ខ្មែរប៉ុស្ដិ៍ Close

    លោក ឃួង ស្រេង ច្រានចោលព័ត៌មានដែលថា ទីក្រុងភ្នំពេញនឹងត្រូវបិទខ្ទប់ជាថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2088
    លោក ឃួង ស្រេង ច្រានចោលព័ត៌មានដែលថា ទីក្រុងភ្នំពេញនឹងត្រូវបិទខ្ទប់ជាថ្មីលោក ឃួង ស្រេង ច្រានចោលព័ត៌មានដែលថា ទីក្រុងភ្នំពេញនឹងត្រូវបិទខ្ទប់ជាថ្មី

    នៅយប់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលនូវព័ត៌មានដែលថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ-១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះហាក់មានការកើនឡើងជាថ្មី។

    លោក ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធរួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ-១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។

    អភិបាលរាជធានីភ្នំពេញបានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ។ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។

    លោកក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញឡើងវិញនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

    សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសហាក់មានការកើនឡើងវិញ ខណៈរាជធានីភ្នំពេញ ក៏កើននូវចំនួនអ្នកឆ្លងដូចគ្នានេះដែរ ជាហេតុធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលវិធានការចំពោះតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់លឿង ទៅជាតំបន់លឿងទុំវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ៕

    អត្ថបទទាក់ទង