ខ្មែរប៉ុស្ដិ៍ Close

វិភាគ ៖ រវាងចិននិងអាមេរិក តើនរណាមានឥទ្ធិពលលើវៀតណាមជាង?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1962
វិភាគ ៖ រវាងចិននិងអាមេរិក តើនរណាមានឥទ្ធិពលលើវៀតណាមជាង? វិភាគ ៖ រវាងចិននិងអាមេរិក តើនរណាមានឥទ្ធិពលលើវៀតណាមជាង?

ខណៈដែលការប្រកួតប្រជែងរវាងចិននិងអាមេរិកកំពុងតែមានភាពតានតឹងខ្លាំង ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីកំពុងមានអារម្មណ៍ថា «រងសម្ពាធពីការបង្ខំឱ្យជ្រើសរើសយកភាគីណាមួយក្នុងចំណោមពួកគេ»។ ក៏ប៉ុន្តែ ប្រទេសមួយចំនួន ដូចជាវៀតណាមជាដើម បានព្យាយាមរក្សាជំហរអព្យាក្រឹត្យរវាងមហាអំណាចទាំង២នេះ និងបានបង្កើនការថ្នមសភាពការណ៍ ដើម្បីអាចទាញយកប្រយោជន៍ពីភាគីទាំង២។

បន្ទាប់ពីរដ្ឋបាលរបស់លោក Biden ឡើងកាន់តំណែងនៅសហរដ្ឋអាមេរិកភ្លាម ទីក្រុងវ៉ាស៊ីនតោនបានសម្រេចពង្រឹងយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិន។

ប្រទេសវៀតណាមដែលទើបឡើងធ្វើជាប្រធានវិលជុំរបស់អាស៊ាន និងបច្ចុប្បន្នជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បាននិងកំពុងតែមានសារសំខាន់កាន់តែខ្លាំងនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងនេះ។

ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមបង្កើនទំនាក់ទំនងជាមួយវៀតណាម និងពង្រឹងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ពួកគេ ដើម្បីរក្សាតុល្យភាពអំណាច និងដើម្បីទប់ទល់នឹងប្រទេសចិន។

ទាំងចិននិងអាមេរិក កំពុងប្រជែងគ្នាបង្កើនឥទ្ធិពលវិជ្ជមានឱ្យបានច្រើនជាងមុនទៅលើវៀតណាមតាមរយៈគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយជាច្រើនទៀត ដែលរួមមានដូចជាផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររបស់សហរដ្ឋអាមេរិក។

ទិន្នន័យស្ទង់មតិថ្មីបំផុតស្តីពីប្រទេសវៀតណាមដែលមានឈ្មោះថា «Asian Barometer Survey-ABS» ដែលបានចេញផ្សាយកាលពីថ្ងៃទី ២ ខែមីនា បានរកឃើញថា «ពលរដ្ឋវៀតណាមជាង ៥០% យល់ថា ចិនមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ខណៈអ្នកឆ្លើយតបត្រឹមតែ ១៤,៦៧% ប៉ុណ្ណោះដែលជ្រើសរើសយកអាមេរិក»។

កាលពីឆ្នាំ ២០១០ អ្នកឆ្លើយតបចំនួន ៤៣,៣២% បានចាត់ទុកចិនជាអ្នកមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ខណៈពេលដែល ១០% បានជ្រើសរើសអាមេរិក។

អ្វីដែលជារឿងដ៏គួរឱ្យចាប់អារម្មណ៍នោះគឺថា «បើទោះបីជាប្រទេសទាំង២ ហាក់ដូចជាបានបង្កើនឥទ្ធិពលរបស់ពួកគេចាប់ពីឆ្នាំ ២០១០ ក៏ដោយ ក៏គម្លាតរវាងចិននិងអាមេរិក បានបន្តរីកកាន់តែធំ ហើយចិនក៏បានវ៉ាដាច់អាមេរិកយ៉ាងឆ្ងាយផងដែរ»។

មានមូលហេតុមួយចំនួនសម្រាប់បញ្ហានេះ

ទី ១ ៖ គឺចិន និងវៀតណាមមានប្រវត្តិទំនាក់ទំនងគ្នាជាយូរណាស់មកហើយ ដោយបានចែករំលែកឥទ្ធិពលគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវប្បធម៌ ប្រពៃណី ភាសា តន្ត្រី និងកំណាព្យ ។ល។ ហើយឥទ្ធិពលដ៏ធំរបស់ចិនមកលើវៀតណាម ក៏បានចាក់ឬសអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយផងដែរ។

កត្តាទី ២ ៖ គឺថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៍ធំជាងគេរបស់វៀតណាមអស់រយៈពេល ១៥ ឆ្នាំមកហើយ ហើយវៀតណាមក៏បានទទួលផលយ៉ាងច្រើនផងដែរ។ មូលហេតុចុងក្រោយគឺថា ចិន និងវៀតណាមមានគោលតម្លៃមនោគមន៍វិជ្ជារួមគ្នា ហើយគំរូអភិវឌ្ឍសេដ្ឋកិច្ចនិងនយោបាយរបស់ចិន ក៏មានឥទ្ធិពលយ៉ាងធំធេងមកលើវៀតណាមផងដែរ។

បើទោះបីជាចិនមានឥទ្ធិពលច្រើនគួរសមនៅក្នុងប្រទេសវៀតណាមក៏ដោយ ក៏ភាគច្រើន ឥទ្ធិពលដែលចិនមានមកលើវៀតណាមមានលក្ខណៈមិនសូវជាវិជ្ជមានប៉ុន្មាននោះទេ។ ផ្អែកតាមទិន្នន័យស្ទង់មតិ «ABS» ពលរដ្ឋវៀតណាមត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ថា «ចិនមានឥទ្ធិពលវិជ្ជមានមកលើប្រទេសរបស់គេ» ខណៈដែលសម្រាប់អាមេរិក តួលេខបានកើនដល់ ៨៥%។

បើនិយាយបែបផ្សេង ពលរដ្ឋវៀតណាមភាគច្រើនលើសលប់មានភាពលម្អៀងទៅរកអាមេរិក និងបានស្វាគមន៍ទីក្រុងវ៉ាស៊ីនតោនឱ្យមកពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

មូលហេតុដ៏ធំបំផុតមួយសម្រាប់ភាពខុសគ្នានេះគឺដោយសារ «ការកើនឡើងនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិង វៀតណាម»។ ថ្មីៗនេះ សកម្មភាពឈ្លានពាននិងភាពហួងហែងកាន់តែខ្លាំងរបស់ចិននៅដែនទឹកមានជម្លោះ បានបង្កើនស្មារតីប្រឆាំងនឹងចិនកាន់តែខ្លាំងនៅក្នុងប្រទេសវៀតណាម។

ដោយផ្អែកលើហេតុផលនេះ វៀតណាមទំនងជានឹងបន្តបង្កើនភាពជាដៃគូកាន់តែរឹងមាំជាមួយអាមេរិក និងស្វែងរកការគាំទ្រពីអាមេរិកដើម្បីអាចជួយឱ្យវៀតណាមសម្រេចបាននូវផលប្រយោជន៍ជាតិនៅតំបន់កំពុងមានជម្លោះ។

ជារួម ពលរដ្ឋវៀតណាមជាច្រើនយល់ថា «ចិនគឺជាជនឈ្លានពានដែលបានធ្វើសង្គ្រាមជាច្រើនដើម្បីព្យាយាមគ្រប់គ្រងលើវៀតណាម»។ សៀវភៅប្រវត្តិសាស្ត្រវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះផ្នត់គំនិតនិងចំណាប់អារម្មណ៍របស់ពលរដ្ឋវៀតណាមពាក់ព័ន្ធនឹងប្រទេសចិន។ វីរៈបុរសរបស់វៀតណាមជាច្រើន ដែលមានឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្របានធ្វើសង្គ្រាមជាច្រើនប្រឆាំងនឹងការឈ្លានពាន និងសកម្មភាពកម្រោលរបស់ចិន។

ដូច្នេះ កត្តាប្រវត្តិសាស្ត្រនិងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ននេះបានបង្កឱ្យមានចំណាប់អារម្មណ៍អវិជ្ជមានពីសំណាក់ពលរដ្ឋវៀតណាមមកលើប្រទេសចិន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការស្ទង់មតិ «ABS» និងជាពិសេស និន្នាការនាពេលកន្លងមកនេះបានបង្ហាញថា «ការប្រកួតប្រជែងរវាងចិននិងអាមេរិកដើម្បីដណ្តើមយកឥទ្ធិពលនៅវៀតណាមមិនមែនជាបញ្ហាចាញ់ឈ្នះដាច់ខាតនោះទេ»។

បើនិយាយបែបផ្សេង ការបង្កើនឥទ្ធិពលវិជ្ជមានរបស់ចិន នឹងមិនធ្វើឱ្យឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះនោះទេ ហើយបើទោះបីជាឥទ្ធិពលរបស់អាមេរិកមានការកើនឡើង ក៏វានឹងមិនបង្កផលប៉ះពាល់ដល់ឥទ្ធិពលរបស់ចិននោះដែរ។

វាអាចទៅរួច ដែលតួអង្គទាំង២ នឹងអាចបង្កើនឥទ្ធិពលវិជ្ជមានលើវៀតណាមក្នុងពេលដំណាលគ្នា ដែលអាចឈានទៅដល់ដំណាក់កាលមួយ ដែលចិននិងអាមេរិកអាចនឹងសហការគ្នា ហើយនឹងអាចសម្រេចបាននូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់ពួកគេរៀងៗខ្លួន។

ប៉ុន្តែ បើផ្អែកលើតថភាពពិតជាក់ស្តែង ទាំងចិននិងអាមេរិកចាត់ទុកគ្នាជាតួអង្គដែលកំពុងប្រកួតប្រជែងនៅក្នុងល្បែងឈ្នះ-ចាញ់ដាច់ខាត ហើយពួកគេក៏បានបន្តបង្កើនភាពតានតឹងនៅក្នុងវិស័យជាច្រើនផងដែរ។

នាពេលថ្មីៗនេះ ទាំងចិននិងអាមេរិក បានផ្តោតកាន់តែខ្លាំងទៅលើវៀតណាម ហើយប្រទេសទាំង២ ក៏បាននិងកំពុងខិតខំពុះពារក្នុងការបង្កើនឥទ្ធិពលវិជ្ជមានកាន់តែច្រើននៅវៀតណាមផងដែរ។

វិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីអាចសម្រេចបាននូវគោលដៅនេះគឺការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ខណៈដែលពលរដ្ឋវៀតណាមជាងពាក់កណ្តាលដែលបានចូលរួមនៅក្នុងការស្ទង់មតិ «ABS» បានចាត់ទុកសេដ្ឋកិច្ចគឺជាចំណុចអាទិភាពទីមួយរបស់ពួកគេ។

ដោយសារចិន និងវៀតណាមបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម «RCEP» ប្រទេសវៀតណាម ជាពិសេសកសិករវៀតណាមនឹងអាចទទួលបានផលពីគោលនយោបាយនាំចេញ ដូចជារនាំងពន្ធគយទាប បូករួមនឹងការទាក់ទាញការវិនិយោគរបស់ចិនកាន់តែច្រើនចូលមកក្នុងប្រទេសវៀតណាម។

ចិនគួរតែឆក់យកឱកាសនេះដើម្បីបង្កើនឥទ្ធិពលវិជ្ជមានរបស់ខ្លួននៅវៀតណាម និងដើម្បីលើកកម្ពស់មុខមាត់ និងអំណាចទន់របស់ខ្លួននៅក្នុងតំបន់។ អាមេរិកក៏គួរតែបង្កើនការវិនិយោគរបស់ខ្លួននៅវៀតណាម បូករួមនឹងការប្រកាន់យកវិធីសាស្ត្រប្រកបដោយសន្តិវិធីពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់

មានតែតាមរយៈគោលនយោបាយទាំងនេះទេដែលអាចជួយឱ្យប្រទេសទាំង៣ ទទួលបានផលប្រយោជន៍ពីស្ថិរភាព និងវិបុលភាពនៅថ្ងៃអនាគត។ The Diplomat

អត្ថបទទាក់ទង