ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ នៅចុងសប្តាហ៍ទីបី នៃខែឧសភានេះ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1531
    កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ នៅចុងសប្តាហ៍ទីបី នៃខែឧសភានេះកម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ នៅចុងសប្តាហ៍ទីបី នៃខែឧសភានេះ

    គិតត្រឹមសប្តាហ៍ទីបីនៃខែឧសភានេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើក ដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ចំនួនភ្ញៀវទេសចរសរុបបានកើនឡើង ៦.១១ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងទៅ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា នៅចុងសប្តាហ៍ទីបីនៃខែឧសភា គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១នាក់ កើន ឡើង ៦.១១ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧នាក់ កើនឡើង ៥.៨៤ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤នាក់ កើនឡើង ១៣.៧៨ភាគរយ។

    ឯកឧត្តម​រដ្ឋមន្ត្រី​បានបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបាន អនុញ្ញាតឱ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមាន ចំនួនប្រមាណ ១៣១,៤៩០នាក់។ គោលដៅទេសចរណ៍សំខាន់ៗដែលមាន ភ្ញៀវទេសចរ ច្រើនជាងគេនាចុងសប្តាហ៍កន្លងមកនេះមាន៖ ខេត្តកំពតចំនួន១០,៩៤២នាក់, ខេត្តកែបចំនួន ៧,២៥៧នាក់, ខេត្តបាត់ដំបងចំនួន ៦,៩៣០នាក់, ខេត្តសៀមរាបចំនួន ៦,០៣៣នាក់, ខេត្តកំពង់ស្ពឺចំនួន ៣,៨៩០នាក់, ខេត្តព្រះសីហនុចំនួន ៣,២១៦នាក់ និងខេត្តពោធិ៍សាត់ ចំនួន២,៧៥៣នាក់។

    ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចលនាភ្ញៀវទេសចរនេះ មិនមានការប្រែប្រួលខ្លាំងទេធៀបនឹងសប្តាហ៍កន្លងមក ពោលគឺភ្ញៀវភាគច្រើននៅតែជាភ្ញៀវ ក្នុងខេត្តនៅឡើយ ហើយភ្ញៀវទេសចរពីភ្នំពេញនៅមិនទាន់មានចំនួនច្រើននៅឡើយ។

    ឯកឧត្តមថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ (បន្ទាប់ពី រាជរដ្ឋាភិបាលបានបើកដំណើរការឡើងវិញ) ហាក់មានការកើនឡើងយឺតនៅឡើយ ដោយ សារស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងនៅតាមខេត្តមួយចំនួន ដែលធ្វើឱ្យអាជ្ញាធរនៅ បន្តប្រយ័ត្នប្រយែងខ្លាំង ក្នុងការបើកទទួលភ្ញៀវទេសចរនៅតាមគោលដៅមួយចំនួន។

    ឯកឧត្តម​រដ្ឋមន្ត្រី​បានបន្តថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅ តែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួនដើម្បីលើកទឹកដល់ភ្ញៀវទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំង រួចរាល់ផងដែរ ដូចជារមណីយដ្ឋានវីគិរីរម្យ (Vkirirom) ក្នុងខេត្តកំពង់ស្ពឺ (បញ្ចុះតម្លៃ ២៥ភាគរយ សម្រាប់បន្ទប់ស្នាក់នៅ) រមណីយដ្ឋានកន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២ ក្នុងខេត្តសៀមរាប (បញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ការបាញ់ធ្នូ និង ១០ភាគរយ សម្រាប់ការទទួលអាហារ) ជាដើម៕