ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាល បានចំណាយថវិកា ៣២២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2182
    រាជរដ្ឋាភិបាល បានចំណាយថវិកា ៣២២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩រាជរដ្ឋាភិបាល បានចំណាយថវិកា ៣២២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

    រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាង៣២២លានដុល្លារ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ចាប់តាំងពីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

    អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ គាំពារសង្គម ដែលជារដ្ឋមន្រ្តី, រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖

    1. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន «អនុក្រឹត្យស្តីពីប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន» រៀបចំ និងស្នើឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គមជាសេនាធិការ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតបាននូវបទដ្នានគតិយុត្តគ្រប់គ្រាន់ ក្នុងការឈានទៅដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដោយអនុលោមតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលចូលជាធរមានកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិភាក្សា ដោយផ្លាស់ប្តូរយោបល់ ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាទិដ្ឋភាពបច្ចេកទេស លើការកំណត់កម្រិតប្រាក់បៀវត្ស ឬប្រាក់ឈ្នូលដែលត្រូវជាប់ភាគទាន សម្រាប់របបសន្តិសុខសង្គម ទាំងសម្រាប់ផ្នែកសោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ដោយគិតគូរថ្លឹងថ្លែងនូវបន្ទុកនានា ដែលនិយោជិត និងនិយោជកត្រូវបង់ និងអត្ថប្រយោជន៍ដែលកម្មករ-និយោជិត និងបុគ្គលក្នុងវិស័យសាធារណៈត្រូវទទួលបានជាការគាំពារក្រោមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

      ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចផ្តល់នូវធាតុចូលបន្ថែម ដើម្បីឲ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពពេញលេញ មុននឹងអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចយកសេចក្តីគោរពស្នើសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីដាក់ចេញឲ្យអនុវត្ត។

    2. ការចាប់ផ្តើមដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដល់ដំណាច់ឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយតាមដាន និងពិនិត្យមើលស្ថានភាពជាក់ស្តែង នៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩នេះ យ៉ាងយកចិត្តទុកដាក់។តាមស្ថានការនៃការបន្តប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ឥទ្ធិពលលើស្ថានភាពសង្គម-សេដ្ឋកិច្ច នៃព្រិត្តិការណ៍ ២០ កុម្ភៈ ២០២១, កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពគោលនយោបាយ និងបានឯកភាពគ្នាថា ស្ថានភាពបច្ចុប្បន្ន នៅមិនទាន់មានភាពអំណោយផល សម្រាប់ការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ នៅឡើយ។

      ក្នុងន័យនេះ, កិច្ចប្រជុំបានសម្រេចថា នឹងស្នើសុំរាជ-រដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឲ្យអនុវត្ត និងបន្តសិក្សា និងវាយតម្លៃស្ថានភាព នៃឥទ្ធិពលរបស់ ជំងឺកូវីដ-១៩ ជាប្រចាំ និងជាបន្តបន្ទាប់។

      កិច្ចប្រជុំ ក៏បានផ្តល់ការណែនាំដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ មុននឹងដាក់ឲ្យអនុវត្ត ដើម្បីជាការបង្កើនចំណេះដឹង ទាំងទៅលើគោលការណ៍ និងជាពិសេស ទៅលើអត្ថប្រយោជន៍ដែលជាការផ្តល់ការគាំពារដល់កម្មករ-នយោជិត ដោយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

    3. ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វឌ្ឍនភាពនៃការអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលគិតចាប់ពីពេលដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ ឧបត្ថម្ភ មានចំនួន ៦៩៣ ៩៣៣ គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១នាក់ (រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង, និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍) បានទទួលការឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមពិសេសនេះ ដោយរាជរដ្ឋាភិបាល បានចំណាយថវិកា សរុបចំនួន ១ ២៩១ ២៤៣ ៨៥៦ ០០០ រៀល ស្មើនឹង ៣២២,៨១ លានដុល្លារអាមេរិក។

    បើគិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវអនុវត្តបានរយៈពេល ពេញ១ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាន និងកំពុងទទួលបានការគាំពារ និងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ «កម្មវិធី» នេះ ក៏ទទួលបានការសាទរផងដែរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។

    ដើម្បីត្រៀមខ្លួនអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងជំហានបន្ទាប់ ដោយយោងតាមបិរបទ និងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩, អង្គប្រជុំ បានពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំបន្ថែម លើការគិតគូរអំពីជំហានដែលត្រូវអនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកលើការរក្សាបាន នូវលំនឹងផ្នែកជីវភាព រស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងនៅពេលដែលស្ថានភាព មានភាពប្រសើរឡើង៕

     

    អត្ថបទទាក់ទង