាធារណៈ ត្រូវតែមានភ្ជាប់នូវលក្ខខណ្ឌខុសគ្នាពីកម្មសិទ្ធិបញ្ញាសម្រាប់មុខទំនិញផ្សេងទៀត។

    នៅក្នុងវិស័យសុខភាពសាធារណៈ ការធ្វើឱ្យឱសថដែលអាចប្រើដើម្បីទប់ស្កាត់ជម្ងឺឆ្លងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ នឹងជួយកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក។

    កាលពីសប្តាហ៍មុន លោក Joe Biden បានធ្វើការជំទាស់នឹងបណ្តាប្រទេសអឺរ៉ុប ដោយលោកបានប្រកាសថា «សហរដ្ឋអាមេរិកនឹងធ្វើការព្យួរប៉ាតង់របស់វ៉ាក់សាំងកូវីដ-១៩ ស្របតាមគំនិតផ្តួចផ្តើមគំនិតរបស់ WTO ដើម្បីបង្កើនការបើកចំហ ដល់ការផ្គត់ផ្គង់វ៉ាក់សាំងទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍដែលកំពុងត្រូវការវ៉ាក់សាំងយ៉ាងខ្លាំង»។

    នេះគឺជាការវិវឌ្ឍដ៏ល្អប្រសើរមួយ។ សហរដ្ឋអាមេរិកបាននិងកំពុងប្រមូលវ៉ាក់សាំងស្តុកទុក។ ហេតុដូច្នេះហើយវិធានការនេះនឹងជួយលុបបំបាត់នូវការចោទប្រកាន់ថា «សហរដ្ឋអាមេរិកកំពុងអនុវត្តនូវការចាត់ចែង
    «វ៉ាក់សាំងដែលមាន លក្ខណៈរើសអើង» ឬ «Vaccine Apartheid»។

    ប៉ុន្តែ វាគឺជាដំណើរផ្លូវដ៏វែងឆ្ងាយមួយ ក្នុងការជំរុញឱ្យសមាជិក WTO ដទៃទៀតដែលរួម មានទាំងអឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសផ្សេងទៀត យល់ព្រមចុះ ហត្ថលេខាលើការព្យួរប៉ាតង់នេះ។

    ប៉ុន្តែ បើទោះបីជាច្បាប់ស្តីពីការលើកលែងកម្មសិទ្ធិបញ្ញានេះអាចទទួលបានការគាំទ្រពីប្រទេសជាសមាជិកទាំង ១៦៤ ក៏ដោយ ក៏វានឹងមិនអាចបញ្ឈប់ទាំងស្រុងនូវការរឹតត្បិតលើសិទ្ធិកម្មសិទ្ធិបញ្ញាដែរ ហើយបណ្តាប្រទេសកំពុងអភិវឌ្ឍ នឹងនៅតែប្រឈមមុខនឹងផលលំបាកក្នុងការអាចទទួលបានចំណេះដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការបង្កើតវ៉ាក់សាំង និងដើម្បីអភិវឌ្ឍកោសិកា ដែលត្រូវការសម្រាប់ការផលិតវ៉ាក់សាំង។ ដើម្បីដោះស្រាយបញ្ហានេះ វានឹងតម្រូវឱ្យមានការធានានូវលំហូរចូលដោយសេរី នូវវត្ថុធាតុដើមដែល មានសារសំខាន់សំរាប់ផលិតកម្មវ៉ាក់សាំងសកល។

    ពាណិជ្ជកម្មគឺជាធាតុដ៏សំខាន់មួយ នៅក្នុងការកសាងសមត្ថភាពវ៉ាក់សាំងសកល និងដើម្បីអាចឈានទៅសម្រេចបានជោគជ័យក្នុងការ ប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត។ គោលនយោបាយពាណិជ្ជកម្មមិនសមស្របបានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរ ដល់លំហូរវ៉ាក់សាំងដោយសេរី និងវត្ថុធាតុដើមសំខាន់ៗរបស់វ៉ាក់សាំង ក៏ដូចជាចំណេះដឹងស្តីពីការផលិតវ៉ាក់សាំង។

    រដ្ឋាភិបាលមួយចំនួន បូករួមទាំងនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងឥណ្ឌា បានដាក់បម្រាម ឬរឹតត្បិតលើការនាំចេញវ៉ាក់សាំង ក៏ដូចជាលើវត្ថុធាតុដើម ដែលត្រូវការជាចាំបាច់សម្រាប់ការផលិតវ៉ាក់សាំង។

    កាលពីខែមុនអគ្គនាយកអង្គការ WTO លោកស្រី Ngozi Okonjo-Iweala ក៏បានជួបជាមួយអ្នកតំណាងរដ្ឋាភិបាល និងអ្នកតំណាងរោងចក្រ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រក្នុងការពង្រឹងខ្សែរសង្វាក់ផ្គត់ផ្គត់ និងដើម្បីសម្រួលដល់លំហូរនៃវត្ថុធាតុដើមនេះផងដែរ។

    ការរក្សាការបើកចំហចំពោះការធ្វើពាណិជ្ជកម្មគឺជាចំណុចអាទិភាពមួយ នៅក្នុងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ ហើយចំណុចអាទិភាព មួយទៀតគឺកាសម្រួលការផលិតនិងការបង្កើនលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំង នៅទូទាំងពិភពលោក។

    ឥណ្ឌានិងអាហ្វ្រិកខាងត្បូងក៏បានស្នើសុំអង្គការ WTO ឱ្យប្រកាសអាសន្នផ្នែកសុខភាពសាធារណៈផងដែរ។ សេចក្តីប្រកាស «Doha» ឆ្នាំ ២០០១ បានអនុញ្ញាតឱ្យបណ្តាប្រទេសនានាមិនចាំបាច់គោរពតាមគោលការណ៍ស្តីពីការការពារប៉ាតង់សម្រាប់ការផលិតឱសថនោះទេ នៅពេលមានការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ដែលវានឹងអនុញ្ញាតឱ្យបណ្តាប្រទេសនានា អាចផលិតវ៉ាក់សាំងដែលជាប់ប៉ាតង់ នៅក្នុងប្រទេសរបស់ពួកគេបាន។

    ប្រទេសអ្នកមាន និងក្រុមហ៊ុនឱសថនៅតែមិនយល់ស្របនឹងការស្នើសុំនេះ បើទោះបីជាសហរដ្ឋអាមេរិក និងចិនបានប្រកាសគាំទ្រការលើកលែងច្បាប់កម្មសិទ្ធិបញ្ញាហើយក៏ដោយ។

    យើងសង្ឃឹមថា «សន្ទុះអន្តរជាតិនឹងទទួលបានសម្លេងគាំទ្រកាន់តែខ្លាំងមិនត្រឹមតែចំពោះផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះកិច្ចសហប្រតិបត្តិការក្នុងការស្តារនិងកសាងសេដ្ឋកិច្ចឡើងវិញផងដែរ»៕ East Asia Forum

    អត្ថបទទាក់ទង