ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ឆែកប្តេជ្ញាពង្រឹងកិច្ចសហការនិងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1449
    កម្ពុជា-ឆែកប្តេជ្ញាពង្រឹងកិច្ចសហការនិងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា-ឆែកប្តេជ្ញាពង្រឹងកិច្ចសហការនិងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ាន

    កម្ពុជា-ឆែក ឯកភាពគ្នាធ្វើកិច្ចសហការនិងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធ ក្នុងក្របខ័ណ្ឌអាស៊ាន នៅពេលដែលប្រទេសឆែកទទួលធ្វើជាប្រធានសហភាពអឺរ៉ុបក្នុងឆមាសទីពីរនៃឆ្នាំក្រោយ ស្របពេលដែលប្រទេសកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន ។

    ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យលោក ម៉ាទីន វ៉ាវរា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពថ្មី នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៨ ខែ ឧសភាឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេស និងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ឱ្យដឹងថា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេស ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ កាលពីខែកញ្ញា ឆ្នាំ ២០០៦ និង ទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩ នៅសាធារណរដ្ឋឆែក បានជួយពង្រឹងបន្ថែមទៀតនូវចំណង ទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងបានជួយបង្កើតសក្តានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

    ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ហើយលោកប្តេជ្ញាចិត្តខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិតថែមទៀត និង ធ្វើឱ្យកិច្ចសហប្រតិបត្តិការនៅលើវិស័យសំខាន់ៗបានប្រកបដោយផ្លែផ្កា។

    លោកជឿជាក់ថា នៅក្នុងអាណត្តិរបស់លោក ក្រោយវិបត្តកូវីដ-១៩ នឹងមានទស្សនកិច្ចទ្វេភាគីរបស់ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ។ លោកក៏បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តីថា លោកបានធ្វើដំណើរ ទៅខេត្តមួយចំនួនរបស់កម្ពុជា រួមមានខេត្តបាត់ដំបង ដើម្បីពិនិត្យមើលសក្តានុពលភាពពាណិជ្ជកម្ម ជាពិសេសផ្នែកកសិកម្មកែឆ្នៃ។

    លោកឧបនាយករដ្ឋ មន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសឆែកដែលបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្ស-និស្សិតកម្ពុជា នាពេលកន្លងមក ហើយដែលនៅក្នុងឆ្នាំសិក្សា២០២១- ២០២២ ប្រទេសឆែកបានផ្តល់ អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាជាភាសា អង់គ្លេសចំនួន ១៧ កន្លែង ដល់និស្សិតកម្ពុជា។

    ភាគីទាំងពីរបានយល់ស្របគ្នាថា កិច្ចប្រជុំពិគ្រោះយោ បល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ គឺជាយន្តការមានសារសំខាន់ និងជួយរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន។

    កិច្ចប្រជុំនេះ ត្រូវបានរៀបចំលើកទី១ នៅប្រទេស ឆែក នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយនឹងត្រូវរៀបចំលើកទី២ នៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

    ភាគីទាំងពីរបានឯកភាពគ្នាធ្វើកិច្ចសហការនិងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធ ក្នុងក្របខ័ណ្ឌអាស៊ាន នៅពេលដែលប្រទេសឆែកទទួលធ្វើជាប្រធានសហភាពអឺរុបក្នុងឆមាសទីពីរនៃឆ្នាំក្រោយ ស្របពេលដែលប្រទេសកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន។

    នៅចុងបញ្ចប់នៃជំនួប លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្ត លោកឯកអគ្គរដ្ឋទូត អញ្ជើញជួបដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីតាមក្រសួងនានារបស់កម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហ ប្រតិបត្តិការជាមួយគ្នាមានផ្លែផ្កាថែមទៀត៕

    អត្ថបទទាក់ទង