ខ្មែរប៉ុស្ដិ៍ Close

ទំនាក់ទំនង អាមេរិក-ចិន ៖ ក្រោមការដឹកនាំរបស់ Joe Biden តើសង្គ្រាមពាណិជ្ជកម្មនឹងនៅតែបន្តកើតមានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1297
ទំនាក់ទំនង អាមេរិក-ចិន ៖ ក្រោមការដឹកនាំរបស់ Joe Biden តើសង្គ្រាមពាណិជ្ជកម្មនឹងនៅតែបន្តកើតមានដែរឬទេ? ទំនាក់ទំនង អាមេរិក-ចិន ៖ ក្រោមការដឹកនាំរបស់ Joe Biden តើសង្គ្រាមពាណិជ្ជកម្មនឹងនៅតែបន្តកើតមានដែរឬទេ?

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៦ លោក Trump បានសន្យាថា លោកនឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិនដែល បង្កឡើងដោយការអនុវត្តមិនបានត្រឹមត្រូវរបស់ចិន ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានដូចជាការលួចកម្មសិទ្ធិបញ្ញា, ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ, ការខ្វះខាតទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន និងទីតាំងប្រកួតប្រជែងដែលមានលក្ខណៈមិនស្មើភាពគ្នាដែលបណ្តាលមកពីការឧបត្ថម្ភធន របស់ទីក្រុងប៉េកាំង។

ទន្ទឹមនឹងនេះ ប្រទេសចិនបានយល់ថា «សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមទប់ស្កាត់ការកើនឡើងរបស់ខ្លួនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក»។

សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោក ហើយពាណិជ្ជកម្មនៅក្រៅប្រទេសរបស់ចិន ក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ បន្ទាប់ពីចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០១ ដោយក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងចិនមានចំនួនសរុបជិត ៥៥៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។

ប៉ុន្តែ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មិនមានភាពស៊ីសង្វាក់គ្នានោះទេ ដោយសហរដ្ឋអាមេរិកបានទទួលរងនូវឱនភាពពាណិជ្ជកម្មដ៏ធំជាមួយប្រទេសចិន។ បញ្ហានេះបានក្លាយជាបញ្ហានយោបាយដ៏ធំមួយក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ ២០១៦ ។

នៅមុនពេលកើតសង្គ្រាមពាណិជ្ជកម្ម ឱនភាពពាណិជ្ជកម្មអាមេរិកបានកើនឡើងដល់ ៣៧៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដែលបានកើនឡើងពី ១០៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០០២។ ឱនភាពនេះបានបន្តកើនឡើងដល់ ៣៧៨ ពាន់លានដុល្លារនៅឆ្នាំ ២០១៨។

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បានចាប់ផ្តើមនៅថ្ងៃទី ៦ កក្កដា ២០១៨ នៅពេលដែលអាមេរិកបានសម្រេចដាក់ពន្ធ ២៥% លើការនាំចូលរបស់ចិន ដែលមានតម្លៃ ៣៤ ពាន់លានដុល្លារ។ បញ្ហានេះបានបន្តកើនឡើងកាន់តែតានតឹងដោយសហរដ្ឋអាមេរិកនិងចិន បានធ្វើការដាក់ពន្ធនាំចូលលើផលិតផលរបស់គ្នាទៅវិញទៅមក។

នៅចុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដាក់ពន្ធគយលើទំនិញចិនដែលមានតម្លៃរហូតដល់ទៅជាង ៣៦០ ពាន់លានដុល្លារ ខណៈដែលប្រទេសចិនបានសងសឹកវិញជាមួយនឹងការដាក់ពន្ធលើទំនិញនាំចូលរបស់អាមេរិកដែលមានតម្លៃប្រមាណ ១១០ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិនត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១៥ មករា ២០២០ ហើយបទប្បញ្ញត្តិនានាបានចូលជាធរមាននៅមួយខែបន្ទាប់។ លោក Trump និងប្រធានចរចារបស់ចិន គឺលោកឧបនាយករដ្ឋមន្រ្តី Liu He បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឯសេតវិមាន។

នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសចិនបានយល់ព្រមទិញទំនិញ និងសេវាកម្មរបស់អាមេរិកបន្ថែមចំនួន ២០០ ពាន់លានដុល្លារ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ការទិញបន្ថែមទាំងនេះរួមមានការចំណាយ ៧៧ ពាន់លានដុល្លារទៅក្នុងវិស័យផលិតកម្ម, ៥២ ពាន់លានដុល្លារទៅលើថាមពល, ៣២ ពាន់លានដុល្លារទៅលើទំនិញកសិកម្ម និង ៣៨ ពាន់លានដុល្លារទៅលើវិស័យសេវាកម្ម ហើយការចំណាយមួយចំនួនផ្សេងទៀតគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍, សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្ម «Cloud»

ប្រទេសចិនក៏បានសន្យាថានឹងដករបាំងពន្ធមួយចំនួនដែលបានដាក់លើទំនិញនាំចេញរបស់សហរដ្ឋអាមេរិកផងដែរ ដែលរួមមានសាច់គោ, សាច់ជ្រូក, បសុបក្សី, អាហារសមុទ្រ, ផលិតផលធ្វើពីទឹកដោះគោ, អង្ករ, ទឹកដោះគោទារក, ចំណីសត្វនិងជីវបច្ចេកវិទ្យា។

កិច្ចព្រមព្រៀងនេះក៏បានធ្វើឱ្យអាមេរិកផ្អាកផែនការដាក់ពន្ធបន្ថែម ១៥% លើមុខទំនិញចិនដែលមានទំហំគិតជាទឹកប្រាក់ ប្រមាណជា ១៦២ ពាន់លានដុល្លារ ហើយការដាក់ពន្ធ ចំនួន ១៥% លើការនាំចូលរបស់ចិនចំនួន ១១០ ពាន់លានដុល្លារ ក៏បានថយចុះមកនៅត្រឹម ៧,៥%។

យោងតាមរបាយការណ៍របស់ «Peterson Institute for International Economics» ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ការនាំចេញទំនិញនៅក្នុងដំណាក់កាលទី ១ របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បានធ្លាក់ ចុះជាងគោលដៅចំនួន ៤០%។ របាយការណ៍ក៏បានឱ្យដឹងទៀតថា «ការនាំចូលទំនិញ របស់ចិនដែលគ្របដណ្ដប់ដោយកិច្ចព្រមព្រៀងនៅដំណាក់កាលទី១ គឺបានកើនជាង ១៣% ក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅ
នឹងឆ្នាំ ២០១៩»។

នៅឆ្នាំ ២០២០ ការទិញទំនិញផលិតកម្មរបស់ចិន (Manufacturing Goods) ដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សម្រេចបានត្រឹមតែ ៥៧% នៃគោលដៅប៉ុណ្ណោះ ដោយក្នុងនោះផលិតផលដូចជារថយន្ត, រថយន្តដឹកទំនិញនិងគ្រឿងបន្លាស់អាចសម្រេចបាន ៤០% នៃ គោលដៅ ខណៈដែលយន្តហោះ, គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់អាចសម្រេចបានត្រឹមតែ ១៨%នៃ គោលដៅប៉ុណ្ណោះ។

ទោះយ៉ាងណា ផលិតផល Semicondutor និងឧបករណ៍ផលិតធាតុ Semicondutor បានកើនលើសគោលដៅចំនួន ២៧% ដែលនេះក៏ដោយសារតែអតិថិជនចិន បូករួមទាំងក្រុមហ៊ុន Huawei បានស្តុកទុកផលិតផលទាំងនេះ ពីព្រោះពួកគេគិតថា «សហរដ្ឋអាមេរិកអាចនឹងរឹតត្បិតលើការនាំចេញផលិតផល បែបនេះ ដោយសារ វាមានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ»។

ការលក់ផលិតផល វេជ្ជសាស្ដ្រទៅកាន់ប្រទេសចិនអាចសម្រេចបាន ១១១% នៃគោលដៅដោយសារតែការកើនឡើងនូវតម្រូវការ ដែលបង្កឡើងដោយការរាតត្បាតនៃវីរុសកូវីដ-១៩។ នៅឆ្នាំ ២០២០ ការនាំចេញផលិតផលកសិកម្មមានចំនួន ១៨% ទាបជាងគោលដៅ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសចិនក៏បានដកការរឹតត្បិតលើការនាំចូលទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ ដែលរួមមានទាំងបសុបក្សី, សាច់ជ្រូក, សណ្តែក និងប្រភេទស្រូវ Barley។

របាយការណ៍បានឱ្យដឹងថា «ការនាំចូលផលិតផលថាមពលរបស់ប្រទេសចិនអាចសម្រេចបានត្រឹមតែ ៣៧% ប៉ុណ្ណោះ ខណៈឧស្ម័នធម្មជាតិអាចសម្រេចបាន ៨៩% នៃគោលដៅ ហើយធ្យូងថ្មអាចសម្រេចបានត្រឹម ១៤% និងប្រេងឆៅអាចសម្រេចបាន ៤៥%។

មុនពេលឡើងកាន់តំណែងជាប្រធានាធិបតី លោក Joe Biden បាន បញ្ជាក់ថា លោកនឹងមិនចាត់វិធានការបន្ទាន់ណាមួយដើម្បីលើកលែងពន្ធដែលរដ្ឋបាល Trump បានដាក់លើការនាំចូលរបស់ចិននោះ ទេរហូតដល់មានការត្រួតពិនិត្យឡើងវិញទាំងស្រុងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី 1 និងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ដែលបាន បោះពុម្ពផ្សាយនៅ ដើមខែធ្នូ ឆ្នាំ ២០២០ លោក Biden បាន និយាយថា «យុទ្ធសាស្ត្រចិនដ៏ល្អបំផុតគឺការធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់ទាំងនៅអាស៊ី និងអឺរ៉ុបមានការស្រុះស្រួលគ្នា»។

លោក Biden ក៏បានឱ្យដឹងដែរថា «គោលនយោបាយពាណិជ្ជកម្មរបស់លោកនឹងផ្តោតលើការអនុវត្តយ៉ាងរំលោភបំពានរបស់ចិន ដែលរួមមានការលួចកម្មសិទ្ធិបញ្ញា, ការឧបត្ថម្ភធនដោយខុសច្បាប់ដល់សាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ»។

នៅខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋមន្រ្តីរតនាគារអាមេរិក លោកស្រី Janet Yellen បានប្រាប់ CNBC ថា «ពន្ធគយលើប្រទេសចិនដែលដាក់ដោយរដ្ឋបាល Trump នឹងត្រូវបន្តរក្សាទុកជាបណ្តោះអាសន្នសិន»។

តំណាងពាណិជ្ជកម្មថ្មីរបស់អាមេរិក លោកស្រី Katherine Tai បាន និយាយនៅក្នុងខែមីនា ឆ្នាំ ២០២១ ថា «កិច្ចប្រជុំពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅពេលវេលាសមស្របណាមួយ ហើយពន្ធគយរបស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ចិននឹងនៅតែជា រឿងដែលត្រូវបន្តពិភាក្សា»។

ប្រភពដែលដឹងអំពីបញ្ហានេះ បានឱ្យដឹងនៅដើមខែឧសភានេះថា «អ្នកចរចាកំពូលៗផ្នែកពាណិជ្ជកម្មមកពីប្រទេសចិន និងរដ្ឋបាលរបស់លោក Biden បាននិងកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកការត្រួតពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១»។

នៅខែឧសភា ឆ្នាំ ២០២១ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានលើកឡើងថា «ពួកគេអាចនឹងធ្វើការក្នុងនាមជាដៃគូ ដើម្បីឱ្យប្រទេសនានា ដូចជាចិនទទួលខុសត្រូវចំពោះការអនុវត្តគោលនយោបាយ ដែលបានបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្ម»។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញដោយអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Tai, រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo និងអនុប្រធានប្រតិបត្តិរបស់គណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis៕ South China Morning Post

អត្ថបទទាក់ទង