ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសដាណឺម៉ាកបានជួយអាមេរិកស៊ើបការណ៍ លើលោកស្រី Angela Merkel និងសម្ព័ន្ធមិត្តអឺរ៉ុប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1086
    ប្រទេសដាណឺម៉ាកបានជួយអាមេរិកស៊ើបការណ៍ លើលោកស្រី Angela Merkel និងសម្ព័ន្ធមិត្តអឺរ៉ុបប្រទេសដាណឺម៉ាកបានជួយអាមេរិកស៊ើបការណ៍ លើលោកស្រី Angela Merkel និងសម្ព័ន្ធមិត្តអឺរ៉ុប

    ប្រព័ន្ធផ្សព្វផ្សាយរបស់ដាណឺម៉ាក និងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបផ្សេងទៀត បានឱ្យដឹងថា «ទីភ្នាក់ងារចារកម្ម យោធារបស់ប្រទេសដាណឺម៉ាកបានជួយសហរដ្ឋអាមេរិកក្នុងការស៊ើបការណ៍លើបណ្តាអ្នកនយោបាយអឺរ៉ុប ឈានមុខគេ ដែលរួមមានទាំងអធិការបតីអាល្លឺម៉ង់ គឺលោកស្រី Angela Merkel» ផងដែរ។

    វិទ្យុ Danmarks Radio បានលើកឡើងថា «ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ដែលធ្លាប់បានលួចចូលក្នុងប្រព័ន្ធទូរសព្ទរបស់លោក ស្រី Merkel និងដែលត្រូវបានលាតត្រដាងដោយលោក Edward Snowden នៅឆ្នាំ ២០១៣ ក៏បានប្រើសេវាកម្មស៊ើបការណ៍ផ្នែកការពារជាតិរបស់ដាណឺម៉ាក (Danish Defence Intelligence Service-FE) ដើម្បីស៊ើបការណ៍លើមន្រ្តីនៅស៊ុយអែត, ន័រវែស និងបារាំងផងដែរ»។

    វិទ្យុនេះបានលើកឡើងដោយដកស្រង់ប្រភពអនាមិកចំនួន ៩ ដែលបានដឹងអំពីបញ្ហានេះថា «ការចោទប្រកាន់ទាំងនេះ មាននៅក្នុងរបាយការណ៍ផ្ទៃក្នុងស្តីពីតួនាទីរបស់ទីភ្នាក់ងារ FE នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូឃ្លាំមើលជាមួយទីភ្នាក់ងារ NSA ពីឆ្នាំ ២០១២ ដល់ ២០១៤»។

    ទីភ្នាក់ងារ NSA បានប្រើប្រាស់ខ្សែកាបព័ត៌មានរបស់ដាណឺម៉ាកដើម្បីស៊ើបការណ៍លើមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលរួមមានអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងមេដឹកនាំគណបក្សប្រឆាំង លោក Peer Steinbrück។

    គេមិនច្បាស់ទេថា «តើរដ្ឋាភិបាលដាណឺម៉ាកបានអនុញ្ញាតឱ្យទីភ្នាក់ងារ នេះប្រើខ្សែកាបព័ត៌មាននេះដែរឬក៏អត់»។

    រដ្ឋមន្រ្តីក្រសួងការពារជាតិដាណឺម៉ាក គឺលោកស្រី Trine Bramsen ដែលបានកាន់កាប់មុខតំណែងផ្នែកការពារជាតិនៅ ក្នុងខែមិថុនា ឆ្នាំ ២០១៩ ត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានអំពីការធ្វើចារកម្មនេះកាលពីខែសីហាឆ្នាំមុន ហើយលោកស្រីបានប្រាប់វិទ្យុ Danmarks Radio ថា «ការលួចស្តាប់សម្ព័ន្ធមិត្តជិតស្និទ្ធក្នុងលក្ខណៈជាប្រព័ន្ធបែបនេះ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ» ។

    រដ្ឋមន្រ្តីបារាំងទទួល បន្ទុកកិច្ចការអឺរ៉ុប លោក Clément Beaune បាននិយាយថា «របាយការណ៍នេះគឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់ ប្រសិនបើវាត្រូវបានបញ្ជាក់ថាជាការពិតមែន។ យើងចាំបាច់ត្រូវពិនិត្យមើលថា តើដៃគូរបស់យើងនៅក្នុងសហភាពអឺរ៉ុប គឺដាណឺម៉ាក ពិតជាបានប្រព្រឹត្តកំហុសឆ្គងនៅក្នុងកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយទីភ្នាក់ងារអាមេរិកមែនឬអត់។ រវាងសម្ព័ន្ធមិត្ត ការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិ គឺជារឿងចាំបាច់បំផុត»។

    អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់បាននិយាយថា ខ្លួនបានដឹងអំពីការចោទប្រកាន់នេះ បន្ទាប់ពីត្រូវបានសួរដោយអ្នកសារព័ត៌មាន និងបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

    លោក Steinbrück ដែលជាអតីតមេដឹកនាំគណបក្ស Social Democratic Party (SPD) បានឱ្យដឹងថា «សកម្មភាពរបស់ទីភ្នាក់ងារ NSA និង FE គឺជារឿងអាស្រូវនយោបាយ»។

    លោកទទួលស្គាល់ថា «បណ្តារដ្ឋលោកខាងលិចពិតជាមានភាពចាំបាច់ក្នុងការប្រើប្រាស់សេវាកម្មស៊ើបការណ៍សម្ងាត់ ប៉ុន្តែវាគឺជារឿងដ៏អាក្រក់បំផុត នៅពេលដែលសេវាកម្មស៊ើបការណ៍សម្ងាត់បានជ្រៀតជ្រែក និងធ្វើចារកម្មលើតំណាងកំពូលៗរបស់ប្រទេសដទៃទៀត»។

    វិទ្យុ Danmarks Radio បានផ្សព្វផ្សាយការចោទប្រកាន់នេះនៅល្ងាចថ្ងៃអាទិត្យ នៅក្នុងការស៊ើបអង្កេតរួមគ្នាជាមួយទូរទស្សន៍ស៊ុយអ៊ែត SVT,ទូរទស្សន៍ន័រវែស NRK, កាសែតបារាំង Le Monde, ទូរទស្សន៍អាល្លឺម៉ង់ NDR និង WDR និងបណ្តាញសារព័ត៌មានអាល្លឺម៉ង់ Suddeutsche Zeitung។

    បណ្តាញផ្សាយព័ត៌មានដាណឺម៉ាក បានឱ្យថា «ទីភ្នាក់ងារ NSA អាចទទួល បានសារ, ការហៅទូរស័ព្ទ, ចរាចរអ៊ីនធើណេត បូករួមទាំងការស្វែងរក (Search) និងការឆាត (Chat) ដោយសារភាពជាដៃគូរបស់ខ្លួនជាមួយនឹងទីភ្នាក់ងារ FE ។ ដាណឺម៉ាកដែលជា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក មានស្ថានីយខ្សែកាបអុីនធើណេតនៅក្រោមសមុទ្រ ដែលមានទំនាក់ទំនងទាំងទៅនឹងមកពីប្រទេសស៊ុយអែត, ន័រវែស, អាល្លឺម៉ង់, ហូឡង់ និងអង់គ្លេស»។

    ទាំងទីភ្នាក់ងារ FE និងអតីតនាយករបស់ភ្នាក់ងារនេះ គឺលោក Lars Findsen មិនបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នេះទេ។ លោក Findsen និងមន្រ្តី FE ចំនួន ៣នាក់ផ្សេងទៀត ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុន បន្ទាប់ពីមានការរិះគន់និងការចោទប្រកាន់អំពីការធ្វើខុសយ៉ាងធ្ងន់ធ្ងរដែលផ្តើមចេញពីការស៊ើបអង្កេតផ្ទៃក្នុងដែលបាន ចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥។

    ទីភ្នាក់ងារ NSA ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។ រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Peter Hultqvist បានទាមទារឱ្យមានព័ត៌មានពេញលេញ ខណៈដែលសមភាគីរបស់លោកនៅក្នុងប្រទេសន័រវែស គឺលោក Frank Bakke-Jensen បាននិយាយថា «ការចោទប្រកាន់នេះនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត»។

    ប្រសិនបើរបាយការណ៍ទាំងនេះគឺជាការពិត នោះការធ្វើចារកម្មអាចកើតឡើងក្នុងអំឡុងពេល ឬក្រោយពេលកើតមានរឿងរ៉ាវ «Snowden Affair» ក្នុងឆ្នាំ ២០១៣ នៅពេលដែលអតីតអ្នកទទួលម៉ៅការការងារបន្តពីទីភ្នាក់ងារ សន្តិសុខជាតិ (NSA) គឺលោក Edward Snowden បានទម្លាយឯកសារសម្ងាត់រាប់ពាន់ដែល លាតត្រដាងនូវប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដ៏ធំរបស់អាមេរិក ដែលបានធ្វើឡើងបន្ទាប់ពីការវាយ ប្រហារ ១១ កញ្ញា ២០០១។

    កាលពីថ្ងៃអាទិត្យ លោក Snowden បានចោទប្រកាន់លោក Joe Biden ថា បានចូលរួមយ៉ាងជ្រាលជ្រៅនៅក្នុងកិច្ចការងារនេះនៅក្នុងដំណាក់កាលដំបូង តាំងពីលោកនៅធ្វើជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោកអូបាម៉ាមកម៉្លេះ។

    លោក Snowden បានអំពាវនាវនៅលើបណ្តាញសង្គម «Twitter» ដើម្បីឱ្យមានការលាតត្រដាងទាំងស្រុងជាសាធារណៈ មិនត្រឹមតែពីប្រទេសដាណឺម៉ាកប៉ុណ្ណោះទេ ប៉ុន្តែក៏ពីដៃគូជាន់ខ្ពស់របស់ពួកគេផងដែរ។

    អតីតអ្នកទទួលម៉ៅការការងារបន្តពីទីភ្នាក់ងារសន្តិសុខជាតិរូបនេះបានរងនូវការចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទលួចទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល ការបញ្ចេញព័ត៌មានការពារជាតិដោយគ្មានការអនុញ្ញាត និងការបញ្ចេញព័ត៌មានស៊ើបការណ៍សម្ងាត់ដោយចេតនា ហើយខណៈពេលនេះលោកកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី៕ The Guardian

    អត្ថបទទាក់ទង