ខ្មែរប៉ុស្ដិ៍ Close

    លទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1748
    លទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក

    ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានគោរពជម្រាបជូនសម្តេចតេជោ ចំពោះឱកាសនៃសហប្រតិបត្តិការប្រទេសទាំង២ រួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការ របស់កម្ពុជាលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាម ពលបៃតង និងបញ្ហាដទៃដទៃទៀតជាច្រើន។

    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ Wendy R. Sherma បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ មកកាន់កម្ពុជានៅ ពេលនេះ គឺដើម្បីនាំយកលិខិតរបស់ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គោរពជូនសម្តេចតេជោ ដោយផ្ទាល់។ លោកជំទាវ បានបន្ថែមថា នេះគឺជាបំណងល្អរបស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន ដោយធ្វើយ៉ាងណា ឱ្យអ្វីៗ មានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

    លោកជំទាវ Wendy R. Sherman បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើន ជាពិសេសលើវិស័យរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ក៏ដូចជា ការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើកប៉ាល់ ដោយប្រទេសដទៃទៀតមិនអនុញ្ញាតឲ្យចូល ដោយសារបញ្ហាជំងឺកូវីដ-១៩។

    លើសពីនោះទៅទៀត លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរ ចំពោះឱកាសនៃសហប្រតិបត្តិការប្រទេសទាំង២ រួមមាន ទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការរបស់កម្ពុជាលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃដទៃទៀតជាច្រើន។

    ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះអ្វីដែលលោកជំទាវ បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជារួមមាន៖ ការចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ការរួមចំណែកអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ជួយកម្ពុជា ដោយផ្ទាល់ និងដោយប្រយោលតាមរយៈអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

    ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋចូអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ ដែលឆ្លុះបញ្ចាំងតាមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការ ថយចុះនៃការរីករាលដាលឆ្លងជំងឺ កូវីដ-១៩ នៅសហរដ្ឋអាមេរិក គួរជាទីកត់សម្គាល់ ។

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនលោកជំទាវផងដែរ នូវអ្វីដែលលោកជំទាវបានលើកឡើង ជាពិសេស ការដោះស្រាយបញ្ហាបំណុល។

    សម្តេចបានស្នើសុំឱ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ចូ បៃដិន ពិចារណាដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមរយៈទ្វេភាគី ដោយ៖

    • ទី១-អនុញ្ញាតឲ្យ​កម្ពុជា សងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
    • ទី២-សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើស ឬត្រឹម ១%
    • និងទី៣-បំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺសំណងចំនួន ៧០% ហើយត្រូវបង្វិលជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យ​អប់រំ, វិស័យវប្បធម៌, វិស័យដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។

    លើសពីនោះទៀត សម្ដេច ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញនូវនៅកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជា ត្រឡប់មកពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ។

    ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវបានសន្យាថា អ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវ នឹងលើកទៅជូនឯកឧត្តមប្រធានាធិបតី ចូ បៃដិន ផងដែរ៕ Swift News