ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់ព័ត៌មានលម្អិតនៃ អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ទៅនឹង Profile របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1952
រដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់ព័ត៌មានលម្អិតនៃ អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ទៅនឹង Profile របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់ព័ត៌មានលម្អិតនៃ អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ទៅនឹង Profile របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

ដោយលើកឡើងអំពីគោលបំណងក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ ការក្លែងបន្លំ ក៏ដូចជាខ្លឹមសារបង្ហោះផ្សាយដែលមានលក្ខណៈផ្ទុយនឹងច្បាប់ រដ្ឋាភិបាលថៃកំពុងពិចារណាភ្ជាប់អត្តសញ្ញាណបណ្ណរបស់ប្រជាជនខ្លួន ទៅនឹង Profiles របស់ពួកគេនៅលើបណ្តាញសង្គម។

យោងតាមរបាយការណ៍របស់កាសែត Bangkok Post ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមរបស់ថៃ (Digital Economy and Society Ministry) បានលើកឡើងថា «ការធ្វើបែបនេះក៏នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើបណ្តាញសង្គមផងដែរ»។

រដ្ឋមន្ត្រី Chaiwut Thanakamanusorn បានឱ្យដឹងថា «សេចក្តីព្រាងច្បាប់ស្តីពីបញ្ហានេះអាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រ (Computer Crimes Act)»។

លោករដ្ឋមន្ត្រីរូប នេះបានបន្ថែមថា «ក្រសួងមានភាពចាំបាច់បន្ទាន់ក្នុងការបញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក៏ដូចជាខ្លឹមសារបង្ហោះផ្សាយដែលផ្ទុយនឹងច្បាប់ នៅលើបណ្តាញសង្គម ហើយការដាក់ស្នើចុងក្រោយដើម្បីឱ្យមានសេចក្តីព្រាងច្បាប់នេះបានកើតមាន បន្ទាប់ពីមានការព្រួយបារម្ភជាច្រើនដែលបានលើកឡើងដោយទីភ្នាក់ងារសន្តិសុខ (Security Agencies)»។

លោកបានបន្តថា «វិធានការនេះក៏មានគោលបំណងក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល ក៏ដូចជាដើម្បីផ្តល់ការគាំទ្រដល់កំណើននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅលើបណ្ដាញសង្គមផងដែរ»។

លោកបានឱ្យដឹងទៀតថា «វិធានការ នេះក៏អាចជាការដោះស្រាយនូវបញ្ហានៃការរីកសាយភាយនៃព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ខណៈដែលមនុស្សមួយចំនួនក៏ត្រូវបានកាត់ទោសរួចហើយដែរពីបទជួយផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត។ ការប្រើប្រាស់រូបតំណាង (Avatar) នៅលើ Profile ក្នុងបណ្ដាញសង្គម ជំនួសឱ្យរូបពិត រួមជាមួយនិងការផ្ដល់អាស័យដ្ឋានអ៊ីមែល និងលេខទូរសព្ទក្លែងក្លាយ បានបង្កជាការលំបាកក្នុងការតាមដានរកជនល្មើស»។

ក្រសួងរបស់លោក Chaiwut បានធ្វើសន្និសីទកាសែតកាល​ពីថ្ងៃទី ២៤ ខែឧសភា បន្ទាប់ពីមនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ស្ដីអំពីឧក្រិដ្ឋកម្មកុំព្យូទ័រ បន្ទាប់ពីពួកគេបានបង្ហោះផ្សាយនូវខ្លឹមសារមិនពិតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ប្រទេសថៃ។ មនុស្ស ១២ នាក់ផ្សេងទៀតត្រូវបានបញ្ជាឱ្យលុបមាតិកា ដែលពួកគេបានចុះផ្សាយ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការកាត់ទោស។

លោក Chaiwut បានទទួលស្គាល់ថា «ក្រសួងរបស់លោកនឹងត្រូវការកិច្ចសហការពីបណ្ដាញសង្គម ប្រសិនបើព័ត៌មាននៃអត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ ពិតជានឹងត្រូវភ្ជាប់ជាមួយនឹង Profile របស់ពួកគេនៅលើបណ្ដាញសង្គមមែន។ បទប្បញ្ញត្តិនិងគោលការណ៍ណែនាំនានាកំពុងត្រូវបានព្រាង ហើយអាចនឹងរួចរាល់នៅខែក្រោយនេះ»។

ទន្ទឹមនឹងនេះ កាសែត Bangkok Post បានរាយការណ៍ថា «អ្នកជំនាញខាងទូរគមនាគមន៍អនាមិកម្នាក់បាននិយាយថា អ្នកដែលចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គមនឹងតម្រូវឱ្យផ្ដល់អាស័យដ្ឋានអ៊ីមែល រួមជាមួយនឹងលេខទូរសព្ទ»។

រាល់លេខទូរសព្ទចល័តនៅក្នុងប្រទេសថៃ ក៏សុទ្ធតែមានភ្ជាប់ទៅនឹងអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកប្រើប្រាស់ផងដែរ ហើយព័ត៌មានទាំងនេះគឺគ្រប់គ្រាន់ហើយ សម្រាប់រដ្ឋាភិបាលថៃ ក្នុងការតាមដានរកអ្នកទាំងឡាយណាដែលបានប្រព្រឹត្តិខុស៕ The Thaiger

អត្ថបទទាក់ទង