ខ្មែរប៉ុស្ដិ៍ Close

    ហេតុអ្វីបានជាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ានឹងមិនដូចគ្នាទៅនឹងសង្គ្រាមនៅស៊ីរី?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2487
    ហេតុអ្វីបានជាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ានឹងមិនដូចគ្នាទៅនឹងសង្គ្រាមនៅស៊ីរី?ហេតុអ្វីបានជាសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ានឹងមិនដូចគ្នាទៅនឹងសង្គ្រាមនៅស៊ីរី?

    នៅពេលដែលការផ្ទុះគ្រាប់បែកចំនួន ៤ គ្រាប់បានធ្វើឱ្យប៉ូលិស ២ នាក់បានស្លាប់នៅជិតទីតាំងការិយាល័យរដ្ឋបាលទូទៅរបស់យោធា នៅក្នុងក្រុង Yangon កាលពីថ្ងៃសុក្រ វាគឺជាសញ្ញាចុងក្រោយមួយដែលបានបង្ហាញថា «ជម្លោះប្រដាប់អាវុធដ៏រាំរ៉ៃរបស់ប្រទេសនេះបាននិងកំពុងរីករាលដាលពីតំបន់ព្រំដែនមកកាន់តំបន់ទីប្រជុំជនហើយ»

    ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារផ្សេងទៀតទៅលើក្រុមយោធាកាលពីពេលថ្មីៗនេះ បូករួមទាំងការសម្លាប់បាតុករអស់ជាង ៨០០ នាក់ពីសំណាក់របបយោធា បានធ្វើឱ្យមនុស្សមួយចំនួនយល់ថា «អំពើហិង្សានៅមីយ៉ាន់ម៉ាកំពុងតែឈានទៅដល់ការដែលមិនអាចគ្រប់គ្រង់បាន ហើយរដ្ឋនេះអាចនឹងក្លាយទៅជារដ្ឋបរាជ័យមួយ (Failed State)»។

    ប៉ុន្តែ ខណៈពេលដែលអ្នកវិភាគ និងអ្នកសង្កេតការណ៍ជាច្រើនជឿថា «ប្រទេសមីយ៉ាន់ម៉ាអាចនឹងវិវឌ្ឍទៅរកស្ថានភាពសង្គ្រាមស៊ីវិលដូចនៅស៊ីរី ដែលពោរពេញទៅដោយអំពើហិង្សាទ្រង់ទ្រាយធំ, ការបង្ហូរឈាម និងលំហូរជនភៀសខ្លួន» ក៏កត្តាមួយចំនួនអាចនឹងជួយទប់មិនឱ្យរដ្ឋមួយនេះឈានទៅដល់ការដួលរំលំទាំងស្រុងបានដែរ។

    អំពើហិង្សានៅតំបន់ជនភាគតិចដែលបានញាំញីដោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរមកហើយ បាននិងកំពុងកើតឡើងជួនពេលគ្នានឹងការបង្ក្រាបដ៏ឃោរឃៅពីសំណាក់របបយោធានៅក្នុងតំបន់ប្រជុំជនដែលបានជម្រុញឱ្យមានការឆ្លើយតបពីសំណាក់ក្រុមសកម្មប្រយុទ្ធកាន់តែខ្លាំងឡើងៗ។

    ភាពស្ងប់ស្ងាត់នៅតំបន់ជនជាតិភាគតិចត្រូវបានរងនូវការបំផ្លាញនៅក្រោយថ្ងៃទី ២៥ ខែមីនា បន្ទាប់ពីក្រុមឧទ្ទាម Kachin បានវាយយកប៉ុស្តិ៍យុទ្ធសាស្ត្រមួយរបស់យោធាមីយ៉ាន់ម៉ា។

    ការវាយប្រហារបានកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នា នៅទូទាំងរដ្ឋ Kachin និងរដ្ឋ Shan ហើយទាហានជនភាគតិចទាំងនោះក៏បានធ្វើការដណ្តើមកាន់កាប់លើជំរុំរបស់យោធាមីយ៉ាន់ម៉ាកាន់តែច្រើនឡើងៗផងដែរ។

    កងទ័ពរំដោះជាតិការ៉ែន (KNLA) ក៏បានដណ្តើមយកជំរុំយោធាមីយ៉ាន់ម៉ាចំនួនយ៉ាងតិច ២ កន្លែងផងដែរនៅតាមដងទន្លេ Salween ក្នុងទីក្រុង Hpapun ខណៈការប្រយុទ្ធគ្នាក៏បានកើតមានម្តងម្កាលនៅតាមតំបន់ផ្សេងៗទៀតនៅភាគអាគ្នេយ៍របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាទីតាំងប្រតិបត្តិការរបស់កងទ័ព KNLA។

    កាលពីពេលថ្មីៗនេះ ក្រុមទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (Myanmar National Democratic Alliance Army-MNDAA) ក៏បានបើកការវាយប្រហារទៅ លើប៉ុស្តិ៍របស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Shan ផងដែរ។

    ទន្ទឹមនឹងនេះ ការវាយប្រហារនៅតាមតំបន់ទីប្រជុំជនដែលបានធ្វើឡើងពីសំណាក់ក្រុមដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារ បាននិងកំពុងធ្វើឱ្យគេគ្រប់គ្នាគិតថា «ស្ថានភាពនៅមីយ៉ានម៉ាអាចនឹងវិវឌ្ឍទៅរកស្ថានភាពដូចគ្នានឹងនៅប្រទេសស៊ីរី»។

    នៅបណ្តាទីក្រុង នៅភាគកណ្តាលនៃ ប្រទេសមីយ៉ាន់ម៉ា បាតុករអហិង្សាបានចាប់ផ្តើមប្រដាប់ទៅ ដោយអាវុធ ដែលរួមមានដូចជា ជំពាមកៅស៊ូ កាំភ្លើងច្នៃ គ្រាប់បែកសាំង និងសម្ភារៈបំផ្ទុះផ្សេងៗទៀត។ ជាងនេះទៅទៀត ក្រុមបាតុករខ្លះថែមទាំងបានចាប់ផ្តើមធ្វើឃាត លើបណ្តាមន្ត្រីរដ្ឋាភិបាលនិងមនុស្សទាំងឡាយណាដែល ពួកគេយល់ថាជាភ្នាក់ងារសម្ងាត់របស់រដ្ឋ។

    អំពើហិង្សាទាំងនេះមិនត្រឹមតែកើតឡើងនៅក្នុងទីក្រុងធំៗ ដូចជា Yangon និង Mandalay ប៉ុណ្ណោះទេ ដោយក្នុងនោះ រដ្ឋ Chin និងតំបន់ Sagaing ដែលស្ថិតនៅភាគខាងជើងប្រទេស និងជាទីកន្លែងដែលមិនធ្លាប់កើតមានសកម្មភាពបះបោរទាល់តែសោះ ក៏ពេលនេះ អ្នកភូមិបានបង្កើតជាបណ្តាញទាហានឈ្លបដែលមានបំពាក់ទៅដោយអាវុធកែច្នៃ និងបានចាប់ផ្តើមធ្វើការវាយឆ្មក់ទៅលើកងកម្លាំងទាហានរបស់មីយ៉ាន់ម៉ាដែរ។

    ជាងនេះទៅទៀត មូលដ្ឋានអាកាសចំនួន ២ កន្លែងរបស់យោធា នៅក្នុងតំបន់ Magwe និង MeiKtila ក៏បានរងនូការវាយប្រហារដោយគ្រាប់រ៉ូកែតផងដែរ ដែលគ្រាប់រ៉ុកែតទាំងនេះអាចត្រូវបានផ្តល់ឱ្យដោយក្រុមកងទ័ពជនជាតិភាគតិច ហើយអាចត្រូវបានបាញ់ដោយជនស៊ីវិល ឬទាហានរបស់កងកម្លាំងនៃជនជាតិភាគតិច (EAO)។ កាលពីថ្ងៃទី ១៥ ខែមីនា មូលដ្ឋានអាកាសមួយទៀតនៅក្នុងតំបន់ Toungoo ក៏ត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតផងដែរ។

    រដ្ឋាភិបាលបង្រួបបង្រួមជាតិ (National Unity Government-NUG) ដែលជារដ្ឋាភិបាលស្រមោលបង្កើតឡើងដោយសមាជិកសភានៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានងាកទៅបង្កើតកងកម្លាំងការពារពលរដ្ឋ (People’s Defense Force–PDF) កាលពីថ្ងៃទី 5 ឧសភាកន្លងមកនេះ ដើម្បីការពារជនស៊ីវិលពីកម្លាំងសន្តិសុខរបស់របបយោធា។

    ចាប់ពីពេលនោះមក គេឃើញមានការ ប្រកាសអំពីការបង្កើតកងកម្លាំងពលរដ្ឋ (PDF) ថ្មីៗសឹងជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនគឺនៅតំបន់ដែលមានជនជាតិ ភូមាភាគច្រើនរស់នៅ និងនៅតាមបណ្តារដ្ឋជនជាតិភាគតិចមួយចំនួនផ្សេងទៀត។

    បាតុករជាច្រើននាក់ក៏បានធ្វើដំណើរទៅកាន់តំបន់ព្រំដែន និងបានទទួលការហ្វឹកហ្វឺនផ្នែកយោធាពីសំណាក់ក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀតផងដែរ។

    នៅក្នុងដំណាក់កាលនេះវាប្រៀបបាននឹងការត្រៀមរៀបចំការធ្វើសង្គ្រាមស៊ីវិល នៅទូទាំងប្រទេសពីសំណាក់ក្រុមបាតុករ ប្រឆាំងនឹងរដ្ឋប្រហាររួមគ្នាជាមួយក្រុមជនជាតិភាគតិចដើម្បីបើកការតស៊ូទ្រង់ទ្រាយធំមួយដែលអាចឈានទៅដល់ការផ្តួលរំលំរបបយោធាមីយ៉ាន់ម៉ា។

    ប៉ុន្តែខណៈពេលដែលការរីករាលដាលនៃជម្លោះបាននិងកំពុងតែបន្តរីកកាន់តែធំឡើងៗ ហើយក្រុមប្រដាប់អាវុធក៏កំពុងពង្រីកខ្លួនកាន់តែខ្លាំង ហេតុផលជាច្រើនបានបង្ហាញពីភាពមិនប្រាកដប្រជាមួយចំនួនពាក់ព័ន្ធនឹងការអាចកើតមានជម្លោះដ៏ធំ។

    មូលហេតុទី ១ គឺពាក់ព័ន្ធនឹងរបបយោធា។ ខណៈរបបយោធាបានបង្ហាញថា ខ្លួននៅតែជាកងកម្លាំងដ៏ឃោរឃៅ។ រហូតមកដល់ពេលនេះការឆ្លើយតបរបស់របបយោធានៅតាមតំបន់ជនបទជាច្រើនមានលក្ខណៈមិនសូវខ្លាំងក្លាដូចសព្វដងនោះទេ។

    ជំនួសឱ្យការបង្ក្រាបទ្រង់ទ្រាយធំ ទៅលើក្រុមប្រឆាំងក្នុងលក្ខណៈជាការបោសសម្អាតដ៏ឃោរឃៅ របបយោធាបែរជាបានជ្រើសយកការវាយប្រហារតាមអាកាស សំដៅលើជនស៊ីវិល នៅក្នុងទីក្រុង Hpapun ដើម្បីជាការឆ្លើយតបទៅនឹងការវាយលុកជំរុំរបស់ខ្លួននៅតាមដងទន្លេ Salween ខណៈពេលដែលយោធាក៏បានបើកការវាយប្រហារទាំងតាមផ្លូវគោក និងផ្លូវអាកាសដើម្បីដណ្តើមទីតាំងបន្ទាយ Alaw Bum នៅក្នុងរដ្ឋកាឈិនមកវិញផងដែរ។

    ប្រសិនបើប្រតិបត្តិការវាយប្រហាររបស់កងទ័ពនៃក្រុមជនជាតិ ភាគតិច (EAO) និងកងកម្លាំងការពារពលរដ្ឋ (PDF) នៅតែបន្តកើតមាននៅភាគខាងកើតប្រទេស ដូចជានៅរដ្ឋ Kachin រដ្ឋ Shan និងរដ្ឋ Karen នោះទាហានរបស់របបយោធា ក៏អាចនឹងបង្កើនការឆ្លើយតបរបស់ខ្លួន ហើយក៏អាចឈានទៅដល់ការរៀបចំប្រតិបត្តិការបោសសម្អាតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះផងដែរ។

    នាពេលថ្មីៗនេះទាហានរបស់របបយោធាកំពុងបង្កើនការប្រើប្រាស់យន្តហោះដ្រូននៅតាមតំបន់ប្រជុំជននិង នៅតំបន់ភាគឦសានរបស់ប្រទេសដើម្បីកំណត់គោលដៅវាយប្រហារលើកងកម្លាំងការពារពលរដ្ឋ (PDF) ក៏ប៉ុន្តែប្រតិបត្តិការនេះនៅមានទ្រង់ទ្រាយតូចនៅឡើយ។

    ច្បាស់ណាស់ ប្រតិបត្តិការទ្រង់ទ្រាយធំពីសំណាក់ទាហានរបស់របបយោធាក៏អាចនឹងរងនូវការឆ្លើយតបវិញកាន់តែខ្លាំងពីសំណាក់កងកម្លាំងជនជាតិភាគតិច (EAO) និងកងកម្លាំងការពារពលរដ្ឋ (PDF) ផងដែរហើយចំណុចទាំងនេះគឺជាកត្តាដែលមិនអាចធ្វើឱ្យសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំកើតមានឡើងបាន។

    ទាំងកងកម្លាំងជនជាតិភាគតិច ឬកងកម្លាំងការពារពលរដ្ឋរបស់រដ្ឋាភិបាលស្រមោល សុទ្ធតែមិនមានអាវុធ និងគ្រាប់រំសេវច្រើននោះទេ ហើយពួកគេក៏មិនបានទទួលការគាំទ្រពីកម្លាំងបរទេសណាមួយនោះដែរ ខណៈពេលដែលទាហានមីយ៉ាន់ម៉ាមានបំពាក់ទៅដោយអាវុធយ៉ាងរឹងមាំ។

    នៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ កងកម្លាំងជនជាតិភាគតិចអាចពឹងផ្អែកលើប្រទេសជិតខាងមីយ៉ាន់ម៉ាដើម្បីទទួល បានការគាំទ្រទាំងផ្នែកនយោបាយនិងសម្ភារៈ។ ក៏ប៉ុន្តែករណីនេះមិនអាចកើតមានទៀតនោះទេសម្រាប់ពេលនេះ។

    ប្រទេសថៃ និងចិនមិនមានចំណាប់អារម្មណ៍ក្នុងការបង្កអស្ថិរភាពកាន់តែខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ជាពិសេសគឺប្រទេសចិនដែលកំពុងតែទទួលបានផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រកាន់តែច្រើនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងបំពង់បង្ហូរឧស្ម័នដ៏សំខាន់ដែលបានរត់កាត់ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់មហាសមុទ្រឥណ្ឌា។

    ចាប់ពីឆ្នាំ ១៩៨៨ មកប្រទេសថៃបានដកការគាំទ្រចេញពីក្រុមកងកម្លាំងនៃជនជាតិភាគតិច នៅតាមបណ្តោយព្រំដែន ដោយសារតែថៃក៏កំពុងស្វះស្វែងបង្កើតទំនាក់ទំនងផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែល្អជាមួយប្រទេសមីយ៉ាន់ម៉ានៅក្រោមគោលនយោបាយប្រែក្លាយ «ពីសមរភូមិទៅជាទីផ្សារ» វិញ។

    ដូចនេះ ថៃនឹងមិនគាំទ្រដល់ការបង្កឱ្យមានអស្ថិរភាពជាថ្មីនៅតាមព្រំដែនដែលអាចនឹងធ្វើឱ្យមានលំហូរចូលនៃជនភៀសខ្លួនទ្រង់ទ្រាយធំ និងការវាយប្រហារមកលើភូមិរបស់ប្រជាជនថៃ នៅតាមព្រំដែននោះទេ។

    បើគ្មានការជួយពីសំណាក់ប្រទេសទាំង ២ នេះទេ កងកម្លាំងនៃជនជាតិភាគតិច ក៏ដូចជាកងកម្លាំងការពារពលរដ្ឋរបស់រដ្ឋាភិបាលស្រមោលនឹងមិនអាចទទួលបានការគាំទ្រជាសម្ភារៈយោធានោះទេ។

    ការងើបបះបោររបស់ជនជាតិភាគតិច មីយ៉ាន់ម៉ាគឺពឹងផ្អែកខ្លាំងទៅលើអាវុធនិងគ្រាប់រំសេវដែលទទួលបានពីទីផ្សារងងឹតនៅប្រទេសថៃ និងចិន។ បើគ្មានការជួយសម្រួលពីទីក្រុងបាងកកនិងប៉េកាំងទេ ការជួញដូរអាវុធទាំង នេះនឹងជួបនូវការលំបាក។

    ទីផ្សារងងឹតនៅក្នុងតំបន់អាចនឹងជួយបំពេញតម្រូវការសម្រាប់ការបះបោរទ្រង់ទ្រាយតូចក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត ក៏ប៉ុន្តែវានឹងមិនអាចជួយផ្គត់ផ្គង់សម្រាប់ការធ្វើសង្គ្រាមទ្រង់ទ្រាយធំដូចនៅស៊ីរី ឬសូម៉ាលី នោះទេ។

    កងកម្លាំងជនជាតិ ភាគតិចជាច្រើនក៏បានធ្វើការបង្កើនស្តុកអាវុធរបស់ពួកគេក្នុងរយៈ ពេល ១០ ឆ្នាំចុងក្រោយនេះផងដែរ។ ក៏ប៉ុន្តែ បើគ្មានការជួយពីប្រទេសជិតខាងនោះទេ អាវុធដែលបានស្តុកទុកទាំងនេះនឹងថយចុះយ៉ាងលឿន នៅពេលមានប្រតិបត្តិការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ។ ហើយនៅពេលដែលពួកគេត្រូវត្រៀមអាវុធនិងគ្រាប់រំសេវ ដើម្បីការពារតំបន់របស់ពួកគេពីការវាយប្រហារពីសំណាក់របបយោធា ពួកគេក៏នឹងមិនអាចចែករំលែកអាវុធរបស់ពួកគេជាមួយនឹងកងកម្លាំងការពារពលរដ្ឋ (PDF) បាននោះដែរ។

    សេណារីយ៉ូនៃការអាចកើតមានជម្លោះប្រដាប់អាវុធរយៈពេលវែង គឺស្ថានភាពដែលស្រដៀងគ្នានឹងអ្វីដែល បានកើតមាននៅមីយ៉ាន់ម៉ាកាលពីចន្លោះឆ្នាំ ១៩៨៩ ដល់ ២០១១។

    នៅពេលនោះ កងកម្លាំងប្រដាប់អាវុធជាច្រើនបានយល់ព្រមចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីបទឈប់បាញ់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ខណៈដែលក្រុមផ្សេងទៀតនៅតែបន្តការប្រយុទ្ធក្នុងទ្រង់ទ្រាយតូចៗនៅតាម
    ព្រំដែនប្រទេសថៃ។

    នៅពេលនោះ សម្ព័ន្ធភាពនៃកងកម្លាំងជនជាតិភាគតិចបានចាប់ផ្តើមបែកបាក់ ដោយសារតែកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នារបស់សមាជិកសំខាន់ៗ ដូចជាក្រុម KIO នៅ ក្នុងឆ្នាំ ១៩៩៤ និងក្រុម «New Mon State Party» (NMSP) នៅក្នុងឆ្នាំ ១៩៩៥ ។

    នៅពេលនេះ មានតែក្រុម KIO ប៉ុណ្ណោះដែលបានចេញមកប្រយុទ្ធជាមួយរបបយោធា។ គេរំពឹងថានឹងអាចមានប្រតិបត្តិការវាយប្រហារពីសំណាក់ទ័ពព្រៃក្នុងទ្រង់ទ្រាយតូចៗទៅលើទាហានមីយ៉ាន់ម៉ាដែលអាចដឹកនាំដោយកងកម្លាំងជនភាគតិចមួយចំនួន និងកងកម្លាំងការពារពលរដ្ឋរបស់រដ្ឋាភិបាលស្រមោល ហើយពួកគេអាចប្រើប្រាស់ទម្រង់ជាសកម្មភាពវាយឆ្មក់នៅតាមទីក្រុង ដូចជាការលួចធ្វើឃាត ឬការវាយប្រហារដោយគ្រាប់បែក។

    ច្បាស់ណាស់ថា «របបយោធានឹងដាក់ពង្រាយទ័ពជាច្រើន នៅតាមទីក្រុង»។ ប៉ុន្តែ វាអាចនឹងមិនមានការប្រយុទ្ធគ្នាតាមដងផ្លូវខ្លាំងក្លាដូចអ្វីដែលបានកើតឡើង នៅស៊ីរី, សូម៉ាលី និងកន្លែងផ្សេងទៀតនោះទេ។

    កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ជាពិសេសអ្នកដែលបានបន្តគោរពបទឈប់បាញ់គ្នា បានចេញសេចក្តីថ្លែងការណ៍ថា «ពួកគេនឹងមិនធ្វើការចរចា លើបញ្ហានយោបាយទេ រហូតដល់ពេលមានរដ្ឋាភិបាល ស្របច្បាប់មួយនៅទីក្រុង Naypyidaw»។

    ប៉ុន្តែ គេសង្កេតឃើញមានចំណុចសំខាន់ៗមួយចំនួន៖

    • ទី ១ ៖ គឺនៅពេលនេះ ប្រទេសថៃទំនងជានឹងធ្វើការរឹតត្បឹតកាន់ខ្លាំងនៅតាមបណ្តោយព្រំដែន ជាពិសេសនៅខេត្ត Mae Sot ដែលអាចនឹងបង្កការរាំងស្ទះដល់ការបង្កើតទីតាំងសម្រាប់ក្រុមជនជាតិ ភាគតិចនិងក្រុមប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។
    • ចំណុចធំទី ២ ៖ គឺដំណើរការសន្តិភាពពាក់ព័ន្ធនឹងការពិភាក្សាផ្នែកនយោបាយអាចនឹងមានដំណើរការទៅមុខលឿនជាងការរំពឹងទុក។

    បើទោះបីជាប្រទេសមីយ៉ាន់ម៉ាអាចនឹងឈានជើងចូលដល់ដំណាក់កាល នៃជម្លោះដ៏ឃោរឃៅ នៅពេលដ៏ខ្លីខាងមុខក៏ដោយ ក៏សង្គ្រាម ស៊ីវិលនៅមីយ៉ាន់ម៉ាទំនងជានឹងពិបាកវិវឌ្ឍទៅជាសកម្មភាពអនាធិបតេយ្យ ដូចអ្វីដែលកំពុងកើតមាន នៅទីកន្លែងផ្សេងៗ ទៀតណាស់៕ Asia Times 

    អត្ថបទទាក់ទង